(រតនគិរី)៖ រោងចក្រ «ជា ទូច» មានទីតាំងនៅឃុំសោមធំ ស្រុកអូរយ៉ាដាវ បានទទួលទិញដំឡូងមីស្រស់ក្នុងក្នុង១ថ្ងៃចំនួន១ពាន់តោន តែតម្លៃធ្លាក់ចុះរាល់ថ្ងៃ ខណៈប្រជាកសិករមានការព្រួយបារម្មណ៍យ៉ាងខ្លាំង។ នេះតាមការបញ្ជាក់ឲ្យដឹងពីលោកស្រី ខៀវ ប៊ុនហៀង តំណាងក្រុមហ៊ុន «ជា ទូច ត្រេឌីង» ប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥។
លោកស្រី ខៀវ ប៊ុនហៀង បន្តថា រោងចក្រទទួលទិញដំឡូងមីស្រស់តែប្រជាកសិករក្នុងខេត្តរតនគិរីតែប៉ុណ្ណោះ ដោយឡែកការដឹកពីបណ្តាតំបន់ផ្សេងមិនទាន់ទទួលទិញនៅឡើយទេ។ តំណាងរោងចក្រ បញ្ជាក់ទៀតថា គាត់ទិញថ្ងៃនេះ ដំឡូងមីស្រស់ដឹកដល់រោងចក្រទិញក្នុង១គីឡូក្រាមតម្លៃ២៨៥រៀល កាត់២១% (កាត់លើឫស ដី និងវត្ថុផ្សេងៗលាយ)។
លោកស្រីថ្លែងទៀតថា ការទិញចូលដំឡូងមីស្រស់ចូលក្នុងរោងចក្រតិចជាងបណ្តាឆ្នាំមុនៗ ដោយសារខ្វះទីផ្សារបញ្ជាទិញដូចជា ប្រទេសចិនដែលជាទីផ្សារដ៏ធំបំផុត។
នៅព្រឹកថ្ងៃនេះ លោក សែម សារឿន ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្មខេត្តរតនគិរី បានប្រាប់ថា ផ្ទៃដីដាំដំឡូងមីសរុបមានចំនួន ១៨,៣០៨ហិកតា ដោយចាប់ប្រមូលប្រមាណ ៤០%ហើយ។
ដោយឡែកមន្ត្រីប្រចាំការច្រកទ្វារអន្តរជាតិអូយ៉ាដាវ បានប្រាប់ថា តម្លៃដំឡូងមីពេលនេះ មិនទាន់ៗមានទីផ្សារច្បាស់លាស់នៅប្រទេសវៀតណាមនៅឡើយទេ។ ទាក់ទិនទៅនឹងតម្លៃដំឡូងមីធ្លាក់ថ្លៃ ជាបន្តបន្ទាប់នេះដែរលោក ឡាន់ ម៉ៃ តំណាងឲ្យប្រជាកសិករកំពុងប្រមូលផលដំឡូងមីនៅនៅស្រុកអូរយ៉ាដាវ បានសំណូមពរឲ្យថ្នាក់ដឹកនាំ និងមន្ត្រីជំនាញជួយរកទីផ្សារឲ្យពួកគាត់ផង។ បើបន្តធ្លាក់ថ្លៃជាងនេះទៀតខាតអស់ដើម អស់ចុង មិនដឹងរកលុយឯណាសងធនាគារ និងសងមីក្រូហិរញ្ញវត្ថុនោះទេ៕