(ភ្នំពេញ)៖ ករណីបាញ់សម្លាប់អតីតអ្នកនយោបាយគណបក្សប្រឆាំងម្នាក់ឈ្មោះ លិម គិមយ៉ា នៅលើ ទឹកដីថៃ ត្រូវបានមេខ្លោងក្រុមជ្រុលនិយម សម រង្ស៊ី បានប្រើប្រាស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរ ជួយបំពងព័ត៌មានប្រឌិតដើម្បីរកការទម្លាក់កំហុសដាក់មកលើរាជរដ្ឋាភិបាលកម្ពុជា។

ទណ្ឌិត សម រង្ស៊ី ក្នុងបទសម្ភាសន៍មួយជាមួយវិទ្យុអាស៊ីសេរី បានចោទប្រកាន់ថាការបាញ់សម្លាប់នេះ គឺពាក់ព័ន្ធនឹងថ្នាក់ដឹកនាំកាន់អំណាចក្នុងប្រទេសកម្ពុជា ដែលការចោទប្រកាន់នេះបានផ្អែកលើ «បទពិសោធន៍» ដោយគ្មានភស្ថុតាងអ្វីទាំងអស់មកបញ្ជាក់ឡើយ។

តើការផ្សាយរបស់វិទ្យុអាស៊ីសេរីដែលគ្មានការស្រាវជ្រាវ និងគ្មានចំណេះដឹងផ្នែកច្បាប់បែបនោះ អាចចាត់ទុកថាជាវប្បធម៌ត្រឹមត្រូវដែរឬទៅ?

Fresh Exclusive មានអត្ថបទស៊ីជម្រៅមួយក្រោមចំណងជើងថា «បទពិសោធន៍» មិនមែន ជាភស្ថុតាងសម្រាប់ការចោទប្រកាន់នោះទេ!

ការចោទប្រកាន់ករណីព្រហ្មទណ្ឌណាមួយ មិនអាចផ្អែកលើ «បទពិសោធន៍» របស់នរណាម្នាក់ ឬការសន្មតជាកម្មវត្ថុនោះទេ។ ការចោទប្រកាន់ត្រូវតែមានការគាំទ្រដោយភស្តុតាង។ បទពិសោធន៍មិនមែនជាភស្ថុតាងទេ។ នៅក្នុងប្រព័ន្ធច្បាប់ទូទាំងពិភពលោក គោលការណ៍នៃភាពត្រឹមត្រូវដែលធានាលើការចោទប្រកាន់និងបទចោទ គឺត្រូវបានបញ្ជាក់តាមរយៈភស្តុតាងដែលអាចទុកចិត្តបាន និងអាចទទួលយកបាន។

យើងសូមលើកយករបៀបរបបនៃកិច្ចសម្ភាសន៍ខ្លះ ជាពិសេសក៏ជាមេរៀនសម្រាប់អ្នកសារព័ត៌មានទូទៅក្នុងពេលធ្វើសម្ភាសន៍ ជាមួយនឹងនរណាម្នាក់ ដើម្បីបញ្ចៀសអំពើខុសច្បាប់បរិហាកេរ្តិ៍ ដោយសារតែមិនបានត្រួតពិនិត្យនូវរឿងរ៉ាវដែលកើតឡើង និងការគ្មានចំណេះដឹងគ្រប់គ្រាន់របស់ខ្លួន ពាក់ព័ន្ធនឹងរឿងព្រហ្មទណ្ឌដូចជា ករណីបាញ់សម្លាប់អតីតអ្នកនយោបាយគណបក្សប្រឆាំងម្នាក់ឈ្មោះ លិម គិមយ៉ា នៅលើទឹកដីថៃនោះជាដើម។

*** តើការចោទប្រកាន់ព្រហ្មទណ្ឌដែលផ្អែកលើបទពិសោធន៍ អាចសមហេតុផលបានដែរឬទេ?

ទណ្ឌិត សម រង្ស៊ី ក្នុងបទសម្ភាសន៍មួយជាមួយវិទ្យុអាស៊ីសេរី វេលាយប់ថ្ងៃទី៨មករា បានចោទប្រកាន់ថា ការបាញ់សម្លាប់នោះ គឺពាក់ព័ន្ធនឹងថ្នាក់ដឹកនាំកាន់អំណាចក្នុងប្រទេសកម្ពុជា ដែលការចោទប្រកាន់នេះ បានផ្អែកលើ «បទពិសោធន៍» ដោយគ្មានភស្ថុតាងអ្វីទាំងអស់មកបញ្ជាក់ឡើយ។ ដើម្បីបង្កើតនូវសំណូរចោទប្រកាន់លើរឿងព្រហ្មទណ្ឌ តើគេត្រូវមានអ្វីខ្លះ?

- ដំបូងយើងត្រូវពិនិត្យលើករណីមួយចំនួនដូចនេះ៖

១៖ ការចោទប្រកាន់ត្រូវផ្អែកលើមូលដ្ឋានច្បាប់៖ ការចោទប្រកាន់ព្រហ្មទណ្ឌត្រូវតែមានមូលដ្ឋានលើភស្តុតាងដែលអាចជឿទុកចិត្តបាន ដូចជាសក្ខីកម្មសាក្សី ការវិភាគកោសល្យវិច្ច័យ ភស្តុតាងរូបវន្ត ឬអង្គហេតុដែលអាចបញ្ជាក់បាន។ ប៉ុន្តែ"បទពិសោធន៍" របស់បុគ្គលមិន មែនជា ភស្ថុតាងទេ ប៉ុន្តែអាចណែនាំតម្រុយស៊ើបអង្កេត ប៉ុន្តែ «បទពិសោធន៍» នោះ មិនគ្រប់គ្រាន់ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃសកម្មភាពផ្លូវច្បាប់នោះទេ។

នីតិរដ្ឋ៖ នៅក្នុងប្រព័ន្ធច្បាប់យុត្តិធម៌ គ្មាននរណាម្នាក់អាចត្រូវបានចោទប្រកាន់ ឬកាត់ទោសដោយផ្អែកទៅលើជំនឿលើប្រធានបទណាមួយ ឬការសន្មតជាមុនរបស់នរណាម្នាក់បាននោះទេ។ ការអនុវត្តបែបនិយាយស្មានៗដូចជាការសំអាងលើ «បទពិសោធន៍» នោះ វានឹងបំពានលើគោលការណ៍ជាមូលដ្ឋាននៃយុត្តិធម៌។ ដូច្នេះអ្នកសារព័ត៌មាន ត្រូវប្រុងប្រយ័ត្នលើចំណុចនេះ និងត្រូវចេះសួរបកទៅលើអ្នកដែលយើងសម្ភាសន៍នោះវិញ ដោយមិនត្រូវឱ្យបុគ្គលនោះដឹកច្រមុះអ្នកសារព័ត៌មានតាមចិត្តចង់របស់គេឡើយ។

២៖ តើអ្វីជាមូលដ្ឋានសម្រាប់ការចោទប្រកាន់នរណាម្នាក់ដែលរងការចោទថានៅពីក្រោយការបាញ់ប្រហារ?

- មូលដ្ឋានសម្រាប់ការចោទប្រកាន់ ត្រូវមានដូចតទៅនេះ៖
ភ័ស្តុតាង៖ ការចោទប្រកាន់ថាបុគ្គលនេះជាមេខ្លោង ឬថាបានចូលរួមក្នុងឧក្រិដ្ឋកម្មដូចជាការបាញ់ប្រហារ នឹងត្រូវទាមទារភស្តុតាងដូចជា៖

សម្តីនិយាយរបស់សាក្សី ឬសក្ខីកម្មពីអ្នករួមគំនិត, ខ្សែវីដេអូឃ្លាំមើល ឬកំណត់ត្រាតាមទូរស័ព្ទ ដែលភ្ជាប់ជនជាប់ចោទទៅនឹងបទឧក្រិដ្ឋ, សកម្មភាពពាក់ព័ន្ធផ្សេងៗទៀតដូចជាការទទួលបានលាភសក្ការៈ ឬលាភផ្នែកហិរញ្ញវត្ថុ ឬបញ្ហាជម្លោះផ្ទាល់ខ្លួន, មានភស្តុតាងធ្វើកោសល្យវិច្ច័យ ដូចជាស្នាមមេដៃ ឬបំណែកនៃគ្រាប់ សំបកគ្រាប់ ដែលភ្ជាប់ជនជាប់ចោទទៅនឹងអាវុធ ឬកន្លែងកើតហេតុ។

ស្តង់ដារភស្តុតាង៖ នៅក្នុងប្រព័ន្ធច្បាប់ភាគច្រើន ស្តង់ដារសម្រាប់ការចោទប្រកាន់ព្រហ្មទណ្ឌគឺ «ហេតុដែលអាចកើតមាន» ដែលមានន័យថា មានភស្តុតាងគ្រប់គ្រាន់ដើម្បីជឿថាបុគ្គលនោះអាចនឹងប្រព្រឹត្តបទឧក្រិដ្ឋនេះ។ ការផ្តន្ទាទោស តម្រូវឱ្យមានភស្តុតាង «លើសពីការសង្ស័យសមហេតុផល» និងមិនមែនផ្អែកតែទៅលើបទពិសោធន៍នោះឡើយ។

៣៖ តើវាជាការជ្រៀតជ្រែកក្នុងដំណើរការតុលាការដែរឬទេ ក្នុងការចោទប្រកាន់នរណាម្នាក់ថាជាមេខ្លោងនៅមុនតុលាការបានកាត់ទោសនោះ?

- គេត្រូវពិនិត្យចំណុចដូចតទៅនេះដើម្បីចៀសវាងអំពើជ្រៀតជ្រែកក្នុងដំណើរការតុលាការ៖

ការចោទប្រកាន់នៅខាងក្រៅបន្ទប់សវនាការ៖ ការចោទប្រកាន់ជាសាធារណៈពីនរណាម្នាក់ថាជាមេខ្លោង មុនពេលដំណើរការតុលាការបានបញ្ចប់ វានឹងត្រូវបានគេចាត់ទុកថាជាការបង្ហាញពីការបរិហារកេរ្តិ៍ ឬការរើសអើងមតិសាធារណៈ ដែលអាចរំខានដល់សិទ្ធិរបស់បុគ្គលនោះក្នុងការកាត់ក្តីដោយយុត្តិធម៌។

ដើម្បីឱ្យយុត្តិធម៌ត្រូវបានតម្កល់ទុក ការចោទប្រកាន់ និងបទចោទ ត្រូវតែពឹងផ្អែកលើភស្តុតាងជាក់ស្តែង មិនមែនការបកស្រាយ ឬការសន្មតណាមួយជាប្រធានបទនោះទេ។ ការប្រកាសជាសាធារណៈថានរណាម្នាក់មានពិរុទ្ធភាព ឬជា «មេគំនិត» មុនពេលតុលាការកាត់ក្តីរឿងនោះអាចរំខានដល់ដំណើរការត្រឹមត្រូវ ហើយអាចបង្កើតជាការបំពានផ្លូវច្បាប់ ឬក្រមសីលធម៌។

យើងងាកមករឿងក្រមសីលធម៌នៃការផ្សាយព័ត៌មាន ដែលបំប៉ោងសម្លេងឃោសនាចោទប្រកាន់របស់ សម រង្ស៊ី ដែលគ្មានផ្អែកលើភស្ថុតាងពិតប្រាកដនេះវិញ។

*ហេតុអ្វីបានជា សម រង្ស៊ី ប្រញាប់ប្រញាល់ឱ្យវិទ្យុអាស៊ីសេរី ធ្វើការផ្សាយបំប៉ោងព័ត៌មានហេតុការណ៍បាញ់សម្លាប់លោក លិម គិមយ៉ា និងការដាក់កំហុសមកលើរាជរដ្ឋាភិបាលកម្ពុជា?

មានចំណុចសង្ស័យមួយចំនួន ដែលទាក់ទងនឹងសកម្មភាពរបស់ សម រង្ស៊ី ជុំវិញករណីបាញ់សម្លាប់អតីតអ្នកនយោបាយខ្មែររស់នៅក្នុងប្រទេសបារាំងនេះ។ សម រង្ស៊ី ហាក់ដូចជាកំពុងរៀបចំបង្កើតនូវសេណារីយ៉ូ មួយចំនួនដើម្បីឱ្យគេមើលឃើញថាអំពើបាញ់សម្លាប់នោះ អាចជាប់ទាក់ទងនឹងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដែលកំពុងកាន់អំណាច។

បើតាមអតីតប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា បច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសន្តិភាពកម្ពុជា លោកបានសង្ស័យថាវាជានយោបាយ «ស្វាស៊ីបាយ លាបមាត់ពពែ» ។ លោក សួន សេរីរដ្ឋា បានទម្លាយនូវអាថ៌កំបាំងមួយក្នុងពេលដែលលោកធ្លាប់សេពគប់ជាមួយ សម រង្ស៊ី កាលពីអតីតកាល។ លោកថ្លែងថា កាលពីក្រោយបោះឆ្នោតឆ្នាំ២០១៣ រួបលោកត្រូវពួក សម រង្ស៊ី ធ្លាប់បានទាក់ទងល្បួងឱ្យចូលរួមក្នុងផែនការមួយដើម្បីសម្លាប់លោក កឹម សុខា ដើម្បីយកលេសទម្លាក់កំហុសលើគណបក្សប្រជាជនកម្ពុជា រួចឱ្យក្រុម សម រង្ស៊ី យកសព កឹម សុខា ធ្វើអាជីវកម្ម។

លោក សួន សេរីរដ្ឋា បន្តថាក្រុម សម រង្ស៊ី និងក្រុម កឹម សុខា នេះថ្វីត្បិតតែចូលគ្នា ប៉ុន្តែមានការបែងចែកជំនាន់នោះគឺរវាងជំនាន់ចាស់ (សាធារណៈរដ្ឋ) និងជំនាន់ក្មេងស្រករក្រោយ។ លោក សួន សេរីរដ្ឋា បញ្ជាក់ថា ពួកគេមានចិញ្ចឹមកម្លាំងក្នុងប្រទេសថៃ និងកម្លាំងទាំងនោះមានទិសដៅបង្កការអុកឡុក និងបង្កើតឧក្រិដ្ឋកម្មហិង្សានិយម និងភេរវកម្មដូចគ្នា។

លោក សួន សិរីរដ្ឋា បានកត់សម្គាល់ថាលោក លិម គិមយ៉ា មុនចេញពីបារាំងមកប្រទេសថៃ ធ្លាប់មានទំនាស់ទស្សនៈប្រឆាំងជាមួយ សម រង្ស៊ី រឿងបង្កើតចលនាតស៊ូរំដោះជាតិ ដោយសារ លិម គិមយ៉ា យល់និងចាត់ទុកថាចលនានេះ គឺជាខុសច្បាប់ អាចក្លាយជាក្រុមភេរវកម្មប្រឆាំងរដ្ឋជាសមាជិក UN។ ដូចនេះហើយទើប លិម គិមយ៉ា សម្រេចចិត្តមកប្រទេសថៃ ដើម្បីស្វែងរកការចូលរួមនយោបាយជាមួយគណបក្ស ដែលបង្កើតឡើងដោយក្រុមអតីតសង្គ្រោះជាតិ។ លោក លិម គិមយ៉ា ត្រូវគេរាយការណ៍ថា គ្រោងនឹងជួបជាមួយលោក យ៉ែម ប៉ុញ្ញាឬទ្ធិ ដើម្បីចូលរួមធ្វើនយោបាយក្នុងគណបក្សនេះ។

លោក សួន សេរីរដ្ឋា បានទាញការសន្និដ្ឋានថា ករណីឃាតកម្មលើ លិម គិមយ៉ា គឺមានជាប់ទាក់ទងនឹងក្រុមជាកម្លាំងនៅលើទឹកដីថៃ ដែលជាក្រុមបង្កើតនិងចិញ្ខឹមដោយ សម រង្ស៊ី និង កឹម សុខា ដើម្បីរកការទម្លាក់កំហុសមកលើរាជរដ្ឋាភិបាលកម្ពុជា ក្នុងនយោបាយ «ស្វាស៊ីបាយ លាបមាត់ពពែ»។

ម្យ៉ាងវិញទៀត វាមិនមែនជាលើកទី១ទេ ដែល សម រង្ស៊ី បានប្រើប្រាស់ការផ្សាយប្រព័ន្ធឃោសនាមិនឯករាជ្យដូចជាវិទ្យុអាស៊ីសេរីនោះជាដើម ក្នុងការជួយបន្ទរការឃោសនាព័ត៌មានមិនពិត ដើម្បីស្វែងរកពិន្ទុនយោបាយ។ នៅក្នុងឆ្នាំ២០១៣ និងក្នុងឆ្នាំ២០១៨ជាដើម នៅមុនការបោះឆ្នោតសកលទាំង២បានប្រព្រឹត្តទៅនោះវិទ្យុអាស៊ីសេរី តែងជួយបំប៉ោងនូវសម្តីឃោសនារបស់ សម រង្ស៊ី ដែលនិយាយចោទប្រកាន់ដាក់មកលើរាជរដ្ឋាភិបាលអំពីការបោះឆ្នោតគ្មានតម្លាភាព សេរី និងយុត្តិធម៌ បើទោះបីជាដំណើរការបោះឆ្នោត មិនទាន់បានប្រព្រឹត្តទៅក៏ដោយ។ នេះជាឧបាយកលដ៏ថោកទាបបំផុត ដែល សម រង្ស៊ី និងបក្ខពួកទម្លាប់ធ្វើដើម្បីរកការទម្លាក់កំហុសដាក់មកលើរាជរដ្ឋាភិបាល។

ពាក់ព័ន្ធនឹងការចោទប្រកាន់ដោយគ្មានភស្ថុតាងជុំវិញការបាញ់សម្លាប់អតីតអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិក្នុងទឹកដីថៃនាពេលចុងក្រោយនោះទៀត វិទ្យុអាស៊ីសេរី ក៏នៅតែជាឧបករណ៍ឃោសនាជួយបំពងរឿងចោទប្រកាន់គ្មានភស្ថុតាងទាំងនោះថែមទៀត ដែលជាការផ្សាយផ្ទុយពីក្រមសីលធម៌របស់សារព័ត៌មានសកលលោក។

ក្នុងការផ្សាយបទសម្ភាសន៍ជាមួយនឹង សម រង្ស៊ី ផ្សាយវេលាយប់ថ្ងៃទី៨មករាឆ្នាំ២០២៥នោះ មានសំណួរមួយបានលេចឡើងមកថា តើនេះអាចជាកំហុសរបស់អ្នកសារព័ត៌មាននោះដែរឬទេ?

បើផ្អែកតាមក្រមសីលធម៌ ចម្លើយគឺ Yes…នោះ គឺអាចជាកំហុសមួយផ្នែករបស់អ្នកសារព័ត៌មានប្រសិនបើពួកគេមិនគោរពតាមគោលការណ៍ជាមូលដ្ឋាននៃអ្នកសារព័ត៌មានដូចជា ភាពត្រឹមត្រូវ, ភាពមិនលំអៀង និងការផ្ទៀងផ្ទាត់។

- នេះជាមូលហេតុដែលយើងហ៊ាននិយាយថា វាជាកំហុសរបស់អ្នកសារព័ត៌មាន៖

១៖ កាតព្វកិច្ចផ្ទៀងផ្ទាត់ការពិត៖ អ្នកសារព័ត៌មាន ត្រូវមានការទទួលខុសត្រូវក្នុងការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃព័ត៌មាន ដែលពួកគេរាយការណ៍។ ប្រសិនបើពួកគេផ្សាយនូវការអះអាងដែលមិនបានបញ្ជាក់ដោយមិនស្វែងរកភស្តុតាង ឬទស្សនៈផ្សេងទៀតនោះទេ គឺពួកគេអាចរួមចំណែកដល់ការផ្សព្វផ្សាយព័ត៌មានមិនពិត។

២៖ ជៀសវាងការលំអៀង៖ អ្នកសារព័ត៌មាន គួរតែរក្សាភាពមិនលំអៀង និងជៀសវាងការពង្រីកការនិទានរឿងតែម្ខាង ជាពិសេសនៅពេលរាយការណ៍អំពីការចោទប្រកាន់ដែលមានលក្ខណៈនយោបាយ។ ការខកខានក្នុងការត្រួតពិនិត្យការពិត ឬការផ្តល់វេទិកាសម្រាប់ការទាមទារដែលគ្មានមូលដ្ឋាន អាចបង្ហាញពីភាពលំអៀង ឬការធ្វេសប្រហែស។

៣៖ ការរៀបចំរឿង និងខ្លឹមសារ៖ អ្នកសារព័ត៌មាន ត្រូវមានការទទួលខុសត្រូវក្នុងការរៀបចំរឿងក្នុងរបៀបមួយដែលផ្តល់ខ្លឹមសារដ៏ត្រឹមត្រូវរបស់វា។ ការផ្សាយការចោទប្រកាន់ដោយមិនបញ្ជាក់ឱ្យច្បាស់លាស់អំពីលក្ខណៈស្មានរបស់ពួកគេ ឬមិនបង្ហាញការប្រឆាំងជំទាស់នឹងសម្តី មិនច្បាស់នោះទេ វាបង្កហានិភ័យនាំឱ្យអ្នកស្តាប់ឬទស្សនិកជនយល់ច្រឡំថារឿងនោះវាជាការពិត។

ការផ្សាយរបស់វិទ្យុអាស៊ីសេរីជុំវិញរឿងចោទប្រកាន់អំពើបាញ់សម្លាប់លោក លិម គិមយ៉ា នៅលើទឹកដីថៃ គឺជារឿងមួយដែលគេចាត់ទុកថាជារឿងនយោបាយដើម្បីលាបពណ៌អាក្រក់ដាក់ ទៅលើរាជរដ្ឋាភិបាលកម្ពុជា ដើម្បីតែគំនុំបុគ្គលរបស់ សម រង្ស៊ី។

ដើម្បីការផ្សាយព័ត៌មាននេះឱ្យមានលក្ខណៈសុក្រិត្យ អ្នកសារព័ត៌មានតម្រូវត្រូវស៊ើបអង្កេត និងមានចំណេះដឹងគ្រប់គ្រាន់លើផ្នែកច្បាប់ ពីព្រោះការផ្សាយខ្លះដែលខុសក្រមសីលធម៌ ដើម្បីតែចង់ឱ្យគេចុច Like ឬចូលស្តាប់ក្នុងកម្មវិធីរបស់ខ្លួន ក្នុងរឿងឃាតកម្មអ្វីមួយ ដើម្បីឱ្យទាញចូលក្នុងរបៀបវារៈនយោបាយ ឬដើម្បីតែផលប្រយោជន៍ទាក់ទាញទស្សនិកជន គេអាចពឹងរកបុគ្គលនយោបាយណា ដែលអាចទាក់ទាញអារម្មណ៍ដូចជា សម រង្ស៊ី នោះជាដើមដើម្បីឱ្យគាត់ធ្វើអត្ថាធិប្បាយដោយអ្នកសារព័ត៌មានោះ មិនបានខ្វល់ខ្វាយនឹងខ្លឹមសារលំអៀង ការពិនិត្យដោយហ្មត់ចត់នូវចំណុចត្រូវសួរបកឱ្យមានភាពសមហេតុផលទៅវិញ ដើម្បីភាពសុក្រិត្យរបស់អ្នកសារព័ត៌មានអព្យាក្រិត្យឡើយ។

ការផ្សាយព័ត៌មានបែបនោះ នឹងធ្វើឱ្យអ្នកសារព័ត៌មានប្រឈមនឹងកំហុសលើកត្តាក្រមសីលធម៌ និងអាចឈានដល់ការចោទប្រកាន់ផ្សេងៗថែមទៀត ដែលមិនមែនជាសេរីភាពនៃការបញ្ចេញមតិឬការផ្សាយព័ត៌មានដ៏ត្រឹមត្រូវនោះឡើយ។

អ្វីដែល Fresh Exclusive បានលើកបង្ហាញចំណុចមកបញ្ជាក់ទាំងនេះ គឺក្នុងបំណងចង់ឱ្យអ្នកសារព័ត៌មានទូទៅ មិនត្រូវជឿទាំងស្រុង លើការនិយាយមួយចំហៀងរបស់អ្នកនយោបាយទុច្ចរិតដូចជា សម រង្ស៊ី ដែលតែបំពងសម្លេងតាមវិទ្យុអាស៊ីសេរីនៅក្រៅប្រទេស ដោយគ្មានការទទួលខុសត្រូវនោះឡើយ៕