(ភ្នំពេញ)៖ នាយកដ្ឋានដឹកជញ្ជូនផ្លូវគោកនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយសមត្ថកិច្ចក្នុងការចាត់វិធានការលើហ្វេសប៊ុក ហ្វេសប៊ុកផេក តិកតុក តេលេក្រាម និងប្រព័ន្ធបណ្តាញសង្គមនានា ដែលបានផ្សព្វផ្សាយខ្លឹមសារ ក្នុងន័យជាអ្នកបម្រើសេវាសាធារណៈរបស់ក្រសួងដូចជា ការផ្តល់សេវាសាធារណៈចុះបញ្ជីយានយន្ត ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ លិខិតអនុញ្ញាតឱ្យយានយន្តធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវគោកក្នុងប្រទេស បណ្ណបើកបរយានយន្ត និងបណ្ណអនុញ្ញាតបើកបរអន្តរជាតិ ដោយខុសច្បាប់។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និង ដឹកជញ្ជូន បានបញ្ជាក់ទៀតថា ព័ត៌មានដែលបានចុះផ្សាយលើទំព័រហ្វេសប៊ុក គណនីហ្វេសប៊ុក និងគណនីតេលេក្រាម ដែលមិនមានការអនុញ្ញាតពីក្រសួង គឺជាព័ត៌មានមិនពិត មានចរិតបង្កការភ័ន្តច្រឡំដល់សាធារណជន ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់នាយកដ្ឋាន អគ្គនាយកដ្ឋាន ក៏ដូចជាក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ។ នាយកដ្ឋាននឹងសហការជាមួយសមត្ថកិច្ចបន្តទៀតក្នុងការចាត់វិធានការតាមផ្លូវច្បាប់។

ជាមួយគ្នានេះនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក សូមជំរុញលើកទឹកចិត្ត និងអំពាវនាវដល់សាធារណជន បងប្អូនប្រជាពលរដ្ឋមេត្តាជៀសវាងការប្រើប្រាស់សេវាសាធារណៈក្រៅផ្លូវការ ដែលនាំឱ្យខាតបង់ពេលវេលា ព្រមទាំងថវិកា និងសូមមកទទួលសេវាសាធារណៈ នៅតាមមណ្ឌលផ្តល់សេវារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

សម្រាប់លេខទំនាក់ទំនងសាកសួរព័ត៌មានអំពីការផ្តល់សេវាសាធារណៈ សូមទាក់ទងលេខ ១២៧៥ ឬមកកាន់ផេក៖
- ក្រសួងសាធារណការ និងដឹកជញ្ជូន
Facebook: (https://www.facebook.com/mpwt.gov.kh)
- អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
Facebook: (https://www.facebook.com/gdlt.mpwt.gov.kh)
- នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
Youtube: (https://www.youtube.com/@dltkh@dltkh)
Instagram: (https://www.instagram.com/dlt_mpwt)
TikTok: (https://www.tiktok.com/@dlt.mpwt.gov.kh)