(ភ្នំពេញ)៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយទៀតហើយ បានកើតឡើងនៅល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះ ដោយបង្កដោយបុរសម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹងជោគជាំ បើករថយន្ដបុកម៉ូតូដែលបើកបរក្នុងទិសដៅផ្សេងគ្នា បណ្ដាលឲ្យអ្នកជិះម៉ូតូ៣នាក់ស្លាប់ ក្នុងនោះមានឪពុក និងកូនតូច២នាក់ ព្រមទាំងម្ដាយរងរបួសធ្ងន់ដាច់ជើង។

ហេតុការណ៍ដែលបន្សល់នូវភាពសោកសៅនេះកើតឡើងនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ជេីងឯក​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្ដបង្កម៉ាក Tacoma ពាក់ផ្លាកលេខភ្នំពេញ 2BS-1023 បុកជាមួយម៉ូតូម៉ាក Click ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1II-2330 ដែលជិះគ្នា៤នាក់ ក្នុងនោះមានឪពុក ម្ដាយ និងកូនតូច២នាក់ ស្រីម្នាក់ ប្រុសម្នាក់។ ជាអកុសលក្នុងហេតុការណ៍នេះ បានបណ្ដាលឲ្យកូនតូចៗទាំង២នាក់ រួមជាមួយឪពុកបានស្លាប់ភ្លាមៗ ខណៈម្ដាយរងរបួសធ្ងន់ដាច់ជើង។

តាមរយៈការចែកចាយនៅតាមបណ្ដាញសង្គម បានគូសបញ្ជាក់ថា ជនរងគ្រោះជាឪពុកដែលបាត់បង់ជីវិតនោះ ជាមន្ដ្រីយោធា នៅបញ្ជាការដ្ឋានអង្គរក្ស។ នេះជាហេតុការណ៍មួយដ៏សោកសៅជាទីបំផុត ហើយមហាជននៅតាមបណ្ដាញសង្គម Facebook បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំមួយនេះគ្រប់ៗគ្នា។

យ៉ាងណាមិញ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន សហការជាមួយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះទៅអន្ដរាគមន៍ភ្លាមៗនៅកន្លែងកើតហេតុ ដោយឃាត់ខ្លួនជនបង្កដែលជាអ្នកបើករថយន្ដ និងវាស់វែងទៅតាមផ្លូវច្បាប់។ ចំណែកអ្នករងរបួសត្រូវបានបញ្ជូនភ្លាមៗទៅសង្គ្រោះនៅមន្ទីរពេទ្យ។

សូមជម្រាបថា ហេតុការណ៍នេះ បានកើតឡើងរំលងប៉ុន្មានថ្ងៃបន្ទាប់ពីតារាច្រៀងរ៉េបម្នាក់ឈ្មោះ RuthKo ត្រូវបានរថយន្ដបុកស្លាប់ភ្លាមៗ នៅលើផ្លូវ៦០ម៉ែត្រដូចគ្នានេះ។ ទាំងពីរករណីនេះ មហាជនបានបង្ហាញនូវការសោកសង្រែងជាពន់ពេក ស្ទើរទប់ទឹកភ្នែកមិនបានគ្រប់ៗគ្នា ដោយសារតែគ្រោះថ្នាក់ដែលបានកើតឡើង សុទ្ធតែមានស្ថានភាពធ្ងន់ធ្ងរ ហើយអាយុជីវិតរបស់មនុស្សត្រូវបានកាត់ផ្ដាច់ភ្លាមៗ៕