(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ បានរៀបចំកម្មវិធីសិក្ខាសាលាបូកសរុបស្តីពីទីផ្សារបរធនបាលកិច្ចឆ្នាំ២០២៤ និងទិសដៅការងារបន្ត ក្រោមអធិបតីភាពលោក សុខ ដារ៉ា អគ្គនាយក ន.ប.ធ.។

សិក្ខាសាលាបូកសរុបនេះបានពិនិត្យឃើញថា ទីផ្សារបរធនបាលកិច្ចមានសម្ទុះ និងកំណើនយ៉ាងឆាប់រហ័ស ដែលមកដល់ពេលបច្ចុប្បន្ននេះ ចំនួនបរធនបាលកិច្ចដែលបានបង្កើត និងចុះបញ្ជីត្រឹមត្រូវតាមច្បាប់មានចំនួនរហូតដល់១,១១៤ករណី ជាមួយនឹងទំហំសរុបចំនួន១.៧៤២លានដុល្លារអាមេរិក ដែលបានគ្របដណ្តប់ដោយបរធនបាលកិច្ចពាណិជ្ជកម្ម បរធនបាលកិច្ចសាធារណៈ បរធនបាលកិច្ចហិរញ្ញវត្ថុ បរធនបាលកិច្ចសង្គម និងបរធនបាលកិច្ចបុគ្គល។

ដូចគ្នាផងដែរ ប្រតិបត្តិករដែលចូលរួមក្នុងទីផ្សារបរធនបាលកិច្ច ក៏មានចំនួនកើនឡើងគួរឱ្យកក់សម្គាល់ផងដែរ ដែលក្នុងនោះក្រុមហ៊ុនបរធនបាលចំនួន១៣, ធនាគារពាណិជ្ជដែលជាប្រតិបត្តិករបរធនបាលផ្តល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុកចំនួន២៥ធនាគារ, បរធនបាលរូបវន្តបុគ្គលចំនួន៦៥រូប និងក្រុមហ៊ុនផ្តល់សេវាវាយតម្លៃចំនួន១៦ និងក្រុមហ៊ុនផ្តល់សេវាសវនកម្មចំនួន១៥។

សិក្ខាសាលាបូកសរុបនេះមានការចូលរួមពីមន្រ្តីជំនាញជាន់ខ្ពស់ពាក់ព័ន្ធក្នុងទីផ្សារបរធនបាលកិច្ច និងប្រតិបត្តិករក្នុងវិស័យបរធនបាលកិច្ច និងបានពិភាក្សាយ៉ាងសកម្មទៅលើបញ្ហាប្រឈមក្នុងប្រតិបត្តិការការអនុវត្តកន្លងមក ព្រមទាំងការកំណត់ទិសដៅសម្រាប់ឆ្នាំ២០២៥ ដែលក្នុងមានការបន្តជំរុញអភិវឌ្ឍន៍ទីផ្សារ និងផលិតផលបរធនបាលកិច្ចដែលមានស្រាប់ បន្តការបណ្តុះបណ្តាល ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងជាសាធារណៈ ការភិវឌ្ឍទីផ្សារ និងផលិតផលបរធនបាលកិច្ចថ្មីៗបន្ថែមទៀត ដូចជា បរធនបាលកិច្ចគ្រួសារ បរធនបាលកិច្ចសង្គមបរិស្ថាន និងការចាប់យកឱកាសពីបច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីៗសម្រាប់ការគ្រប់គ្រងនិងប្រតិបត្តិការទីផ្សារ៕