(ភ្នំពេញ)៖ មន្ទីរបរិស្ថានខេត្តមណ្ឌលគីរី បានចេញសេចក្តីបំភ្លឺឱ្យថា កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ ទំព័រហ្វេសប៊ុក RFA បានផ្សព្វផ្សាយ ព័ត៌មានមិនពិតទាក់ទងនឹងមន្ត្រីបរិស្ថានហាមឃាត់មិនឱ្យប្រជាពលរដ្ឋនៅឃុំរយ៉លើដងជ័របោះ ក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគីរី។

មន្ទីរបរិស្ថាន សូមបញ្ជាក់ជូនថា បុគ្គល យ៉ល់ ផ្លាន ជាសមាជិកសហគមន៍ចុះបញ្ជីដីសមូហភាពជនជាតិដើមភាគតិចភូមិមេមុំ(កំពុងដំណើការ) ស្ថិតក្នុងភូមិមេមុំ ឃុំរយ៉លើ ស្រុកកោះញែក ខេត្តមណ្ឌលគីរី បានលួចសាងសង់រោងខុសច្បាប់ សម្រាប់ស្នាក់អាស្រ័យដងជ័រឡោះ ក្នុងដែនជម្រកសត្វព្រៃភ្នំព្រេចក្នុងភូមិសាស្ត្រខេត្តមណ្ឌលគីរី ។

តាមរយៈសេចក្តីបំភ្លឺរបស់ខ្លួនមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានបញ្ជាក់ថា៖ «ផ្ទុយទៅវិញមិនត្រឹមតែដងជ័រឡោះទេ បុគ្គល យ៉ល់ ផ្លាន បានប្រព្រឹត្តបទល្មើស ប្រមាញ់ដោយដាក់អន្ទាក់ចាប់សត្វព្រៃដោយខុសច្បាប់ ក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច ដែលផ្ទុយនឹងច្បាប់ហាមឃាត់ នៅហ្នឹងកន្លែងរោងស្នាក់របស់បុគ្គល យ៉ល់ ផ្លាន (ដូចមានឃើញក្នុងរូប) មន្ត្រីឧទ្យានុរក្ស បានរកឃើញសំណាកសាច់សត្វព្រៃមួយចំនួន រួមមានសាច់ជ្រូកព្រៃ (ភ្លៅ) ចំនួនមួយ មានទម្ងន់ប្រមាណ ៣គីឡូក្រាម, ក្បាលជ្រូកព្រៃចំនួនមួយ មានសភាពដុតរោមកម្លោះចក្រៀម និងសំណាកសាច់សត្វព្រៃមួយចំនួនទៀត»

ជាមួយគ្នានេះ មន្ត្រីជំនាញក៏បានរកឃើញខ្សែអន្ទាក់ចាប់សត្វព្រៃប្រភេទដែក និងជ័រមួយចំនួន ព្រមទាំងឧបករណ៍កែច្នៃសម្រាប់ចងជាខ្សែអន្ទាក់ផងដែរ។ វត្ថុតាងទាំងអស់ត្រូវបានមន្ត្រីឧទ្យានុរក្សដកហូត និងដុតកម្ទេចចោល ដែលជាហេតុធ្វើឱ្យបុគ្គលនេះ បានចងគំនុំ ចំពោះមន្ត្រីឧទ្យានុរក្សដែលបានអនុវត្តច្បាប់ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។

ហេតុដូចនេះ បុគ្គល យ៉ល់ ផ្លាន បានចោទប្រកាន់មកលើមន្ត្រីមានសមត្ថកិច្ចខុសពីការពិតលើករណី ហាមឃាត់មិនឱ្យដងជ័របោះទៅវិញ និងបានរាយការណ៍ព័ត៌មានភូតកុហក បោកប្រាស់ ដើម្បីបិទបាំងការប្រព្រឹត្តបទល្មើសរបស់ខ្លួនជាមួយសារព័ត៌មានហ្វេសប៊ុក RFA ដែលផ្សាយខុសវិជ្ជាជីវៈ ដោយគ្មានប្រភពច្បាស់លាស់ មានបំណងបោកប្រាស់ ប្រឌិត បំភ្លៃបំផ្លើស និងមានចេតនាញុះញង់ធ្វើឱ្យសាធារណជនមានការភាន់ច្រឡំប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការសាធារណៈ ដែលកំពុងអនុវត្តច្បាប់ ក្នុងបុព្វហេតុការពារ និងអភិរក្សធនធានធម្មជាតិ។ ករណីនេះ មន្ត្រីជំនាញបានចាត់វិធានការដោយបន្តតាមនីតិវិធីច្បាប់ជាធរមាន៕

ខាងក្រោមនេះជាការបំភ្លឺរបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី៖