(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ បានចេញ​សេចក្តីប្រកាសព័ត៌មាន អំពីករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សី លើបុរស​អាយុ២៨ឆ្នាំ នៅស្រុកចំការលើ ខេត្តកំពង់ចាម ។​

ក្រសួងសុខាភិបាលបានបញ្ជាក់ថា មានអ្នកជំងឺផ្តាសាយបក្សីចំនួន ០១ករណី កើតលើបុរសអាយុ ២៨ឆ្នាំ និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ ដែលមាន ទីលំនៅក្នុងភូមិលេខ២២ ឃុំចម្ការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម។

ទោះជាមានការយកចិត្តទុកដាក់ថែទាំ និងជួយសង្គ្រោះពីសំណាក់ក្រុមគ្រូពេទ្យក៏ដោយ ដោយសារអ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរ រួមមានគ្រុនក្តៅ ក្អក ហត់ និងពិបាកដកដង្ហើម អ្នកជំងឺបានស្លាប់នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥។ តាមការសាកសួរបង្ហាញថា ផ្ទះអ្នកជំងឺ មានចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារ ហើយបុរសនេះជាអ្នកថែទាំ និងបានយកមាន់ឈឺមកធ្វើម្ហូបបរិភោគ។

ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការជាមួយក្រុមការងារនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្មលើការកើតឡើងនូវជំងឺផ្តាសាយបក្សី និងធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រ និងពិធីសារបច្ចេកទេស បន្តការស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងបន្តស្វែងរកករណីសង្ស័យនិង អ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀតក្នុងសហគមន៍ ព្រមទាំងចែកជូនឱសថតាមីហ្គូ (Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ។

ក្រសួងសុខាភិបាល សូមក្រើនរំលឹកសារជាថ្មីម្តងទៀត ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្ន លើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់ សុខភាពប្រជាពលរដ្ឋយើង ហើយក៏សូមជម្រាបដល់បងប្អូន ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ហូរសំបោរ ឬ ពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺ ឬងាប់ក្នុងអំឡុង១៤ថ្ងៃមុនថ្ងៃចាប់ផ្តើម មានរោគសញ្ញា សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន និងត្រូវស្វែងរកការពិគ្រោះយោបល់ និងការ ពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតឱ្យបានឆាប់ទាន់ពេលវេលា ជៀសវាងការពន្យារពេល ធ្វើឱ្យប្រឈមនឹងហានិភ័យខ្ពស់ដូចអ្នកជំងឺនេះ៕