(ភ្នំពេញ)៖ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា គុណភាពខ្យល់នៅកម្ពុជា មានភាពល្អប្រសើរ រហូតមកទល់ពេលនេះមិនទាន់រកឃើញកំហាប់ភាគល្អិតនិចល PM2.5 កើនឡើងដល់កម្រិតប៉ះពាល់ដល់សុខភាពគួរឱ្យព្រួយបារម្ភដូចប្រទេសជិតខាងនោះទេ។ ខណៈការចោទប្រកាន់ពីសំណាក់សារព័ត៌មានអន្តរជាតិមួយចំនួនថាកម្ពុជា ជាប្រភពបំពុលបរិយាកាសដល់ប្រទេសជិតខាង គឺមិនពិតនោះទេ។
នៅក្នុងឱកាសផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះ លោក ខ្វៃ អាទិត្យា បានបញ្ជាក់ថា ការត្រួតពិនិត្យគុណភាពខ្យល់ បានមើលឃើញថាកំហាប់និចលនៅក្នុងប្រទេសកម្ពុជា រយៈពេល២៤ម៉ោង គឺស្មើនឹង ២៥.៤៩ មីក្រូក្រាម ក្នុង១ម៉ែត្រគូប (µg/m3) ចំណុចនេះគឺជាលទ្ធផលការត្រួតពិនិត្យគុណភាពខ្យល់នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ ម្សិលមិញ។
លោក ខ្វៃ អាទិត្យា បានបន្ថែមថា បើងាកមើលកំហាប់និចល ភាគល្អិតក្នុងការបំពុលបរិយាកាសនៅក្នុងឆ្នាំ២០២៤កន្លងមកនេះ ក្រសួងបរិស្ថាន បានរកឃើញជាមធ្យមក្នុងរយៈពេល១ឆ្នាំពេញ កម្រិតគុណភាពខ្យល់នៅកម្ពុជា មានត្រឹមតែ ១៤.១១មីក្រូក្រាម ក្នុង១ម៉ែត្រគូប (µg/m3) ដូច្នេះ ស្ថានភាពនេះស្ថិតនៅក្រោមស្តង់ដាដែលជាកម្រិតតូចជាងកម្រិតស្តង់ដា ៥០ug/m3 កំណត់ដោយអង្គការសុខភាពពិភពលោក (WHO) ហើយដែលមិនចោទជាបញ្ហាគួរឱ្យព្រួយបារម្ភដូចការផ្សព្វផ្សាយរបស់មតិអន្តរជាតិ និងសារព័ត៌មានមួយចំនួនទេ។
លោក ខ្វៃ អាទិត្យា បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ប្រទេសកម្ពុជា មិនទាន់មានការបំពុលបរិយាកាសនៅឡើងនោះទេ សូមបញ្ជាក់ថា គុណភាពខ្យល់នៃ PM2.5 នេះ គឺវាមានការកើនឡើងនៅក្នុងខែមករា រហូតដល់ខែឧសភា ដែលជារដូវរំហើយ […] កន្លងមកយើងឃើញមានការផ្សព្វផ្សាយព័ត៌មានមិនពិត ពីសារព័ត៌មានអន្តរជាតិមួយចំនួនថា កម្ពុជា ជាប្រភពដែលបំពុលបរិយាកាស ទៅដល់ប្រទេសជិតខាង អ៊ឹចឹងការលើកឡើងនេះគឺមិនពិតប្រាកដនោះទេ ពីព្រោះយើងមានឧបករណ៍ និងស្ថានីយតាមដានគុណភាពខ្យល់ ចំនួន៦០កន្លែង»។
អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា ដើម្បីទប់ស្កាត់នៃការកើនឡើងកំហាប់និចល PM2.5 រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងបរិស្ថាន ជាសេនាធិការ បានធ្វើការពង្រឹងការត្រួតពិនិត្យគុណភាពខ្យល់ជារៀងរាល់ថ្ងៃ ព្រមទាំងជូនដំណឹងពីស្ថានភាពគុណភាពខ្យល់នៅកម្ពុជា ដល់ប្រជាពលរដ្ឋជារៀងរាល់ថ្ងៃផងដែរ។
ទន្ទឹមនេះដែរលោក ខ្វៃ អាទិត្យា បានឱ្យដឹងថា បច្ចុប្បន្ន ក្រសួងបរិស្ថានបាននឹងកំពុងយកចិត្តទុកដាក់ចាត់វិធានការទប់ស្កាត់បញ្ហាបំពុលខ្យល់ តាមរយៈបង្ការ និងទប់ស្កាត់ភ្លើងឆេះព្រៃ ណែនាំប្រជាពលរដ្ឋកុំឱ្យដុតជញ្រ្ជាំង កុំឱ្យដុតរានព្រៃ វាលស្មៅ ដុតប្លាស្ទិក សំណល់កសិកម្ម សំរាមសំណល់រឹង ប្លាស្ទិក និងការដុតសំណល់ផ្សេងៗទៀតនៅទីចំហ ដែលជាហេតុបង្កឱ្យមានការកើនឡើងការបំពុលបរិយាកាស។
សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានបំពាក់ឧបករណ៍ត្រួតពិនិត្យតាមដានគុណភាពខ្យល់សាធារណៈជាប្រចាំនៅតាមរាជធានី-ខេត្ត ចំនួន៦០ទីតាំង បន្ថែមលើការបញ្ជូនរថយន្តត្រួតពិនិត្យគុណភាពខ្យល់ «វិស្ណុ» ចល័តចំនួន៣គ្រឿង ដើម្បីតាមដានគុណភាពខ្យល់ទូទាំងប្រទេស។
លោក ខ្វៃ អាទិត្យា បានឱ្យដឹងថា នៅតាមបណ្តាខេត្តមានស្ថានីយបំពាក់ឧបករណ៍ត្រួតពិនិត្យតាមដានគុណភាពខ្យល់ជាប្រចាំយ៉ាងតិចចាប់ពី២គ្រឿង ទៅ៣គ្រឿង។ ជាមួយគ្នានេះក្រុមមន្រ្តីជំនាញក្រសួងបរិស្ថាន ក៏បានធ្វើការសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត អាជ្ញាធរមូលដ្ឋាន ធ្វើការផ្សព្វផ្សាយនៅវិធានការទប់ស្កាត់ការកាប់ឆ្កាដុតព្រៃ ដុតជញ្រ្ជាំងជាប្រចាំ។
«កម្ពុជា មិនមែនជាប្រភពនៃការបំពុលខ្យល់ដល់ប្រទេសជិតខាងនោះទេ កម្ពុជាយើងមានឧបករណ៍ត្រួតពិនិត្យខ្យល់ត្រឹមត្រូវ ឧបករណ៍ទាំងអស់នេះសុទ្ធតែមានស្តង់ដាកំណត់ជាតិ គឺក្រោម ៥០ug/m3 ដែលកំណត់ថាបើលើសហ្នឹង ជាបន្ទាត់ក្រហមដែលតម្រូវឱ្យប្រជាពលរដ្ឋ មានការយកចិត្តទុកដាក់លើវិធានការពារ តែមកដល់ពេលនេះគឺយើងមិនទាន់ឆ្លងកាត់បន្ទាត់ក្រហមស្តង់ដារ ដែលកំណត់នៅឡើយទេ»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់អ្នកនាំពាក្យក្រសួងបរិស្ថាន។
លោកបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងថា ក្នុងក្របខ័ណ្ឌយុទ្ធសាស្រ្ត GMS បានផ្តោតលើអាទិភាពចំនួនបួនរួមមាន៖ ទី១៖ ពង្រឹងការឆ្លើយតបនឹងបញ្ហាអាកាធាតុ និងគ្រោះមហន្តរាយធម្មជាតិ ភាពធន់របស់សហគមន៍ និងប្រព័ន្ធអេកូឡូស៊ី, ២៖ គាំទ្រផ្លាស់ប្តូរការបញ្ចេញការបូនទាប, ទី៣៖ ជំរុញសេដ្ឋកិច្ចចក្រា ពង្រឹងការត្រួតពិនិត្យ ទប់ស្កាត់ការបំពុល ដោយចាត់វិធានការច្បាស់លាស់ និងទី៤៖ ដាក់ចេញនូវវិធានការពង្រឹងការគ្រប់គ្រងធនធម្មជាតិ ស្តារប្រព័ន្ធអេកូឡូស៊ី និងលើកកម្ពស់ជីវភាពសហគមន៍។
ក្រសួងបរិស្ថាន បានប្រកាសពីការបង្ការ និងទប់ស្កាត់បញ្ហាបំពុលខ្យល់នៅកម្ពុជា ដោយបានបញ្ជាក់ថាបច្ចុប្បន្ន ក្រសួងបាននឹងកំពុងយកចិត្តទុកដាក់ចាត់វិធានការទប់ស្កាត់បញ្ហាទាំងនេះតាមរយៈការដាក់ចេញយុទ្ធនាការផ្ទៃមេឃពណ៌ខៀវ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ព្រមទាំងបានអំពាវនាវដល់គ្រប់ដៃគូពាក់ព័ន្ធជាតិ និងអន្តរជាតិចូលរួមផងដែរ។ ក្រសួងក៏បានចាត់វិធានការបង្ការ និងទប់ស្កាត់ភ្លើងឆេះព្រៃដោយរួមសហការយ៉ាងជិតស្និទ្ធជាមួយប្រជាពលរដ្ឋ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងគ្រប់ភាគីពាក់ព័ន្ធ។
នៅក្នុងទិសដៅ លើកកម្ពស់ការថែរក្សាបរិស្ថានឱ្យមានភាពស្រស់ស្អាត និងផ្ដល់សុខុមាលភាពដល់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានដាក់ចេញវិធានការប្រើប្រាស់ប្រេងឥន្ធនៈ ស្តង់ដា EURO 4 និង EURO 5 ដែលបានកាត់បន្ថយយ៉ាងច្រើននូវការសាយភាយសារធាតុបំពុលខ្យល់ចូលទៅក្នុងបរិយាកាស។ ក្រសួងបរិស្ថាន បានប្រកាសទៀតថាក្រសួងត្រៀមខ្លួនសហការជាមួយប្រទេសជាមិត្ត និងអង្គការអន្តរជាតិទាំងអស់ ក្នុងការចែករំលែកបទពិសោធន៍ពីការបង្ការ និងទប់ស្កាត់បញ្ហាបំពុលខ្យល់ដើម្បីសុខុមាលភាពប្រជាជនក្នុងតំបន់ និងនៅក្នុងពិភពលោក។