(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានផ្ញើសាររំលែកទុក្ខ ជូនដល់លោកស្រី Kobkarn Wattanavrangkul រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងកីឡាថៃ ចំពោះការចូលទីវង្គត របស់ព្រះចៅ ភូមិបុល អាឌុលយ៉ាដេត ព្រះមហាក្សត្រនៃប្រទេសថៃ ដើម្បីចូលរួមគោរព ព្រះវិញ្ញាណក្ខន្ធព្រះមហាក្សត្រថៃ។
ក្នុងសារលិខិតរបស់ លោករដ្ឋមន្រ្តី ថោង ខុន ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦នេះ បានឱ្យដឹងថា «ខ្ញុំបានទទួលដំណឹងយ៉ាងក្រៀមក្រំបំផុត អំពីការយាងចូលទីវង្គតរបស់ព្រះចៅ ភូមិបុល អាឌុលយ៉ាដេត (Bhumibol Adulyadej) ព្រះមហាក្សត្រថៃ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ កន្លងទៅនេះ។ ព្រះរាជាណាចក្រថៃទាំងមូល មិនត្រឹមតែបានបាត់បង់ព្រះអង្គ ដែលជាព្រះមហាក្សត្រប៉ុណ្ណោះទេ ថែមទាំងបានបាត់បង់ ព្រះបីតាស្ថាបនិកមួយរូប នៃប្រទេសជាតិផងដែរ។ ព្រះចៅ ភូមិបុល អាឌុលយ៉ាដេត បានលះបង់ព្រះកាយពល ក្នុងមួយព្រះជន្មរបស់ព្រះអង្គ ក្នុងការកសាងប្រទេសថៃ ឱ្យមានសុខសន្តិភាព វិបុលភាព និងសុភមង្គលដល់ប្រជាជនថៃ»។
លោក ថោង ខុន បានបន្តថា «ក្រោមព្រះរាជកិច្ចដឹកនាំដ៏ភ្លឺស្វាង និងព្រះរាជបូនីយកិច្ចដ៏ធំធេងរបស់ព្រះអង្គ ចំពោះប្រជារាស្រ្តថៃ គឺជាសក្ខីភាពដ៏វិសេសវិសាល ដែលបញ្ជាក់ថា ព្រះអង្គ គឺជាព្រះវិរក្សត្រមួយអង្គ ក្នុងសតវត្សនេះ ដែលនឹងទទួលបានការចងចាំជានិច្ច ពីសំណាក់ប្រជារាស្រ្តថៃ និងពិភពលោកទាំងមូល។
ស្ថិតក្នុងកាលៈទេសៈ មរណៈទុក្ខដ៏ក្រៀមក្រំ សម្រាប់លោកស្រីរដ្ឋមន្រ្តី ក្រសួងទេសចរណ៍ថៃ ក៏ដូចជាសម្រាប់ប្រជាជនថៃ និងប្រទេសថៃទាំងមូល ក្នុងនាមក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្ដែងនូវសមានចិត្តដ៏ជ្រាលជ្រៅបំផុត និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះការបាត់បង់ដ៏ធំធេងនេះ ជូនចំពោះព្រះមហាក្សត្រីយានី ព្រះរាជវង្សានុវង្ស រាជរដ្ឋាភិបាល និងប្រជារាស្រ្តថៃទាំងអស់»។
សូមជម្រាបថា ព្រះចៅ ភូមិបុល អាឌុលយ៉ាដេត ព្រះមហាក្សត្រប្រទេសថៃ បានសោយទិវង្គត នៅពីរសៀល ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ កន្លងទៅ ក្នុងព្រះជន្ម៨៩ព្រះវស្សា។ ដើម្បីកាន់ទុក្ខការសោយទិវង្គតរបស់ព្រះមហាក្សត្រថៃនេះ រដ្ឋាភិបាលថៃបានប្រកាសឱ្យប្រជាពលរដ្ឋ ចូលរួមកាន់ទុក្ខរយៈពេល១ឆ្នាំ ផងដែរ៕
ខាងក្រោមនេះ ជាសារលិខិតរបស់លោករដ្ឋមន្រ្តី ថោង ខុន អំពីការចូលរួមរំលែកទុក្ខព្រះមហាក្សត្រថៃ ព្រះចៅ ភូមិបុល អាឌុលយ៉ាដេត៖