(ភ្នំពេញ)៖ ក្រោយពីបញ្ចប់កិច្ចប្រជុំរវាង លោក ឃួង ស្រេង អភិបាលរងសាលារាជធានីភ្នំពេញ និងតំណាងគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦នេះ សាលារាជធានីភ្នំពេញ បាន សម្រេចថា មិន អនុញ្ញាតឲ្យ គណបក្សសង្រ្គោះជាតិ រៀបចំពិធីអបអរខួបលើកទី២៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី ២៣ខែតុលា លើទីលានប្រជាធិបតេយ្យនោះទេ ដោយសារតែចំនួនអ្នកចូលរួមដែលគណបក្ស ប្រឆាំងស្នើសុំ លើសការកំណត់នៃច្បាប់។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក មាន ចាន់យ៉ាដា អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ប្រាប់អង្គភាពព័ត៌មាន Fresh News នៅមុននេះបន្តិច។
លោក មាន ចាន់យ៉ាដា បានថ្លែងថា ថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញ បានបញ្ជាក់ថា ជាដំណោះស្រាយគណបក្សសង្រ្គោះជាតិអាចរៀបចំ ពិធីអបអរខួបលើកទី២៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅទីស្នាក់ការរបស់ខ្លួន ឬនៅទីតាំងឯកជនណាមួយ ក្នុងរាជធានីភ្នំពេញ ។
លោកបានបន្តថា ករណីស្នើសុំលើសពីច្បាប់កំណត់បែបនេះ សាលារាជធានីភ្នំពេញ គ្មានដែនសមត្ថកិច្ច ក្នុងការសម្រេចឡើយ ដូចនេះសាលារាជធានីភ្នំពេញ នឹងដាក់សំណើបន្តទៅក្រសួងមហាផ្ទៃ ជាស្ថាប័នដែល មានសិទ្ធិសម្រេចលើការស្នើសុំរបស់គណបក្សសង្រ្គោះជាតិ។
ក្រៅពីការសម្រេចខាងលើ អ្នកនាំពាក្យសាលារាជធានីភ្នំពេញដដែល បានបន្ថែមឲ្យដឹងថា សាលារាជធានីភ្នំពេញ ស្នើឲ្យគណបក្សសង្រ្គោះជាតិ រៀបចំកំណត់ ចំនួនអ្នកចូលរួម ឲ្យបានច្បាស់លាស់បន្ថែមទៀត ដើម្បងាយស្រួលក្នុងការរៀបចំពិធីអបអរខួបលើកទី២៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី ២៣ខែតុលា។
ជាការឆ្លើយតប តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដែលចូលរួមក្នុងកិច្ចប្រជុំនេះ រួមមាន លោក ម៉ៅ មុនីវណ្ណ លោក ហូរ វ៉ាន់ និងលោក ឡុង រី បានយល់ព្រម ចំពោះការសម្រេចរបស់សាលារាជធានីភ្នំពេញ តែគណបក្សសង្រ្គោះជាតិ នៅតែប្រកាសជំហរ ដោយទទួចឲ្យមានពិធីអបអរខួបលើកទី២៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី ២៣ខែតុលា នាទីលានប្រជាធិបតេយ្យដដែល។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ៣រូប មានលោក ម៉ៅ មុនីវណ្ណ លោក ហូរ វ៉ាន់ និងលោក ឡុង រី បានផ្ញើលិខិតជូនលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ស្នើរៀបចំ ពិធីអបអរខួបលើកទី២៥ នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស នៅថ្ងៃទី ២៣ខែតុលា ឆ្នាំ២០១៦ នៅទីលានប្រជាធិបតេយ្យ ក្រោយមានការស្នើសុំសាលារាជធានីភ្នំពេញ ក៏បានរៀបចំកិច្ចពិភាក្សា នេះផងដែរ៕