(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ បានអញ្ជើញចូលរួម ពិធីបិទវគ្គនាយទាហានកងរាជអាវុធហត្ថថ្នាក់អនុសេនីយ៍ ឆ្នាំ២០១៦ ដែលធ្វើឡើងនៅសាលាកំបូល។
ពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរ ពីលោកឧត្តមសេនីយ៍ មេបញ្ជាការរង ស្នងការ ស្នងការរង លោក នាយការិយាល័យ នាយអាវុធហត្ថ ព្រមទាំងសិក្ខាកាមជាច្រើនរូបផងដែរ។
សូមបញ្ជាក់ថា កម្មវិធីហ្វឹកហ្វឺនសម្រាប់វគ្គនេះ មានរយៈពេលសរុបចំនួន១៦៩ថ្ងៃស្មើនឹង១.០១៤ម៉ោង ដោយចាប់ផ្តើមពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦។
លោក ឧត្តមសេនីយ៍ទោ អឿ សាវ៉ន នាយកសាលាកំបូងបាន ថា ខ្លឹមសារហ្វឹកហ្វឺនរៀនសូត្រមានមុខវិជ្ជាវិទ្យាសាស្ត្រសង្គម មុខវិជ្ជាយោធា មុខវិជ្ជាកងរាជអាវុធហត្ថ មុខវិជ្ជាច្បាប់ មុខវិជ្ជាអប់រំចិត្តសាស្ត្រ និងទស្សនកិច្ចសិក្សា។
សិក្ខាកាមវគ្គនេះ បានប្រឡងបញ្ចប់វគ្គហើយទទួលបានលទ្ធផលខ្ពស់ ជាប់ជាស្ថាពរចំនួន៩៣នាក់ស្មើនឹង៩៣,៩៤ភាគរយ ក្នុងចំណោមសិក្ខាកាមសរុបចំនួន៩៩នាក់។
ការចំណាយថវិកាមានជាអាទិ ធានាការហូប ទិញសម្ភារៈសិក្សា និងឧបត្ថម្ភយោធាចារ្យ សរុបអស់ទឹកប្រាក់ចំនួន ១៥៨.៩០១.០០០រៀល ក្នុងនោះបានទទួលពីក្រសួងការពារជាតិចំនួន៩៦.៣៣០.០០០រៀល និងថវិកាឧបត្តម្ភដោយ នាយឧត្តមសេនីយ៍ សៅ សុខា ចំនួន៦២.៥៧១.០០០រៀល៕