Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានប្រតិបត្តិសាខាសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ធំ លើកទឹកចិត្តដល់ពលរដ្ឋ រួមលើកកម្ពស់បរិស្ថាន ដើម្បីសុខមាលភាព សេដ្ឋកិច្ចគ្រួសារ និងប្រទេសជាតិ

10-01-2025 15:47

(កំពង់ធំ)៖ លោកស្រី លំ គន្ធារី អភិបាលរងខេត្ត និងជាប្រធានប្រតិបត្តិសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ធំ បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋត្រូវចូលរួមលើកកម្ពស់បរិស្ថាន ដើម្បីសុខមាលភាព សេដ្ឋកិច្ចគ្រួសារ និងប្រទេសជាតិ។

លោកស្រី លំ គន្ធារី បានលើកឡើងដូច្នេះនៅក្នុងពេលអញ្ជើញចុះសួរសុខទុក្ខ និងចែកធុងចម្រោះទឹកស្អាតអនាម័យជូនដល់ប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ចំនួន២៥០ធុង នៅថ្ងៃទី១០ខែ មករាឆ្នាំ២០២៥។

លោកស្រីបានបញ្ជាក់ថា៖ «បរិស្ថានយើងស្អាតព្រោះយើងមានទម្លាប់ល្អ ដល់កូនចៅ មានអនាម័យល្អ ទាំងក្រុមគ្រួសារទាំងសហគមន៍ទាំងមូលជាពិសេសប្រទេសជាតិយើងបានស្អាត ស្រស់បំព្រង ដែលជាចំណែកមួយក្នុងការចូលរួមលើកកម្ពស់ និងជំរុញទេសចរណ៍ហើយជាចលករដ៏មានសក្តានុពលការលើកកម្ពស់សេដ្ឋកិច្ចជាតិថែមទៀត»។

លោកស្រី លំ គន្ធារី បានជំរុញថែមទៀតដល់អ្នកប្រើប្រាស់ត្រូវប្រើប្រាស់ធុងនេះ ឱ្យបានត្រឹមត្រូវតាមការណែនាំ​ និងបច្ចេកទេស ព្រោះវាពិតជាបានរួមចំណែកយ៉ាងធំធេងជាមួយយើង ដូចជាការចំណេញពេលវេលាបានច្រើន សន្សំសំចៃថវិកាបានមួយចំនួនធំ ជួយទ្រទ្រង់សុខភាពសមាជិកគ្រួសារទាំងមូលឱ្យកាន់តែរឹងមាំ។

លើសពីនេះលោកស្រីបានជំរុញដោយទទូចដល់អាណាព្យាបាលគ្រប់មូលដ្ឋាន ត្រូវជំរុញកូនចៅឱ្យរៀនសូត្របានគ្រប់គ្នាបានខ្ពង់ខ្ពស់ដែលជាការរួមចំណែកក្នុងការកសាងមូលធនមនុស្ស និងជំនាញបច្ចេកទេស ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យបានតាមចក្ខុវិស័យរបស់ថ្នាក់ដឹកនាំដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយយុវជន និងសិស្សានុសិស្សត្រូវនៅឆ្ងាយពីគ្រឿងញៀន និងគោរពច្បាប់ចរាចរណ៍ បានខ្ជាប់ខ្ជួន និងជៀសផុតពីក្មេងទំនើង។

សូមបញ្ជាក់ថា ការចែកធុងចម្រោះនៅពេលនេះមានចំនួន ២៥០ធុង ដែល១៥០ធុង ជូនប្រជាពលរដ្ឋនៅក្នុងឃុំកំពង់ចិនត្បូង និង១០០ធុង ជូនប្រជាពលរដ្ឋនៅឃុំសំព្រោជ ដែលឧបត្ថម្ភដល់ក្រុមហ៊ុន អិន ត្រា កូ ហើយលោកស្រីបានបន្ថែមពីលើនូវក្រមាម្នាក់១ផងដែរ៕