(កំពង់ធំ)៖ លោក សោម ស៊ុន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ តំណាងលោក ម៉ៅ សុផាន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ ខេត្តកំពង់ធំ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពក្នុងពិធីមីទ្ទីងអបអរសាទរខួបលើកទី៤៦ ទិវាជ័យជម្នះ៧មករា (៧មករា ១៩៧៩ - ៧ មករា ២០២៥)។ ពិធីនេះប្រព្រឹត្តទៅនៅក្នុងបរិវេណសាលាស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
លោក ស៊ិន វណ្ណវុធ អភិបាលស្រុកសណ្ដាន់ បានថ្លែងសុន្ទរកថាស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក សោម ស៊ុន និងបានថ្លែងអំណរគុណចំពោះគណៈអធិបតី និងសមាជិកសមាជិកាទាំងអស់ ដែលបានអញ្ជើញមកពីតាមមូលដ្ឋាន នានាយ៉ាងច្រើនកុះករ ចូលរួមក្នុងអង្គមីទ្ទីងអបអរសាទរខួបលើកទី៤៦ ទិវាជ័យជម្នះ៧មករា នៅក្នុងស្រុកសណ្ដាន់ នៅថ្ងៃនេះ បានញ៉ាំងឱ្យពិធីនេះប្រព្រឹត្តទៅប្រកបដោយភាពអធិកអធមក្រៃលែ។
លោក សោម ស៊ុន ក្នុងនាមលោក ម៉ៅ សុផាន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសសណ្តាន់ ខេត្តកំពង់ធំ បានឡើងអានសុន្ទរកថារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទីងរំលឹកខួបលើកទី៤៦ នៃទិវាជ័យជម្នះ៧មករា។
លោកបានបញ្ជាក់ថា ខួបទី៤៦ឆ្នាំ នៃទិវាមាជ័យជម្នះ៧មករា ជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជា លើរបបប្រល័យពូជសាសន៍ ប៉ុល ពត អៀងសារី ខៀវសំផន បានធ្វើឱ្យប្រជាជាតិខ្មែររស់រានមានជីវិតឡើងវិញទាន់ពេលវេលា រួចផុតពីទារុណកម្ម និងការកាប់សម្លាប់យ៉ាងឃោឃៅបំផុតក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត។
ខួបលើកទី ៤៦ឆ្នាំនេះ ដើម្បីរម្លឹក និងចងចាំជានិច្ចនូវគុណនូបការៈដ៏ថ្លៃថ្លាបំផុតរបស់កម្មាភិបាល យុទ្ធជន យុទ្ធនារី នៃកម្លាំងសាមគ្គីសង្គ្រោះជាតិកម្ពុជា រួមជាមួយនឹងវីរៈកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានប្រយុទ្ធនឹងធ្វើពលកម្ម យ៉ាងអង់អាចក្លាហាន ដើម្បីវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត និងទប់ស្កាត់មិនឱ្យរបបនេះវិលត្រឡប់មកវិញបាន។
លោក សោម ស៊ុន គូសបញ្ជាក់ រំលេចនូវខ្លឹមសារសុន្ទរកថារបស់សម្ដេចតេជោ ហ៊ុន សែន បន្ថែមទៀតថា យើងមានអ្វីៗគ្រប់យ៉ាងនៅថ្ងៃនេះ ក៏ដោយសារមានថ្ងៃ៧មករា ឆ្នាំ១៩៧៩។ ហើយយើងមានសុខសន្តិភាព និងការឯកភាពជាតិពេញលេញ គឺដោយសារការអនុវត្តនូវនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ដែលបានបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃ និងការបែកបាក់ជាតិ ក្នុងរយៈពេលជាង៥០០ឆ្នាំកន្លងមក ធ្វើឱ្យប្រទេសជាតិយើងមានការឯកភាព ជាតិ ឯកភាពទឹកដីទាំងស្រុង នៅចុងឆ្នាំ១៩៩៨។
កញ្ញា អេង តាំងស៊ឺ តំណាងសមាជិកសមាជិកា នៃអង្គមិទ្ទិងទាំងមូល សូមអបអរសាទរយ៉ាងក្លៀវក្លាចំពោះខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជម្នះ ៧មករា (៧មករា ១៩៧៩ - ៧មករា ឆ្នាំ២០២៥) ដែលជាថ្ងៃប្រវត្តិសាស្ត្រ ក្នុងការវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងការឯកភាពជាតិពេញលេញ។ មានថ្ងៃមហាជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩ ទើបយើងមានអ្វីៗគ្រប់បែបយ៉ាងនៅថ្ងៃនេះ និងបានប្តេជ្ញាអនុវត្តតាមគោលនយោ បាយរបស់រាជរដ្ឋាភិបាល ដើម្បីបន្តថែរក្សា ការពារសុខសន្តិភាព និងការអភិវឌ្ឍរបស់សង្គមជាតិក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕