(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ហាក់បានអំពាវនាវដល់អ្នកនយោបាយនានា កុំឱ្យយកខួប នៃកិច្ចព្រមព្រៀងទីក្រុងបារីស ទៅភ្ជាប់ទៅនឹងបញ្ហានយោបាយ។ លោកបានលើកឡើងថា អ្នកនយោបាយខ្លះ បានចោទរដ្ឋាភិបាលថា មិនបានគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស ប៉ុន្តែកិច្ចព្រមព្រៀងនេះ ត្រូវបានឆ្លុះបញ្ចាំងរួចហើយ ទៅក្នុងរដ្ឋធម្មនុញ្ញខ្មែរ។
ការថ្លែងបែបនេះរបស់ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានធ្វើឡើងក្នុងកិច្ចជំនួបជាមួយ លោក Jean David levitte ដែលជាអតីតមន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសបារាំង ទទួលបន្ទុករៀបចំការចរចា និងសម្រួលការចរចាកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងបារីស នៅទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦នេះ។
លោក ហោ ណាំហុង បានបញ្ជាក់ថា «កិច្ចព្រមព្រៀងទីក្រុងបារីសនេះ បានបញ្ចាំងនៅក្នុងរដ្ឋធម្មនុញ្ញរបស់យើងអស់ហើយ គឺមានទាំងអស់ ដូច្នេះសូមកុំច្រឡំបញ្ហានយោបាយ សភាពការណ៍នយោបាយជាមួយកិច្ចព្រមព្រៀងទីក្រុងបារីស កិច្ចព្រមព្រៀងមានមាត្រារបស់គេ ដែលនិយាយច្បាស់លាស់ជាលាយលក្ខណ៍អក្សរច្បាស់លាស់របស់គេ»។
សូមបញ្ជាក់ថា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ ដែលត្រូវនឹងខួបលើកទី២៥ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា គណបក្សសង្រ្គោះជាតិ ក៏គ្រោងនឹងរៀបចំពិធីជួបជុំសម្តែងមតិ នៅលើទីលានប្រជាធិបតេយ្យផងដែរ ប៉ុន្តែទោះជាយ៉ាងណា អាជ្ញាធរក្រុងភ្នំពេញ ក្នុងជំនួបព្រឹកមិញនេះ មិនអនុញ្ញាតឡើយ៕