(ភ្នំពេញ)៖ ព័ត៌មានផ្ទៃក្នុងបក្សសង្គ្រោះជាតិបានទម្លាយឱ្យដឹងថា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ លោក សម រង្ស៊ី បានប្រាប់លោក យឹម សុវណ្ណ អំពីការធ្វើប្រជាភិថុតថ្មីមួយឈុតទៀត ដើម្បីជាការតថ្លៃនយោបាយចង់វិលចូលស្រុកផង និងចង់បោកសកម្មជនខ្លួនឯងផង ដោយប្រាប់ឱ្យលោក យឹម សុវណ្ណ ធ្វើជាអ្នកនាំសារនិយាយបន្តថា «លោក សម រង្ស៊ី ចង់ជាប់គុកជំនួសសកម្មជនរបស់ខ្លួន»។ តើនេះជាសម្តីអ្នកក្លាហាន? ទេ! មិនមែនទេ។ នេះជាសម្តីជនកំសាក និងជាសម្តីជនបោកប្រាស់ដែលគ្មានខួរ និងគ្មានការខ្មាសអៀនតែប៉ុណ្ណោះ។ ហេតុអ្វី ? ខ្ញុំសូមចែករំលែក ៣ចំណុចដូចតទៅ៖
១៖ សម រង្ស៊ី ជាទណ្ឌិត គឺជាជនមានទោសរួចស្រាប់ទៅហើយ។ ដូច្នេះមិនចាំបាច់យកអ្នកដទៃណាជាថ្នូរជំនួស ឬបោកអារម្មណ៍អ្នកណាទេ ! មកចូលគុកដោយខ្លួនឯងតែម្តងទៅ។ គុកនៅបើកទ្វារចាំជានិច្ច។ តែការពិតឧបាយកលថ្មីនេះ កើតឡើងមិនដល់មួយសប្តាហ៍ផងទេ គឺក្រោយពេលដែលទណ្ឌិត សម រង្ស៊ី ខ្លួនឯងធ្វើលិខិតសុំ ព្រះមហាក្សត្រ ឱ្យលើកលែងទោស តែមិនបានសម្រេច។ នេះជាភាពបរាជ័យដ៏អាម៉ាសរបស់ សម រង្ស៊ី។ ឧបាយកលនយោបាយ ប្រជាភិថុតនេះ ក៏ជាការប្រមាថស្ថាប័នជាតិ និងព្រះមហាក្សត្រផងដែរ ដែល សម រង្ស៊ី ព្រហើនហ៊ានបំពាន ព្រះរាជសិទ្ធិដោយសារកំហឹងផ្ទាល់ខ្លួន និងដោយល្ងីល្ងឺ។ តើមានអ្នកណាហ៊ានថ្លើមធំដោះដូរអ្នកទោសបាន ? មានច្បាប់មកពីណា? គ្មានទេ។ តើអ្វីដែល សម រង្ស៊ី ធ្វើនេះចង់បញ្ជាក់អត្តសញ្ញាណសួរពូជថា «ឈាមរបស់ពូជក្បត់ជាតិ គឺព្រហើនបែបនេះ!?»។
២៖ អំពីផ្លូវច្បាប់៖ គ្មានផ្លូវច្បាប់នៅលើពិភពលោកនេះ ឱ្យមានការជាប់គុកជំនួសទេ គឺគ្មានទាល់តែសោះ។ ប្រទេសណាក៏មិនធ្វើបានទេ។ សូម្បីឋាននរក ក៏មិនបើកទ្វារឱ្យស្លាប់ជំនួសដែរ។ តែក្នុងល្បែងប្រជាភិថុត ខ្វះការគិតគ្រប់ជ្រុងជ្រោយ និងខ្វះសីលធម៌នេះ ខ្ញុំសូមចែករំលែកទិដ្ឋភាពខ្លះ ដើម្បីឱ្យ សម រង្ស៊ី បានភ្លឺភ្នែក ជាពិសេសកុំឱ្យសកម្មជនខ្លះ នៅបន្តចាញ់បោកជនមានទោសឥតល្ហែរដូចជា សម រង្ស៊ី នេះ។
សម រង្ស៊ី អាចធ្វើឱ្យសកម្មជនខ្លួន ដែលខ្លួនបានបោកប្រើ ហើយជាប់គុកកន្លងមក មានដូចជា ហុង សុខហ៊ួរ, អ៊ុំ សំអាន, មាជ សុវណ្ណារ៉ា និងមនុស្សមួយចំនួនទៀត អាចទទួលស្ថានសម្រាលពីតុលាការបាន ប្រសិនបើ សម រង្ស៊ី ប្រកាសថា ខ្លួនជាមេក្លោងរាល់ឧបាយកលឧក្រិដ្ឋក្លែងឯកសារសន្ធិសញ្ញា ផែនទី និងជាមេក្លោង រៀបចំផែនការបង្ករឱ្យមានអំពើហិង្សានានាកន្លងមក។ តើ សម រង្ស៊ី ពិតជាក្លាហានក្នុងផ្លូវច្បាប់ដ៏ត្រឹមត្រូវបែបនេះទេ ? ចម្លើយ គឺមិនផេះទេ។ តើមនុស្សប៉ុន្មាននាក់ ហើយដែលជាប់គុកដោយសារ សម រង្ស៊ី ? លោក យឹម សុវណ្ណ ជាអ្នកនាំសម្តីឱ្យ សម រង្ស៊ី អាចរាប់ចំនួនបាន !
៣៖ ល្បិចនយោបាយបោកបញ្ឆោតនេះនៅលើគោកពេក៖ អ្វីដែល សម រង្ស៊ី និយាយ ហើយបានពឹងលោក យឹម សុវណ្ណ បន្ទរបន្ថែមនោះ គឺអាចផ្តល់ចម្លើយមួយ និងគ្រាន់ជាសារបញ្ឆោតចិត្តសកម្មជនកំពុងជាប់គុកទាំងប៉ុន្មាននាក់ឱ្យលឺថា៖ «អ្ហែង ទ្រាំជាប់គុកទៀតទៅ។ អញធ្វើអ្វីមិនបាន ដើម្បីជួយខ្លួនឯងមិនបានផង។ អញដឹងដែរ ច្បាប់មិនឱ្យមានជាប់គុកជំនួសទេ។ តែបើអញមិននិយាយសោះ វាស្ងាត់ពេក»។ ចរិតបែបនេះ អ្នកណាក៏ដឹងដែរថា បើ សម រង្ស៊ី នៅក្នុងស្រុក ក៏មិនហ៊ាននិយាយបែបនេះទេ។ បោកគ្នាឱ្យជាប់គុក ហើយឥឡូវនេះតាមបោកគ្នាដល់ក្នុងគុកទៀត sic !
ម្យ៉ាងទៀត ហេតុអ្វីបានជាចាត់ទុកថា នេះជាការបោកបញ្ឆោតថ្មីមួយទៀតរបស់ សម រង្ស៊ី ? ងាយយល់ទេ។ បើ សម រង្ស៊ី ក្លាហានហ៊ានចូលគុកមែន គឺហ៊ានចូលតាំងពីជាង១០ឆ្នាំមុន គឺតាំងពីឆ្នាំ២០០៦មកម្ល៉េះ ដែលមានរឿងក្តីជាមួយសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ឯណោះ។ កុំតែមកអង្វរ សម្តេចតេជោ ហ៊ុន សែន ឱ្យជួយស្នើសុំលើកលែងទោសទៅព្រះមហាក្សត្រ កុំអីគុក។ ហើយបើ សម រង្ស៊ី ចូលគុកតាំងពីពេលនោះ ក៏ប្រហែលជាគ្មានឱកាសបោកប្រើឱ្យគេឯងឱ្យធ្វើខុស ហើយមានទោសរហូតជាប់គុកដូចសព្វថ្ងៃនេះដែរ។ និយាយឱ្យខ្លី សម រង្ស៊ី នេះជាមេអុជអាលនាំចង្រៃដល់គ្រួសារប្រពន្ធកូនគេមិនតិចនាក់ទេ។
បោកគេតាំងពីមុនគេចូលគុក រហូតតាមបោកអ្នកជាប់ក្នុងគុកទៀត។ ល្បិចជាន់កែងឯងហើយ ! សម រង្ស៊ី ភ្លេចថា ល្បិចថ្មីនេះ គឺក្នុងផ្លូវច្បាប់បញ្ជាក់ថា សម រង្ស៊ី ជាមេក្លោងគ្រប់បទល្មើស និងគ្រប់ឧក្រិដ្ឋកម្ម។ បើចង់ចូលគុក មកបំពេញកាតព្វកិច្ចទោសក្នុងគុកលើបទល្មើសរបស់ខ្លួនឯងឱ្យរួចរាល់សិនទៅ។ រឿងដទៃទៀតក៏គង់តែពាក់ព័ន្ធដែរទេ ពីព្រោះភស្តុតាងជាខ្សែសង្វាក់ និងចម្លើយឆ្លើយដាក់មានគ្រប់គ្រាន់ហើយ។ ប្រពន្ធ ហុង សុខហ៊ួរ ក៏កំពុងជេរ សម រង្ស៊ី ស្ទើររាល់ថ្ងៃដែរ។ គាត់និយាយថា ប្តីគាត់ជាប់គុកដោយសារចង្រៃធ្វើតាម សម រង្ស៊ី។
បក្សនយោបាយមួយដែលមានក្បាលម៉ាស៊ីនដឹកនាំបែបនេះ ពេញមួយជីវិតនយោបាយរបស់សកម្មជន គឺគ្មានឱកាសឯណាបង្កើតគំនិតល្អ ដើម្បីជួយអភិវឌ្ឍជាតិនោះទេ។ ដាក់ជើង ដាក់គូថ កន្លែងណា ជេរប្រមាថកិត្យានុភាពជាតិកន្លែងនោះ។ ដូច្នេះជួយអ្វីបាន បើវ៉ល់ពេញក្នុងបក្ស ដែលកើតពីក្តីក្តាំ ដោយសារការបំភ្លៃ ការជេរប្រមាថ លាភពណ៌ និងគំនិតទុច្ចរិតមិនឈប់ឈរយ៉ាងនេះ។ ក្នុងជាតិនេះគ្រប់គ្រាន់ហើយ! មិនបានជួយអ្វីដល់គេឯងទេ បានត្រឹមនាំគេឱ្យជាប់គុក. បើមានជាតិក្រោយមែន សម រង្ស៊ី កុំបាច់ចាប់កំណើតជាមនុស្សអី៕
ដោយ៖ និស្សិត