(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ តេង សាវង្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូកម្ពុជា ដែលមានសមាសភាពមកពី អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អគ្គស្នងការដ្ឋាន នគរបាលជាតិ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងក្រសួងសុខាភិបាល ទៅចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី អាស៊ានស្តីពីគ្រឿងញៀន ពីថ្ងៃទី១៨ ដល់២១ ខែតុលា ឆ្នាំ២០១៦ នៅប្រទេសសឹង្ហបូរី។ គម្រោងចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី អាស៊ានស្តីពីគ្រឿងញៀនរបស់កម្ពុជា នាពេលនេះធ្វើឡើង តបតាមការអញ្ជើញ របស់លោក K. Shanmugam រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជារដ្ឋមន្រ្តីនីតិកម្ម សឹង្ហបូរី ។
មន្រ្តីអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានបញ្ជាក់ថា កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាននឹងពិនិត្យ និងសម្រេចលើ របៀបវារៈមួយចំនួនរួមមាន៖
- លទ្ធផលកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានលើកទី៣៧ ស្តីពីបញ្ហាគ្រឿងញៀន (ASOD 37th) នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២២-២៥ ខែកញ្ញា ឆ្នាំ២០១៦
- វឌ្ឍនភាពនៃកិច្ចប្រជុំគណៈកម្មការគ្រឿងញៀន CND (Commission on Narcotics Drug) លើកទី៥៩ នៅអង្គការសហប្រជាជាតិប្រចាំទីក្រុងវីយ៉ែន ប្រទេសអូទ្រីស កាល ពីថ្ងៃទី១៤ ដល់១៦ ខែមីនា ឆ្នាំ២០១៦ ស្តីពីជំហ៊ររបស់អាស៊ានប្រឆាំង នឹងគ្រឿងញៀន
- វឌ្ឍនភាពស្តីពីយុទ្ធសាស្រ្តថ្មីរបស់អាស៊ានប្រឆាំងនឹងគ្រឿងញៀន ដែលបានដាក់ជូន មហាសន្និបាតពិសេសអង្គការសហប្រជាជាតិ UNGASS (United Nations General Assembly Special Section នៅញ៉ូយកកាលពី ខែមេសា ឆ្នាំ២០១៦
- ឯកសារនៃកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងចិនក្នុងការឆ្លើយតប ទៅនឹងគ្រោះថ្នាក់ នៃគ្រឿងញៀន ដែលហៅកាត់ថាអាក់ខត (ACCORD) និងឯកសារចុងក្រោយ
- រៀបចំផែនការយុទ្ធសាស្រ្ត១០ឆ្នាំ របស់អាស៊ានដែលមានឈ្មោះថា សន្តិសុខសហ គមន៍ប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ Securing Communi tie s Against Illicit Drugs ឆ្នាំ២០១៦-២០២៥ ដោយ ផ្តោតទៅលើវិស័យមួយចំនួន ដូចជា៖ អប់រំ បង្ការ, ពង្រឹងការអនុវត្តច្បាប់, ការព្យាបាលនិងស្តារនីតិសម្បទា, ការស្រាវជ្រាវ, ការអភិវឌ្ឍតាមរយៈជម្រើសផ្សេងៗនិងកិច្ចសហប្រតិបត្តិការនៅក្រៅតំបន់។
គួរបញ្ជាក់ថា កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី អាស៊ានស្តីពីគ្រឿងញៀននាពេលនេះ មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំជាន់ខ្ពស់អាស៊ានទទួលបន្ទុកគ្រឿងញៀនទំាង ១០ប្រទេស និងលេខាធិការអាស៊ានមួយចំនួនទៀត៕