(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការរៀបចំពិធីជួបជុំ និងបញ្ចូលសមាជិកថ្មីនៅអូស្រ្តាលី នៅប៉ុន្មានថ្ងៃមុននោះ មិនមែនដើម្បីផ្គើន ការរៀបចំពិធីគោរពវិញ្ញាណក្ខន្ធរបស់ លោកបណ្ឌិត កែម ឡី នោះទេ។ លោកថា គម្រោងទៅជួបជុំរបស់លោកនៅអូស្រ្តាលី ត្រូវបានប្រកាសនៅមុន គម្រោងរៀបចំពិធីគោរពវិញ្ញាណក្ខន្ធរបស់ លោក កែម ឡី នៅអូស្រ្តាលីទៅទៀត។

ការអះអាងបែបនេះរបស់ លោក ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងសន្និសីទកាសែតមួយ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦នេះ បន្ទាប់ពីលោក បានដឹកនាំគណៈប្រតិភូត្រឡប់មកដល់ប្រទេសកម្ពុជា ក្រោយធ្វើទស្សនកិច្ចនៅប្រទេសអូស្រ្តាលីជាង១០ថ្ងៃ។

លោក ហ៊ុន ម៉ាណែត បានថ្លែងថា «គាត់ប្រកាស៣អាទិត្យក្រោយយើង ជាចេតនា ឬមួយជាការចៃដន្យ ហើយគាត់រៀបចំក្រោយ ចំនឹងថ្ងៃយើង ដែលយើងប្រកាសធ្វើមុនដោយអត់ដឹងអីសោះ ទី២ ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងការជួបជុំគ្នានេះ យើងរៀបចំកម្មវិធីមិនមែនដើម្បីផ្គើនជាមួយការគោរពវិញ្ញាណក្ខន្ធ លោក បណ្ឌិត កែម ឡី យើងមិនមែនរៀបចំកម្មវិធីនេះដើម្បីរាំច្រៀងលើគំនរទុក្ខអ្នកណានោះទេ»

លោកបានបន្ថែមថា «ទី១ ការកំណត់ពេលវេលា ខាងក្រុមការងារបានកំណត់ពេលវេលាក្នុងការរៀបចំពិធីនៅមែលប៊ន តាំងពីដើមខែប្រាំបួន នៅពេលនោះយើងអត់មានដឹងព័ត៌មានថា លោកពូ ហុង លីម រៀបចំធ្វើកម្មវិធីនៅថ្ងៃទី៧-៨-៩នោះទេ ទាល់តែថ្ងៃទី២៦ គឺ៣សប្តាហ៍ ជិត៤សប្តាហ៍ហើយ ពីពេលដែលយើងកំណត់ បានគាត់ប្រកាស គាត់សម្ភាសជាមួយ SK Media ហើយបានជូនដំណឹងទៅប្រជាពលរដ្ឋថា នឹងរៀបចំនៅថ្ងៃទី៧-៨-៩»។

លោក ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា «ការរៀបចំនេះទៀតគឺខុសពីពេលវេលាផ្លូវការ ដែលរៀបចំនៅថ្ងៃទី១៦ អញ្ចឹងសួរថា ការរៀបចំក្រោយយើងនេះ គាត់ប្រកាសក្រោយយើង៣អាទិត្យ តើជាចេតនា ឬជាការចៃដន្យ»៕