(ភ្នំពេញ)៖ ពលករខ្មែរ៣នាក់ នៅប្រទេសឥណ្ឌូនេស៊ី និងពលករខ្មែរម្នាក់ទៀត នៅប្រទេសម៉ាឡេស៊ី ដែលត្រូវបានជួយសង្គ្រោះពីការជួញដូរ នឹងវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃនេះ និងថ្ងៃស្អែក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេសកម្ពុជា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦នេះ។
ការវិលត្រឡបរបស់ពលករខ្មែរទាំង៤រូបនាពេលនេះ បានធ្វើឡើង ក្រោយពីមានអន្តរាគមន៍ពី ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឥណ្ឌូនេស៊ី បានសហការជាមួយអង្គការអន្តរជាតិ ទេសសន្តរប្រវេសន៍ (IOM)នៅទីក្រុងហ្សាការតា និងមានការអន្តរាគមន៍ពី ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីកាលពីពេលថ្មីៗនេះ។
ពលករខ្មែរ៣នាក់ ដែលបំរើការងារនៅប្រទេសឥណ្ឌូនេស៊ី ត្រូវបានអាជ្ញាធរឥណ្ឌូនេស៊ី នៅខេត្តMedan ឃាត់ខ្លួន កាលពីថ្ងៃទី១២ ខែ កក្កដា ឆ្នាំ២០១៦ ក្នុងពេលឃាត់ទូក នេសាទបរទេស មួយគ្រឿងដែល បានចូលនេសាទក្នុងដែនទឹកឥណ្ឌូនេស៊ី។ពលករខ្មែរទាំង៣នាក់ ដែលមកពីខេត្តព្រៃវែង ទី១ មានឈ្មោះម.ស.ម ទី២ ឈ្មោះ ផ.ភ និងទី៣ ឈ្មោះ អ.ច បានជាប់ឃុំនៅការិយាល័យអន្តោប្រវេសន៍ ប្រចាំកំពង់ផែ Belawan ក្នុងខេត្ត Medan។
ក្រោយ ពីមានការស៊ើបអង្កេតរួចមក អាជ្ញាធរឥណ្ឌូនេស៊ី បានទទួលស្គាល់ថា ពួកគេជាជនរងគ្រោះដោយការរត់ ពន្ធមនុស្ស ហើយបានដោះលែង តាមសំណើរបស់ស្ថានទូតកម្ពុជា។ ពលករខ្មែររងគ្រោះ ទាំង៣នាក់ ខាងលើនឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាវេលាម៉ោង១៧៖១០នាទី នៅថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៦ តាមជើងយន្តហោះលេខ MH762 ។
ចំណែកឯពលករខ្មែរម្នាក់ទៀត ត្រូវបានស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី កំពុងរៀបចំមាតុភូមិនិវត្តន៍។ ពលករខ្មែរ ឈ្មោះ រ.ល.ម អាយុ៣៧ឆ្នាំ មានស្រុកកំណើតនៅខេត្តតាកែវ ដែលបានទៅ ប្រទេសម៉ាឡេស៊ី កាលពីខែធ្នូ ឆ្នាំ២០១៥ និងធ្វើការស្របច្បាប់នៅរោងចក្រផលិតស្រោមដៃ។ ដោយធ្វើការលំបាកពេក ពលករបាន ស្នើសុំអោយស្ថានទូតជួយអោយបានត្រឡប់មកកម្ពុជាវិញ។ ក្រោមកិច្ចអន្តរាគមន៍របស់ស្ថានទូត ថៅកែបានយល់ព្រមប្រគល់លិខិតឆ្លងដែនអោយពលករវិញ។ ពលករ រ.ល.ម នឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាវេលាម៉ោង១៧៖១០នាទី នៅថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០១៦ តាមជើងយន្តហោះលេខ MH762 ៕