(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា បានផ្ញើសារលិខិតជូន លោក ចាវ ឡីជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន ដោយចូលរួមរំលែកទុក្ខ ចំពោះសោកនាដកម្ម នៃការបាត់បង់ អាយុជីវិត ការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់ ព្រមទាំងការផ្លាស់ទី លំនៅរបស់ប្រជាជនជាច្រើនគ្រួសារ បណ្តាលមកពីគ្រោះធម្មជាតិរញ្ជួយដី ដែលបានវាយប្រហារតំបន់ស្វយ័ត ស៊ីហ្សាង (Xizang) ប្រទេសចិន។

សម្តេចបានបញ្ជាក់ថា៖ «ខ្ញុំពិតជាមានក្តីសោកស្តាយជាពន់ពេក នៅពេលបានទទួលដំណឹងអំពីសោកនាដកម្ម នៃការបាត់បង់ អាយុជីវិត ការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់ ព្រមទាំងការផ្លាស់ទី លំនៅរបស់ប្រជាជនជាច្រើនគ្រួសារ បណ្តាលមកពីគ្រោះធម្មជាតិរញ្ជួយដី ដែលបានវាយប្រហារតំបន់ស្វយ័ត ស៊ីហ្សាង (Xizang) កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ»។

សម្តេចសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយ ឯកឧត្តមប្រធាន និងតាមរយៈ ឯកឧត្តម សូមជូនចំពោះក្រុមគ្រួសារនៃជនរងគ្រោះដែលបានបាត់បង់ ជីវិត និងរងរបួសដោយគ្រោះធម្មជាតិដ៏កាចសាហាវនេះ។

ក្នុងពេលវេលាដ៏សោកសៅនេះ សម្តេចសូមចូលរួមសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំ និង រំលែកទុក្ខជាមួយ ឯកឧត្តមប្រធាន និងប្រជាជនចិន។ សម្តេចសូមជូនពរឱ្យការស្តារតំបន់រងគ្រោះដោយការ រញ្ជួយដីខាងលើត្រូវបានស្ថាបនាឡើងវិញយ៉ាងឆាប់រហ័ស និងសូមជូនពរឱ្យប្រជាជនដែលទទួលរងគ្រោះឆាប់ បានជាសះស្បើយឡើងវិញ៕