Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្នាក់ដឹកនាំ និងមន្រ្តី គ.ជ.ប នាំគ្នារត់ចេញពីបន្ទប់ប្រជុំក្រោយផ្ទុះឥដ្ឋការ៉ូស្មានថា បាក់អាគារ, កន្លះម៉ោងក្រោយទើបប្រជុំវិញ

19-10-2016 11:27

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងមន្រ្តី គណ:កម្មការធិការជាតិរៀបចំការបោះឆ្នោត ហៅថា គ.ជ.ប បាននាំគ្នារត់ចេញពីបន្ទប់ប្រជុំទាំងមានការភ័យខ្លាច ក្រោយពួកគេលឺសូរលាន់ប្រេះៗ ស្មានថា បាក់អាគារ ឫស្រុតអាគារ តែតាមការពិត គឺផ្ទុះឥដ្ឋការ៉ូ នៅបាតក្រោម។

ការភ្ញាក់ផ្អើលមួយឈុលនេះ បានកើតឡើង នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦នេះ នៅពេលដែល គ.ជ.ប បាននិងកំពុងប្រជុំនៃដំណើរការដោះស្រាយពាក្យ បណ្តឹង និងពិនិត្យ នៃដំណើរការចុះឈ្មោះបោះឆ្នោត ក្រោមអធិបតីភាពលោក សិុក ប៊ុនហុក ប្រធាន គ.ជ.ប។

មន្រ្តី គ.ជ.ប ដែលចូលរួមកិច្ចប្រជុំនេះ បានថ្លែងថា «ពេលកំពុងប្រជុំនោះស្រាប់តែលាន់លឺសូរ ប្រេះៗ ពេលនោះ យើងទាំងអស់គ្នា បាននាំគ្នារត់ចេញមកក្រៅ ពីព្រោះគិតថា អាចបាក់អាគារ ដោយសារតែជញ្ជាំងអាគារ មានសភាពចាស់ទ្រុឌទ្រោម តែក្រោយពិនិត្យមើលទៅ គឺផ្ទុះការ៉ូ ប្រហែល៦ទៅ៧ការ៉ូ ដែលករណីនេះ ធ្លាប់បានកើតឡើងផងដែរ»

បើតាមមន្រ្តី គ.ជ.ប រូបនេះ ក្រោយរត់ចេញបានកន្លះម៉ោង ក៏កិច្ចប្រជុំ បានដំណើរការជាធម្មតាឡើងវិញ។

សូមបញ្ជាក់ថា នាពេលបច្ចុប្បន្ន អាគារ គ.ជ.ប មានទីតាំងស្ថិតនៅក្នុងក្រសួងមហាផ្ទៃ ហើយអាគារថ្មី ដែលមានទីតាំងស្ថិតនៅក្បែរណាហ្គាវើល កំពុងសាងសង់៕