(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦នេះ នាយឧត្តមសេនីយ៏ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងភរិយា ប៉ែន ចាន្នី, លោក សួស យ៉ារ៉ា និងពុទ្ធបរិស័ទចំណុះជើងវត្ត បានហែអង្គកឋិនទាន មកកាន់វត្ត វិមានតេជៈ ហៅវត្តស្រះចក ព្រមទាំងជួបសំណេះសំណាលជាមួយបងប្អូន ប្រជាពលរដ្ឋស្ថិតក្នុងខណ្ឌដូនពេញ ប្រមាណជិត២០០០នាក់។
ថ្លែងក្នុងពិធីសំណេះសំណាលនោះដែរ នាយឧត្តមសេនីយ៏ ហ៊ីង ប៊ុនហៀង បានលើកឡើងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ប្រែក្លាយប្រទេសកម្ពុជាឲ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនទាំងវិស័យ ពុទ្ធចក្រនិង អាណាចក្រ។
នាយឧត្តមសេនីយ៍ បានលើកឡើងយ៉ាងច្បាស់ថា បើគ្មានថ្ងៃ៧មករាទេ គ្មានសម្តេចទាំងបីទេ ក៏គ្មានកិច្ចព្រមព្រៀង ២៣តុលាដែរ, ព្រមទាំងបានរំលឹកពីទុក្ខលំបាក វេទនារកទីបំផុតគ្មាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត) ហើយសម័យនោះមិនឃើញមានគណបក្សនយោបាយ ឬជនមួយចំនួនដែលអះអាងថា ជាអ្នកស្នេហាជាតិចេញមុខមកសង្គ្រោះជាតិនោះទេ គឺមានតែសម្តេចទាំងបីទេ ដែលបានខិតខំតស៊ូ ហ៊ានប្តូរជីវិត សាច់ស្រស់ ឈាមស្រស់ ដឹកនាំរំដោះ និងកសាងប្រទេសជាតិតាំងពីបាតដៃទទេ រហូតធ្វើឲ្យប្រទេសជាតិរក្សាបាននូវសុខសន្តិភាព សេ្ថរភាព និងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។
ក្នុងនោះផងដែរ នាយឧត្តមសេនីយ៍ សូមរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ដែលគ្រប់អាយុ បោះឆ្នោត សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា។
ក្នុងពិធីហែអង្គកឋិនទាននោះដែរ នាយឧត្តមសេនីយ៏ និងភរិយា បានប្រគេនបច្ច័យសង្កត់ត្រៃយ៍ ថវិការចំនួន២០០លានរៀល និងពុទ្ធបរិស័ទចំណុះជើងវត្ត បច្ច័យ ៨០៧៥ដុល្លារ ប្រគេនដល់វត្តស្រះចក សម្រាប់ទុកកសាងវត្ត និងសមទ្អិផលនានា។ នាយឧត្តមសេនីយ៏ ក៏បានពាំនាំអំណោយសម្តេចតេជោ និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់សាលាខណ្ឌដូនពេញ សង្កាត់ស្រះចក តាជីយាយជី ប្រជាពលរដ្ឋ និង សិស្សានុសិស្ស កាកបាទក្រហម កាយរិទ្ធ ផងដែរ៕