(ភ្នំពេញ)៖ Pond’s ជាម៉ាកផលិតផលថែរក្សាស្បែកមុខ ដែលឈានមុខជាអន្តរជាតិ បានរៀបចំនូវព្រឹត្តិការណ៍ ជ្រើសរើសកញ្ញាឯកកម្ពុជា ឆ្នាំ២០១៦ នៅឯសណ្ឋាគារ ណាហ្គាវើល រាជធានីភ្នំពេញ ដោយក្នុងនោះ កញ្ញាឯក ១រូប ត្រូវបានជ្រើសរើសជាកញ្ញាឯកកម្ពុជា ឆ្នាំ២០១៦ ក្នុងចំណោមកញ្ញាឯកទាំង ២០ រូបមកពីបណ្ដាខេត្ត ក្រុងរាជធានីនានាទូទាំងប្រទេស។
កញ្ញា ប៊ី សុធារី ជាបេក្ខនារីមកពីរាជធានីភ្នំពេញ បានក្លាយជាជយលាភី កញ្ញាឯកកម្ពុជាឆ្នាំ២០១៦ ហើយតាមរយៈការគ្រងតំណែង កញ្ញាឯកនេះ កញ្ញានឹងមានឱកាសតំណាងឲ្យប្រទេសកម្ពុជា ដើម្បីចូលរួមក្នុងកម្មវិធី អន្តរជាតិនានា។ បន្ទាប់ពីបានគ្រងមកុដកញ្ញាឯក កម្ពុជាឆ្នាំ២០១៦ កញ្ញា ប៊ី សុធារី បានលើកឡើងថា កញ្ញាមានក្តីរំភើបជាពន់ពេក ដែលបានគ្រងតំណែង ជយលាភីដ៏អស្ចារ្យនេះ ហើយសង្ឃឹមថា នឹងខិតខំប្រឹងប្រែងពង្រីកកេរ្តិ៍ឈ្មោះរបស់កម្ពុជា ឲ្យកាន់តែល្បីថែមទៀត តាមរយៈការចូលរួមនៅក្នុងកម្មវិធី អន្តរជាតិនាពេលខាងមុខ។
កញ្ញា ប៊ី សុធារី បន្ដថា «ខ្ញុំចង់និយាយថា វាជាមោទនភាពមួយ ដែលមានឈ្មោះព្រះរាជាណាចក្រកម្ពុជា យើងនៅលើឆាកអន្តរជាតិ ដែលអាចឲ្យពិភពលោកស្គាល់ថា ប្រទេសយើងក៏អាចចូលរួម ក្នុងកម្មវិធីលក្ខណៈអន្តរជាតិបានដែរ»។
ព្រឹត្តិការណ៍កញ្ញាឯកកម្ពុជា ឆ្នាំ២០១៦នេះ ត្រូវបានរៀបចំឡើង ក្រោមប្រធានបទថា «សម្រស់ព្រះរាជាណាចក្រកម្ពុជានៃខ្ញុំ» និងមានការសហការ ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងទេសចរណ៍ និងបណ្ដាក្រុមហ៊ុននានា ដើម្បីទទួលស្គាល់អំពីសម្រស់ សោភ័ណភាព និងភាពសមសួន នៃស្ត្រីខ្មែរនាសម័យទំនើប ក្នុងពេលបច្ចុប្បន្ននេះ ។
លោក សោម ច័ន្ទណារ៉ាត ប្រធានគ្រប់គ្រងម៉ាកផលិតផល ផនស៍ នៃក្រុមហ៊ុនយូនីលីវើរកម្ពុជា បានថ្លែងថា «យើងយល់ថាស្ត្រីកម្ពុជា មានសម្រស់សែនផូរផង់ ពីធម្មជាតិ ដូច្នេះការបង្ហាញពីសម្រស់ពិតៗ តាមកម្មវិធីប្រកួតប្រជែង ជាផ្លូវការបែបនេះ ធ្វើឲ្យស្ត្រីកម្ពុជា រឹតតែត្រូវបានគេទទួលស្គាល់ ពីសម្រស់របស់ខ្លួនថែមទៀត ហើយសង្ឃឹមថា កម្មវិធីបែបនេះ នឹងជំរុញឲ្យស្ត្រី កម្ពុជាយើងកាន់តែមានភាពក្លាហាន ក៏ដូចជា ការខិតខំប្រឹងប្រែង ដើម្បីថែរក្សាសម្រស់របស់ខ្លួន។ ទន្ទឹមនឹងនេះ យើងយល់ថា ការប្រើប្រាស់នូវផលិតផល ថែរក្សាសម្រស់ដែលត្រឹមត្រូវ ដូចជាផលិតផល ផនស៍ នេះជាដើម ធ្វើឲ្យស្បែកសម៉ដ្ឋរលោង៕
បន្ថែមលើសពីនេះទៀត ក៏មានការជ្រើសរើសកញ្ញាឯកសក់ស្អាត កញ្ញាឯកស្នាមញញឹមស្រស់ និងកញ្ញាឯកស្បែកស្អាតផងដែរ ។ ជយលាភីសម្រាប់ចំណាត់ថ្នាក់នេះ ទទួលបានការឧបត្ថម្ភជាសាច់ប្រាក់ចំនួន ២លានរៀលពី សាប៊ូកក់សក់ Sunsilk ថ្នាំដុសធ្មេញ Close-up និងផលិតផល Vaseline ផងដែរ៕