Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរខណ្ឌដង្កោ ប្រកាសផ្អាកចរាចរណ៍ទាំងស្រុងជាបណ្ដោះអាសន្ន នៅផ្លូវ២១៧ ឬផ្លូវចំការដូង ដោយសារតែទឹកជន់លិច

19-10-2016 13:19

(ភ្នំពេញ)៖ អភិបាលខណ្ឌដង្កោ លោក នុត ពុធដារ៉ា បានប្រាប់អង្គភាព Fresh News នៅមុននេះបន្ដិចថា កំណាត់ផ្លូវលេខ២១៧ ឬផ្លូវចំការដូង ត្រូវបានផ្អាកចរាចរណ៍ទាំងស្រុងជាបណ្ដោះអាសន្ន ទាំងរថយន្ដធុនធំ រថយន្ដធុនតូច និងម៉ូតូ ដោយសារតែទឹកជន់លិច និងហូរកាត់យ៉ាងខ្លាំង គិតត្រឹមវេលាម៉ោង១រសៀល ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦នេះ។

លោក នុត ពុធដារ៉ា បានបញ្ជាក់ថា កំណាត់ផ្លូវចំការដូង ដែលត្រូវទឹកជន់លិចនេះ ចាប់ពីហួសផ្លូវកោងព្រែកជ្រៃ ដោយទឹកហូរកាត់មិនអាចធ្វើដំណើរបាននោះទេ ខណៈដែលព្រឹកមិញ អាជ្ញាធរបានផ្អាកតែរថយន្ដធុនធំប៉ុណ្ណោះ ប៉ុន្ដែឥឡូវនេះ ផ្អាក់ទាំងស្រុងតែម្ដង។

លោកអភិបាលខណ្ឌ បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ថា «អាចធ្វើដំណើរតាមផ្លូវវៀងចាប់ពី រង្វង់មូលដីក្រហម ឆ្ពោះទៅផ្លូវជាតិលេខ២ ហើយបត់តាមវត្តព្រែកថ្លឹង បន្ទាប់មកបត់តាមផ្លូវទំបន់៧មករា ទើបមកដល់ផ្លូវ២១៧ ឬផ្លូវចំការដូងវិញ»

យ៉ាងណាក៏ដោយ លោកអភិបាលខណ្ឌ មិនទាន់អាចកំណត់ថា តើពេលណា អាចបើកចរាចរណ៍ឡើងវិញនោះទេ ដោយរង់ចាំទឹកស្រកសិន៕