(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ពាក្យ «អាខ្មោចស៊ីពែ អាប្រែតស៊ីពែ» ដែលប្រើក្នុងបាតុកម្មរបស់ លោក ហុង លីម តំណាងរាស្រ្តរដ្ឋវិកតូរៀ ប្រឆាំងនឹងវត្តមានរបស់លោក នៅប្រទេសអូស្រ្តាលី នាថ្មីៗនេះ មិនមែនជាការបញ្ចេញមតិនោះទេ។ លោកថា វាបានផ្ទុយពីសារនៃការបញ្ចេញមតិ នៅពេលធ្វើបាតុកម្ម ក្នុងប្រទេសប្រជាធិបតេយ្យ។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «បាតុកម្មជាការប្រមូលផ្ដុំនៃការបញ្ចេញមតិ ធ្វើអ្វីមួយ តើសារនៅពេលបាតុកម្មនោះជាអ្វី ក្រៅពីបញ្ឆេះឲ្យជេរពាក្យថា អាប្រែតស៊ីពែ អាខ្មោចស៊ីពែ នេះឬជាសារក្នុងការបញ្ចេញមតិ តើវាចំណេញអី»។
ការអះអាងបែបនេះរបស់ លោក ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងសន្និសីទកាសែតមួយ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦នេះ បន្ទាប់ពីលោក បានដឹកនាំគណៈប្រតិភូត្រឡប់មកដល់ប្រទេសកម្ពុជា ក្រោយធ្វើទស្សនកិច្ចនៅប្រទេសអូស្រ្តាលីជាង១០ថ្ងៃ។
សូមបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ក្រុមអ្នកធ្វើបាតុកម្មដឹកនាំដោយ លោក ហុង លីម បានប្រើពាក្យអសុរសជាច្រើនជេរប្រមាថទៅលើ លោក ហ៊ុន ម៉ាណែត ក៏ដូចជាអ្នក ចូលរួមនៅក្នុងពិធីសំណេះសំណាលទាំងនោះ។
បើទោះបីរស់នៅលើប្រទេសដែលថ្លៃថ្នូរ តែក្រុមបាតុករអូសទាញដោយលោក ហុង លីម ត្រូវបានគេបង្គាប់ឲ្យហៅអ្នកចូលរួមជាមួយ លោក ហ៊ុន ម៉ាណែត ថា «ខ្មោចស៊ីពែ» ហើយមានក្រុមបាតុករខ្លះទៀត បានជេររៀលដាល ដល់អតីតព្រះមហាក្សត្រខ្មែរថែមទៀត៕