(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បាន​ប្រកាសកំណត់យកថ្ងៃទី២៤ ខែកញ្ញា ជាថ្ងៃប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញ​នៃ​ព្រះ​រាជា​ណាចក្រកម្ពុជាជារៀងរាល់ឆ្នាំ។ ថ្ងៃទី២៤ ខែកញ្ញា ជាថ្ងៃដែល​រដ្ឋ​ធម្ម​នុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ឡើងវិញ កាលពីឆ្នាំ១៩៩៣ ក្រោយវិបត្តិនយោបាយជាង២០ឆ្នាំ។

ការប្រកាសយកថ្ងៃទី២៤ ខែកញ្ញា ជាថ្ងៃប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញ ត្រូវបាន​ធ្វើឡើងតាមរយៈសារាចរចុះថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ ហើយត្រូវបានផ្សព្វ​ផ្សាយ​​ជាផ្លូវការនៅយប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥នេះ។

ក្នុងសារាចរចុះហត្ថលេខាដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាន​គូសរំលេចថា រយៈពេលជាង៣០ឆ្នាំនៃការ​អនុវត្ត​រដ្ឋធម្មនុញ្ញ ក្រោម​ម្លប់​នៃ​សុខសន្តិភាព និងឯកភាពជាតិ អាស្រ័យដោយមាននយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជា​ប្រធាន​ព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានធ្វើឱ្យ​សម្រេចសមិទ្ធផលធម្មនុញ្ញដ៏ថ្លៃថ្លាលើគ្រប់វិស័យ ជាអាទិ៍ ក្នុងការការពារ ជាតិ សាសនា ព្រះមហាក្សត ការពង្រឹងឯករាជ្យ អធិបតេយ្យជាតិ បូរណភាព​ទឹកដី អារ្យធម៌អង្គរដ៏បវរ និងធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ រីកចម្រើន​ឥត​ឈប់ឈរ។

ក្នុងសារាចរបានបន្ថែមថា ក្នុងបរិបទដ៏ថ្លៃថ្លានេះ វិមានរដ្ឋធម្មនុញ្ញដ៏ល្អវិចិត្រ​មួយ ត្រូវបានស្ថាបនារួចរាល់ជាស្ថាពរ និងត្រូវបានសម្ពោធកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់នៃ ព្រះករុណា ជា​អម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរព​សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ នៅពេលនោះព្រះអង្គបានប្រោសប្រទាន​ព្រះបរម​រាជ​ឱង្ការថា «វិមានរដ្ឋធម្មនុញ្ញ គឺជានីតិបូជនីយដ្ឋាន ដ៏ពិសិដ្ឋតំណាងឱ្យ និមិត្ត​រូបនីតិរដ្ឋ ដែលមាន រដ្ឋធម្មនុញ្ញ ជាកំពូលនៃច្បាប់ផងទាំងឡាយ​នៅ​ព្រះរាជាណាចក កម្ពុជាយើង»។ ព្រះអង្គបានសំណូមពរថា «សមិទ្ធផលធម្ម​នុញ្ញដ៏ត្រចះត្រចង់សម្រេចបានយ៉ាងដូច្នេះ សូមប្រជាជាតិខ្មែរទាំងមូល តាំង​ចិត្តក្នុងសម្មាទិដ្ឋិ ប្រកាន់យកជានិច្ចនិរន្តរ៍នូវស្មារតី យើងប្រជារាស្ត្រខ្មែរ រួប​រួមគ្នា ថែរក្សា ការពារ គោរពខ្ជាប់ខ្ជួនរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ប្រទេស ជានិមិត្តរូបនៃគុណតម្លៃទំនើបរួមផ្សំបុរាណ ជាការសន្យាចំពោះ​អនាគត​រុងរឿងនៃប្រជាជាតិយើង»

ដោយគោរពអនុវត្តតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់នៃ ព្រះករុណាជាអម្ចាស់ជីវិត​លើ​ត្បូង ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈ​ដ៏ខ្ពង់​ខ្ពស់បំផុត និងដោយនាពេលកន្លងមក ក៏ដូចជា នាពេលបច្ចុប្បន្ន រាជរដ្ឋា​ភិបាល​បានកំណត់យកថ្ងៃទី២៤ ខែកញ្ញា ជាទិវា​ប្រកាសរដ្ឋធម្មនុញ្ញដូ​ច​មាន​ចែងក្នុងអនុក្រឹត្យស្ដីពីប្រតិទិនឈប់​សម្រាក​ការ​ងាររបស់មន្ត្រីរាជការ និយោ​ជិត កម្មករ ជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ដែលជាថ្ងៃប្រកាសឱ្យប្រើរដ្ឋ​ធម្មនុញ្ញ​នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងស្មារតីខាងលើនេះ រាជរដ្ឋាភិបាល សម្រេចដាក់ចេញនូវវិធានការណែ​នាំ​ដូចខាងក្រោម៖
១៖ កំណត់យកថ្ងៃទី២៤ ខែកញ្ញា ជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធ ពិធីគោរព​រដ្ឋ​ធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

២៖ គ្រប់ក្រសួង ស្ថាប័ន ត្រូវរៀបចំគណៈប្រតិភូថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ចូលរួមប្រារព្ធ ពិធីគោរព រដ្ឋធម្មនុញ្ញ នៅនីតិបូជនីយដ្ឋានវិមានរដ្ឋធម្មនុញ្ញ នាថ្ងៃទី២៤ ខែកញ្ញា ជារៀងរាល់ឆ្នាំ ដែលត្រូវរៀបចំដោយគណៈកម្មាធិការ​ជាតិ​រៀប​ចំបុណ្យជាតិ-អន្តរជាតិ។ ដោយឡែកគ្រប់មន្ទីរ អង្គភាពនានា នៅ រាជធានីនិងតាមបណ្តាខេត្ត ត្រូវរៀបចំប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញ តាម​ទី​តាំង និងលទ្ធភាពជាក់ស្តែង។

៣៖ គ្រប់ក្រសួង ស្ថាប័ន ស្ថានីយវិទ្យុ ទូរទស្សន៍ជាតិ និងឯកជន ព្រមទាំង​បណ្តាញផ្សព្វផ្សាយនានា ត្រូវប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីចូលរួម​ផ្សព្វ​ផ្សាយ​ឱ្យបានទូលំទូលាយនូវរដ្ឋធម្មនុញ្ញ និងប្រវត្តិ ទាក់ទងនឹងការបង្កើត​រដ្ឋ​ធម្មនុញ្ញ ក្នុងគោលដៅបំផុសស្មារតីគោរព ការពារ លើកតម្កើង និងប្រតិបត្តិ តាមរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ។

សូមបញ្ជាក់ថា បន្ទាប់ពីវិបត្តិនយោបាយ និងសង្គ្រាមស៊ីវិលជាង២០ឆ្នាំ រដ្ឋ​ធម្ម​នុញ្ញថ្មីរបស់​កម្ពុជា ដែលត្រូវបានប្រើប្រាស់នាពេលបច្ចុប្បន្ននេះ ​ត្រូវបាន​សភាធម្មនុញ្ញអនុម័តនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ នាសម័យប្រជុំ​លើកទី២ និងត្រូវ​បាន​ព្រះបាទសម្ដេច នរោត្ដម សីហនុ អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឡាយ​ព្រះហស្ត​លេខាប្រកាសឱ្យប្រើជាផ្លូវការ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ គឺជារដ្ឋធម្មនុញ្ញទី៦ ចាប់​តាំង​ពីប្រទេសកម្ពុជា បាន​ទទួលយកប្រព័ន្ធដឹកនាំរដ្ឋបែបទំនើបតាមបែប​បស្ចិម​លោក ដោយបានប្រកាសឲ្យប្រើរដ្ឋ​ធម្មនុញ្ញ​ទំនើបលើកដំបូង​ក្នុងឆ្នាំ​១៩៤៧ ដែលមានគុណតម្លៃគ្រឹះនៃធម្មនុញ្ញនិយម រួមមាន (១) ប្រជាធិប​តេយ្យ (២) សិទ្ធិមនុស្ស (៣) ការបែងចែកអំណាច និង (៤) នីតិរដ្ឋ ត្រូវបាន​យកមក​ផ្សាំ​ជា​មួយសង្គមខ្មែរចាប់តាំងពីពេលនោះមក។ ប៉ុន្តែការអនុវត្តគុណ​តម្លៃទាំងនោះ ពុំមានស្ថិរភាពជាប់​បាន​យូរអង្វែងទេ អាស្រ័យដោយប្រទេស​កម្ពុជា​ពើបប្រទះនឹងវិបត្តិនៃការដូររបបនយោបាយ​ជាច្រើន​លើកច្រើនគ្រា។

ក្រោយការដួលរលំទៅនៃគ្រឹះធម្មនុញ្ញនិយមទំនើបឆ្នាំ១៩៤៧ ដោយរដ្ឋ​ប្រហារ​ឆ្នាំ១៩៧០ កម្ពុជា បានឆ្លងកាត់បទពិសោធន៍នៃការអនុវត្តរដ្ឋធម្មនុញ្ញដែលកំណត់របបនយោបាយខុសៗគ្នា។ ប៉ុន្តែពុំ​បាន​ធ្វើឱ្យប្រទេសកម្ពុជាទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនោះទេ ពិសេសនៅ​ទសវត្សរ៍​ឆ្នាំ១៩៧០ បាននាំកម្ពុជាឱ្យធ្លាក់ខ្លួនដ៏សែនរន្ធត់ ឆ្លងកាត់ទុក្ខសោកវិនាសអន្តរាយ​ទ្រុឌ​ទ្រោម ឱនថយ ដូចមានការចារឹកខ្លឹមសារក្នុងបុព្វកថានៃរដ្នធម្មនុញ្ញឆ្នាំ១៩៩៣។ រហូតមកដល់ការ​សម្រេចបានកិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ទើបប្រទេសកម្ពុជាកសាងបានរដ្ឋធម្មនុញ្ញមួយដោយផ្អែក​លើគោល​ការណ៍ធំៗ​ជាមូលដ្ឋាន ដែលមានចែងក្នុងឧបសម្ព័ន្ធទី៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។

គោលការណ៍ដែលមានចែងក្នុងឧបសម្ព័ន្ធទី៥ ជាគោលការណ៍សារវន្តមាន​លក្ខណៈទំនើប​ជា​គុណតម្លៃស្នូល។ ក្រៅពីគោលការណ៍ជាសារវន្តទាំងនោះ រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ក៏បានចារឹកនូវ​គុណ​តម្លៃរបស់សង្គមខ្មែរ ដែលមានជាប់ពាក់ព័ន្ធនឹងកត្តាប្រវត្តិសាស្ត្រ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងសាសនា របស់ខ្មែរផងដែរ។ រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ គឺជារដ្ឋធម្មនុញ្ញពហុនិយម​ដែល​មានសារធាតុល្បាយ រវាងគុណតម្លៃទំនើប និងគុណតម្លៃប្រពៃណីរបស់សង្គមខ្មែរផ្ទាល់ ដែលពុំ​អាច​កាត់​ផ្តាច់​បានពីកត្តាប្រវត្តិសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ ក្នុងអតីតកាលដ៏យូរលង់របស់កម្ពុជាបានឡើយ។

ការដាក់បញ្ចូលគ្នានូវគុណតម្លៃនិងទស្សនទានធម្មនុញ្ញបែបទំនើប និងគុណតម្លៃខ្មែរនិយម ក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ បង្កើតឡើងនូវពហុសណ្ឋានជាទស្សនៈពហុនិយមបែបនេះ ក្នុងការអនុវត្តរមែងជួបប្រទះនូវការរអាក់រអួល និងបញ្ហាប្រឈម ជាក់ស្តែងមួយចំនួនជាពុំខាន ឧទារហណ៍ ដូចជាការកើតឡើងនូវវិបត្តិនយោបាយ ក្រោយការបោះឆ្នោតជាច្រើនលើក​ច្រើនសាដែល​ស្តែងឡើងឱ្យឃើញទាំងចំណោទ បញ្ហា ចំណោទច្បាប់ ទាំងដំណោះស្រាយ​សម​ស្រប និងចាំបាច់នានា ដើម្បីធានាដល់តម្លៃនៃលទ្ធិប្រជាធិបតេយ្យសេរី និងគោលការណ៍នៃ​ការបោះ​ឆ្នោតពហុបក្ស ក្នុងដំណើរអនុវត្តរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល​៣០ឆ្នាំកន្លងមកនេះ ជារយៈពេលមួយវែងជាងរយៈពេលអនុវត្តរដ្ឋធម្មនុញ្ញមុនៗគ្រប់ជំនាន់។

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាន១៦ជំពូក និង១៥៨មាត្រា។ នៅក្នុងបុព្វកថារបស់​រដ្ឋធម្មនុញ្ញ ក៏បានរំលេចសារដាស់តឿន និងរំលឹកដល់កូនខ្មែរផងដែរថា សង្រ្គាមបាននាំកម្ពុជាឱ្យ​អន្តរាយ ខ្ទេចខ្ទាំ ហើយការបង្កើតរដ្ឋធម្មនុញ្ញជាថ្មី ដើម្បីពង្រឹងនូវការរួបរួមជាតិជាថ្មីឡើងវិញ។ «យើងជាប្រជារាស្ត្រខែ្មរ ដែលធ្លាប់មានអារ្យធម៌ឧត្តុងឧត្តម ប្រទេសជាតិស្តុកស្តម្ភ ធំទូលាយ​ថ្កុំថ្កើងរុងរឿង កិត្យានុភាពខ្ពង់ខ្ពស់ ភ្លឺចែងចាំងដូចពេជ្រ ពណ្ណរាយ បានធ្លាក់ខ្លួន ដ៏សែនរន្ធត់ ក្នុងអំទ្បុងពីរទសវត្សរ៍ចុងក្រោយនេះ ឆ្លងកាត់ទុក្ខសោក វិនាសអន្តរាយទ្រុឌទ្រោមឱនថយមហា​សោកស្តាយ បានភ្ញាក់រលឹកក្រោកឈរទ្បើង ចងបាច់ឆន្ទៈមោះមុត ប្តូរផ្តាច់ រួបរួមគ្នាពង្រឹង ឯកភាពជាតិ រក្សាការពារទឹកដីកម្ពុជា អធិបតេយ្យ ថ្លៃថ្លា និងអារ្យធម៌អង្គរ ដ៏បវរ កសាងប្រទេសជាតិឱ្យទៅជា «កោះសន្តិភាព» ទ្បើងវិញ។

មកដល់បច្ចុប្បន្ននេះ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាកម្ពុជា ឆ្នាំ១៩៩៣ នេះ ត្រូវរដ្ឋសភាជាតិ ធ្វើវិសោធនកម្មចំនួន១០លើកមកហើយ។

• លើកទី១៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៤ នាសម័យប្រជុំរដ្ឋសភា ជាកិច្ចប្រជុំវិសាមញ្ញ នីតិកាលទី១
• លើកទី២៖ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ១៩៩៩ នាសម័យប្រជុំរដ្ឋសភា ជាវិសាមញ្ញ នីតិកាលទី២
• លើកទី៣៖ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០០១ នាសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី២
• លើកទី៤៖ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០០៤ នាសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៣
• លើកទី៥៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០០៥ នាសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលកាលទី៣
• លើកទី៦៖ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០០៦ នាសម័យប្រជុំរដ្ឋសភា លើកទី៤ នីតិកាលទី៣
• លើកទី៧៖ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០០៨ នាសម័យប្រជុំរដ្ឋសភា លើកទី៧ នីតិកាលទី៣
• លើកទី៨៖ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៤ នាសម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៥
• លើកទី៩៖ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៥
• លើកទី១០៖ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ នាសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦។

រដ្ឋធម្មនុញ្ញដែលកម្ពុជា កំពុងតែគោរពប្រតិបត្តិតាមនាពេលបច្ចុប្បន្ននេះ គឺជារដ្ឋធម្មនុញ្ញ ដែលមានអាយុកាលយូរជាងគេ៕