(កំពង់ឆ្នាំង)៖ រដ្ឋបាលស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះ បានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាបុណ្យជ័យជម្នះ៧មករា ១៩៧៩- ៧មករា ២០២៥ ជាថៃ្ងបុណ្យជាតិដ៏ធំមួយ ត្រូវបានរម្លឹកដល់គុណបំណាច់របស់យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតដើម្បីរំដោះប្រទេសជាតិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានកាប់សម្លាប់ជាតិសា សន៍ខ្លួនឯងយ៉ាងព្រៃផ្សៃ។
ពិធីបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង និងក្រុមការងារខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុកកំពុងលែង លោកអភិបាលស្រុក លោកក្រុមប្រឹក្សាឃុំទាំង៩ មន្ត្រីរាជ ការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូសិស្សានុសិស្ស និងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។
នៅក្នុងពិធីខាងលើនេះ លោក សាន់ យូ បានឱ្យដឹងថា រយៈពេល៤៦ឆ្នាំនេះ ផ្តើមចេញពីជ័យជម្នះ ៧មករា ប្រជាជនកម្ពុជាបានសម្រេចផ្លាស់ប្តូរសង្គមយ៉ាងធំធេង ដែលប្រទេសនៅលើពិភពលោកទាំងមូលនឹកស្មានមិនដល់ថា កម្ពុជាបានប្រែក្លាយពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ពីសង្រ្គាមស៊ីវិល ដ៏រ៉ាំរ៉ៃរាប់ទស្សវត្សរ៍ ប្រែមកមានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ តាំងពីបាតដៃទទេរហូតដល់មានការរីក ចម្រើនលើគ្រប់វិស័យ ធ្វើឱ្យប្រជាជនមានជីវភាពធូធារ និងមានកំណើនសេដ្ឋកិច្ច កើនឡើងឥតឈប់ឈរពីមួយ ឆ្នាំទៅមួយឆ្នាំ ដែលធ្វើឱ្យប្រទេសនៅលើពិភពលោកមានការកោតសរសើរគ្រប់ៗគ្នា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងទន់ភ្លន់ ប្រកបដោយព្រហ្មវិរធម៌ គុណធម៌របស់ប្រមុខ រាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា។
ថៃ្ងជ័យជម្នះ៧មករា គឺជាថៃ្ងប្រវត្តិសាស្រ្តដែលគណបក្សប្រជាជនកម្ពុជាបានផ្តល់កំណើតលើកទី២ ដល់ប្រជាជនកម្ពុជាគ្រប់ៗរូប គ្មានអ្នកណាអាចបដិសេធបានឡើយ។ ៧មករា ១៩៧៩ គឺជាជ័យជម្នះជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជាទាំងមូល ដោយបានយកឈ្នះលើសត្រូវតែមួយគត់នោះគឺបនប្រល័យពូជសាសន៍ ប៉ុល ពត។ របបខ្មែរក្រហមដែលដឹកនាំដោយ ប៉ុល ពត បានកាប់សម្លាប់ប្រជាព លរដ្ឋខ្មែរអស់ជិត៣លាននាក់ ត្រឹមរយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃប៉ុណ្ណោះ ដែលបង្កើតជាសោកនាដកម្មមិនអាចបំភ្លេចបានរហូតមកដល់បច្ចុប្បន្ន។
លោកអភិបាលរងខេត្តបានបន្តឲ្យដឹងទៀតថា យុវជនសិស្ស -និស្សិត និងបញ្ញវ័ន្តខ្មែរ បានយល់ឃើញថា ៧មករា ឆ្នាំ១៩៧៩ គឺជាថ្ងៃដែលប្រជាពលរដ្ឋខ្មែរ ត្រូវបានរំដោះឲ្យបានរស់រានមានជីវិតជាថ្មី ដែលប្រៀបដូចជាថ្ងៃកំណើតទី២របស់ខ្លួន។ ពួកគេចូលរួមបង្ហាញនូវសា្មរតីដឹងគុណចំពោះថ្ងៃ៧មករា ១៩៧៩ ក្រោមការដឹកនាំចលនាតស៊ូសង្គ្រោះជាតិកម្ពុជារបស់សម្តេចតេជោ ហ៊ុន សែន និងឥស្សរ ជនជាច្រើនរូបផ្សេងទៀត ដែលបានយកជីវិតធ្វើជាដើមទុនដើម្បីប្រជាជាតិទាំងមូល។
ថ្ងៃ៧មករា ១៩៧៩ ជាថ្ងៃដែលប្រជារាស្ត្រកម្ពុជានៅទូទាំងប្រទេស បានរួចចាកផុតពីរបបប្រល័យពូជសាសន៍ រាជរដ្ឋាភិបាលកម្ពុជាកំណត់យកថ្ងៃ ៧មករា ជារៀងរាល់ឆ្នាំជា«ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ប៉ុលពត» ព្រមទាំងអនុញ្ញាតឱ្យមន្ត្រីរាជការ និយោជិក កម្មករក្នុងព្រះរាជាណាចក្រកម្ពុជា បានឈប់សំរាកចំនួន ១ថ្ងៃ ក្នុងឱកាសទិវាបុណ្យនេះ។
សរុបសេចក្តីមកប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសទទួលបានផលប្រយោជន៍ពីថ្ងៃ៧មករានេះ ទាំងអស់គ្នា និងទទួលបានកំណើតទី២ ពីការកាប់សម្លាប់យ៉ាងរង្គាលនេះជាចំណុចដែលយើងមិនអាចបំភ្លេចនូវគុណ ៧មករា បានទេ និងកែប្រែប្រវត្តិសាស្ត្រកម្ពុជាបានដែរ។ នៅពេលនេះកម្ពុជាបានងើបឈរយ៉ាងរឹងមាំ លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សបានចាក់គ្រឹះយ៉ាងរឹងមាំ សេរីភាព និងការបញ្ចេញមតិ រួមនឹងបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការថ្នាក់តំបន់និងពិភពលោកផងដែរ៕