(ភ្នំពេញ)៖ លោក សួន សិរីរដ្ឋា អតីតមេបក្សប្រឆាំងនឹងរាជរដ្ឋាភិបាល បានមើលឃើញថា ឃាតកម្មលើលោក លឹម គឹមយ៉ា អតីតថ្នាក់ដឹកនាំបក្សប្រឆាំង គឺជាករណី «ស្វាស៊ីបាយ លាបមាត់ពពែ»។

លោកបានលើកឡើងថា ករណីនេះ អាចមានទាក់ទងនឹងក្រុមចំនួន២ ដែលកំពុងប្រើប្រាស់ទឹកដីថៃធ្វើជាជម្រកនយោបាយផង និងជាជម្រកឧក្រិដ្ឋកម្មភេរវកម្មផង ហើយដែលតែងតែរៀបចំផែនការធ្វើសកម្មភាពបង្ករចលាចលក្នុងប្រទេសកម្ពុជាកន្លងមក។

បើតាមលោក សួន សិរីរដ្ឋា ក្រុមពីរនោះគឺ៖
ទី១៖ ក្រុមរបស់ សម សេរី ដែលពួកនេះតាំងដើមមកប្រមូលចងក្រងយកតែ ពលករញៀនថ្នាំ រស់នៅក្នុងប្រទេសថៃ ឲ្យចូលជាសមាជិកនិងបង្ហាត់បណ្តុះបណ្តាលតែមនោគមវិជ្ជាហឹង្សា សង្គ្រាមនិយម តាមរយៈបង្កើតកងទ័ពប្រដាប់អាវុធខុសច្បាប់និងកម្លាំងបំផ្ទុះគ្រប់រំសេវជាដើម ។

ទី២៖ ក្រុម សម រង្ស៊ី ដែលជាពួកអតីតៈទាហានសាធារណៈរដ្ឋ ក៏ជាអ្នកសង្គ្រាមនិយមដែរ ដែលបានចូលនិវត្តន៍ពីការងារឬស៊ីលុយរដ្ឋ មកពី បារាំងអាមេរិកនិងកាណាដា ហើយរាល់ថ្ងៃមកសំងំរស់នៅចាយលុយចូលនិវត្តន៍ក្នុងប្រទេសថៃ ដើរទាក់ទងអតីតៈទាហានថៃ អតីតៈទាហានលាវ ឬមីយ៉ាម៉ា ដើម្បីជួយខ្លួនរកឱកាសបង្ករការអុកឡុកប្រទេសខ្មែរឲ្យច្របូកច្របល់វឹកវរនយោបាយក្នុងប្រទេសខ្មែរនិងស្វែងរកឱកាសធ្វើអ្វីមួយដើម្បីបានជាលេសទម្លាក់កំហុសមកលើ គណបក្សប្រជាជនកម្ពុជា។

និយាយដល់ក្រុមនេះ លោក សួន សិរីរដ្ឋា បានទម្លាយថា កាលពីក្រោយបោះឆ្នោតឆ្នាំ ២០១៣ ពួកគេធ្លាប់បានទាក់ទងលួងលោមរូបលោក ឲ្យចូលរួមក្នុងផែនការសម្លាប់ កឹម សុខា ដើម្បីយកលេសទម្លាក់កំហុសលើគណបក្សប្រជាជនកម្ពុជា រួចឲ្យក្រុម សម រង្ស៊ី យកសព កឹម សុខា ធ្វើអាជីវកម្ម។

លោក សួន សិរីរដ្ឋា បន្តថា ក្រុមទាំង២ នេះថ្វីត្បិតតែចូលគ្នា តែមានទាក់ទងជួយលុយ ជួយចិញ្ចឹមគ្នាក្នុងប្រទេសថៃយូរហើយ គ្រាន់តែមិនចូលគ្នាទេ ដោយសារបែងចែករវាង ជំនាន់ចាស់ (សាធារណៈរដ្ឋ) និងក្មេង។ តែពួកគេមានទិសដៅបង្ករការអុកឡុកនិងបង្កើតឧក្រិដ្ឋកម្ម ហឹង្សានិយមនិង ភេរវកម្មដូចគ្នា ។

បើតាន លោក សួន សិរីរដ្ឋា បានឱ្យដឹងថា លោក លឹម គឹមយ៉ា មុនចេញពីបារាំងមកប្រទេសថៃ ធ្លាប់មានទំនាស់ទស្សនៈជាមួយ សម រង្ស៊ី រឿងបង្កើតចលនាតស៊ូរំដោះជាតិ ដោយសារ លឹម គឹមយ៉ា យល់ និងចាត់ទុកថា ចលនានេះ គឺជាខុសច្បាប់ អាចក្លាយជាក្រុមភេរវកម្ម ប្រឆាំងរដ្ឋជាសមាជិក UN ។ ដូចនេះហើយទើប លឹម គឹមយ៉ា សម្រេចចិត្តមកប្រទេសថៃ ដើម្បីស្វែងរកការចូលរួមនយោបាយជាមួយ គណបក្ស ដែលបង្កើតឡើងដោយក្រុមអតីតៈសង្គ្រោះជាតិ ។ តាមអ្នកឲ្យព័ត៌មានច្បាស់ការបានឲ្យដឹងថា លឹម គឹមយ៉ា នឹងជួបជាមួយ ញ៉ែម ប៉ុញ្ញឬទ្ធិ ដើម្បីចូលរួមធ្វើនយោបាយក្នុងគណបក្សនេះ។

យោងលើហេតុផលដូចលើកឡើងខាងលើនេះ លោក សួន សិរីរដ្ឋា ទាញការសន្និដ្ឋានថា ករណីឃាតកម្មលើ លឹម គឹមយ៉ា គឺមានជាប់ទាក់ទងនឹងពួក២ក្រុមខាងលើជាអ្នកធ្វើ ដើម្បីទម្លាក់កំហុសមកលើរដ្ឋាភិបាលកម្ពុជា ពោលគឺ «ស្វាស៊ីបាយ លាបមាត់ពពែ»៕