(ភ្នំពេញ)៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានឱ្យដឹងថា ការវិនិយោគផ្ទាល់ពីប្រទេសជប៉ុនមកកម្ពុជា នៅតែមានសក្តានុពលខ្លាំង ហើយកម្ពុជាកំពុងពិនិត្យលទ្ធភាពបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ជប៉ុន ដើម្បីទាក់ទាញនិងបំពេញតម្រូវវិនិយោគិនជប៉ុន។

ការបញ្ជាក់នេះក្នុងជំនួបពិភាក្សាការងាររវាងលោក វង្សី វិស្សុត ជាមួយគណៈប្រតិភូប្រទេសជប៉ុន ដឹកនាំដោយលោក Katsunobu Kato រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥។ ជំនួបពិភាក្សារវាងថ្នាក់ដឹកនាំទាំងពីរ គឺដើម្បីផ្លាស់ប្តូរយោបល់លើការងារមួយចំនួន ពាក់ព័ន្ធនឹងវឌ្ឍនភាពសម្រេចបានក្រោមកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន ព្រមទាំងពិភាក្សាលើសារសំខាន់នៃការបន្តពង្រឹងកិច្ចសហប្រតិបត្តិការនេះនាពេលបច្ចុប្បន្ន និងអនាគត។

លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានរំលេចអំពីកិច្ចសហការរវាងកម្ពុជានិងជប៉ុន ក្នុងរយៈពេលប្រមាណ៣០ឆ្នាំមកនេះ និងបានអរគុណចំពោះប្រទេសជប៉ុនដែលបានបន្តផ្តល់ហិរញ្ញប្បទាន សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (ODA) មកកម្ពុជា ជាពិសេសអំឡុងពេលដែលកម្ពុជាជួបការលំបាក ហើយជប៉ុនគឺជាដៃគូយ៉ាងសំខាន់ក្នុងការជួយកសាងនិងស្តារសន្តិភាពនៅកម្ពុជានៅគ្រប់ដំណាក់កាល រួមមាន ដំណាក់កាលទី១ ការកសាងសន្តិភាព, ដំណាក់កាលទី២ ការរក្សាសន្តិភាព, ដំណាក់កាលទី៣ ការស្តារឡើងវិញនីតិសម្បទា, និងដំណាក់កាលទី៤ ការអភិវឌ្ឍរហូតមកដល់បច្ចុប្បន្ន។

លោក វង្សី វិស្សុត បានបន្ថែមថា ប្រទេសជប៉ុនគឺជាដៃគូអភិវឌ្ឍទ្វេភាគីដ៏សំខាន់លំដាប់ទី២ ក្នុងក្របខ័ណ្ឌឥណទានសម្បទានទ្វេភាគី ហើយកាលពី១០ឆ្នាំមុនជប៉ុនឈរនៅលេខរៀងទី១។ ប្រទេសនិងប្រជាជនជប៉ុន តែងតែស្ថិតក្នុងបេះដូងប្រជាជនកម្ពុជាជានិច្ច។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការក៏បានលើកឡើងពីភាពជាដៃគូសេដ្ឋកិច្ចដ៏រឹងមាំរវាងកម្ពុជា-ជប៉ុន ដោយជប៉ុនបាននិងកំពុងក្លាយជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជា ឆ្លុះបញ្ចាំងតាមរយៈការបន្តកើនឡើងនូវពាណិជ្ជកម្មទ្វេភាគីជារៀងរាល់ឆ្នាំ។ វិនិយោគរបស់ប្រទេសជប៉ុនក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ក៏បានចូលរួមយ៉ាងវិជ្ជមានដល់ដំណើរអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការបង្កើតការងាររាប់ពាន់កន្លែង គួបផ្សំនឹងការកើនឡើងនូវផលិតភាពការងារជាដើម។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសង្កត់ធ្ងន់ពីគម្លាតនៃទំហំហិរញ្ញប្បទានដែលកម្ពុជាមានសមត្ថភាពខ្ចីបន្ថែម និងទំហំហិរញ្ញប្បទានដែលប្រទេសជប៉ុនអាចមានលទ្ធភាពផ្តល់ ដើម្បីបំពេញនូវតម្រូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ព្រមទាំងតម្រូវការផ្សារភ្ជាប់រវាង ODA និងការវិនិយោគផ្ទាល់ពីប្រទេសជប៉ុន (FDI) មកកម្ពុជា ដែលនៅមានសក្តានុពលច្រើន។ បច្ចុប្បន្ន ស្ថានភាពបំណុលសាធារណៈរបស់កម្ពុជាស្ថិតក្នុងភាពអាចគ្រប់គ្រងបាន ពោលគឺនៅតែមានចីរភាព និងហានិភ័យកម្រិតទាប។

លោកក៏បានលើកអំពីសារសំខាន់នៃ FDI សម្រាប់ប្រជាជន និងសេដ្ឋកិច្ចកម្ពុជា ហើយរាជរដ្ឋាភិបាលកម្ពុជាស្វាគមន៍និងត្រៀមខ្លួនដោះស្រាយបញ្ហា និងកង្វល់របស់វិនិយោគគិនជប៉ុននៅកម្ពុជា ជាក់ស្តែង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាននិងកំពុងគិតគូរពិនិត្យលទ្ធភាពបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ជប៉ុន ដើម្បីទាក់ទាញនិងបំពេញតម្រូវវិនិយោគិនជប៉ុន។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកអំពីសារសំខាន់ និងបញ្ហាប្រឈមមួយចំនួនក្នុងវិស័យ SME និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលក្នុងនោះកម្ពុជាមានតម្រូវការខ្ពស់លើការបណ្តុះបណ្តាលជំនាញ។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានគូសបញ្ជាក់នូវកិច្ចសហប្រតិបត្តិការហិរញ្ញប្បទាន ដែលប្រទេសជប៉ុនតែងតែយកចិត្តទុកដាក់ និងផ្តល់ការគាំទ្រមកកម្ពុជា នៅក្នុងវិស័យសំខាន់ៗ ដូចជា ការអភិវឌ្ឍកំពង់ផែ មន្ទីរពេទ្យ ផ្លូវ ស្ពាន ការផ្គត់ផ្គង់ទឹកស្អាតនិងថាមពល សហគ្រាសធុនតូចនិងមធ្យម បច្ចេកវិទ្យាឌីជីថល ព្រមទាំងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធធារាសាស្ត្រ និងបណ្តាញទូរគមនាគមន៍ជាដើម ដើម្បីបំពេញនូវការកើនឡើងនៃតម្រូវការរបស់កម្ពុជាក្នុងការឆ្លើយតបទៅនឹងដំណើរអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការក៏បានថ្លែងអំណរគុណដល់ការរួមចំណែករបស់ប្រទេសជប៉ុនចំពោះការអភិវឌ្ឍមូលធនមនុស្សរបស់កម្ពុជា ដែលជាអាទិភាពគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ តាមរយៈកម្មវិធីអាហារូបករណ៍កម្មវិធីបណ្តុះបណ្តាល និងគំនិតផ្តួចផ្តើមការកសាងសមត្ថភាពផ្សេងៗ។

លោក Katsunobu Kato បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចបាននូវវឌ្ឍនភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាលំដាប់។ លោករដ្ឋមន្រ្តីហិរញ្ញវត្ថុជប៉ុនបានកត់សម្គាល់នូវការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ពាក់ព័ន្ធនឹងតម្រូវការបង្កើនទំហំ ODA និងការទាក់ទាញវិនិយោគិនជប៉ុនមកកម្ពុជាផងដែរ។

លោករដ្ឋមន្រ្តីបានកោតសរសើរចំពោះលោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ដែលជាធនធានមនុស្សដ៏សំខាន់មួយរូប ក្នុងការចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសជាបុគ្គលស្នូលមួយរូបក្នុងដំណើរការនៃការពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន និងបានវាយតម្លៃខ្ពស់ក្នុងការប្រើប្រាស់ ODA ប្រកបដោយប្រសិទ្ធភាព គុណភាព និងតម្លាភាព។ លោកសង្ឃឹមថាលោកឧបនាយករដ្ឋមន្ត្រីប្រចាំការនឹងបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយជប៉ុន។

លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងការបន្តគាំទ្ររបស់ប្រទេសនិងប្រជាជនជប៉ុនក្នុងការចូលរួមចំណែកដល់ដំណើរវិវត្តរបស់កម្ពុជា ទាំងក្នុងវិស័យសេដ្ឋកិច្ច និងសង្គម ជាពិសេស លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា និងកសាងមូលដ្ឋានគ្រឹះសម្រាប់រក្សានិងជំរុញកំណើននាពេលអនាគត ដែលបច័្ចយវិជ្ជមានទាំងអស់នេះ គឺអាចសម្រេចបានមក តាមរយៈការគោរពគ្នាទៅវិញទៅមក តម្លៃរួមគ្នា និងចក្ខុវិស័យរួម សម្រាប់សន្តិភាព និងវិបុលភាព។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការបានរំលេចថា ឆ្នាំនេះគឺជាខួប២ឆ្នាំនៃកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងជប៉ុន និងជាខួបលើកទី៧២នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ដែលយើងនឹងបន្តខិតខំលើកកម្ពស់និងពង្រឹកបន្ថែមទៀត សំដៅផ្តល់ផលប្រយោជន៍នៃប្រទេសជាតិនិងប្រជាជនទាំងពីរ៕