(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៩ ខែមករា ២០២៥នេះ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា លោក នង គន្ធាវី បានដឹកនាំក្រុមប្រតិភូទៅចូលរួមប្រារព្ធខួបលើកទី៤៦ នៃទិវាជ័យជម្នះ៧មករា នៅរដ្ឋផេនស៊ីលវែនញ៉ា និងរដ្ឋនូជីរស៊ី តំបន់ឆ្នេរខាងកើត នៃសហរដ្ឋអាមេរិក ដែលនិងប្រារព្ធធ្វើឡើងនៅថ្ងៃទី១១ ខែមករាខាងមុខនេះ។
ផ្តល់បទសម្ភាសន៍រៀបចេញដំណើរ លោក នង គន្ធាវី ប្រធានក្រុមការងារទទួលបន្ទុករដ្ឋផេនស៊ីវេនញ៉ា និងរដ្ឋញូវជេស៊ី នៃក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅសហរដ្ឋអាមេរិក បានឱ្យដឹងថា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ខាងមុខនេះ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា នៅរដ្ឋផេនស៊ីលវែនញ៉ា និងរដ្ឋនូជីរស៊ី តំបន់ឆ្នេរខាងកើត នៃសហរដ្ឋអាមេរិក នឹងធ្វើការជួបជុំគ្នាប្រារព្ធខួបលើកទី៤៦ឆ្នាំ នៃទិវាជ័យជម្នះ៧មករា។
ពិធីនេះក្រុមការងារធ្វើឡើងជារៀងរាល់ឆ្នាំ ដោយគិតចាប់តាំងពីឆ្នាំ ២០១៦មក។ លោក នង គន្ធាវី បានឱ្យដឹងថា ការប្រារព្ធពិធីនេះ ក៏ជាពេលវលាមួយ ដើម្បីសមាជិកសមាជិកាទាំងពីររដ្ឋនេះ បានជួបជុំគ្នាក្នុងឱកាសនៃទិវាជ័យជម្នះ៧មករា ដែលជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា។
លោក នង គន្ធាវី បន្តថា មិនថាតែនៅក្នុងប្រទេស នៅក្រៅប្រទេសនោះទេ ពលរដ្ឋខ្មែរសុទ្ធតែបានរួចរស់មានជីវិតនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដែលជាថ្ងៃរំដោះពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបាននាំមកជូនប្រជាជនវិញ នូវសិទ្ធិសេរីភាពគ្រប់បែបយ៉ាងឡើងវិញ និងបានកសាងខឿនសេដ្ឋកិច្ចជាតិ ឱ្យមានស្ថេរភាពជាបណ្តើរៗតាំងពីពេលនោះមក។
លោក នង គន្ធាវី បន្តថា ថ្ងៃជ័យជម្នះ៧មករា គឺជាគុណបំណាច់ដ៏ធំធេងសម្រាប់ជាតិ និងប្រជាជនកម្ពុជា ក្នុងរយៈពេលជាង៤០ឆ្នាំ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ក្រោយការវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ លោកបន្តថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលក្រោយឆ្លងកាត់ឧបសគ្គ និងការលំបាកច្រើនរាប់មិនអស់ បានធ្វើឱ្យប្រទេសជាតិ សម្រេចបានសមិទ្ធផលធំៗ ជាប្រវត្តិសាស្ត្រយ៉ាងច្រើន។
តាំងពីដំណាក់កាលសង្គ្រោះជាតិ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានធ្វើឱ្យប្រជាជាតិរស់ឡើងវិញ រហូតទទួលបានសន្តិភាពពេញលេញ មានឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង ហើយកំពុងបន្តឈានទៅមុខ ប្រកបដោយភាពជឿជាក់ លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍៕