(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីណែនាំ ស្តីពី ការប្រើប្រាស់គណនីធនាគារជាប្រាក់រៀល សម្រាប់ការស្នើសុំបង្វិលសងអាករលើតម្លៃបន្ថែម។ នេះបើតាមសេចក្ដីណែនាំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥។
ក្នុងគោលបំណងលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិ ឱ្យកាន់តែប្រសើរឡើង និងដើម្បីធ្វើឱ្យការទូទាត់ថវិកា បង្វិលសងអាករលើតម្លៃបន្ថែមកាន់តែចាប់រហ័ស ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមធ្វើការណែនាំដល់អ្នកជាប់ពន្ធធំ និងអ្នកជាប់ពន្ធមធ្យម រួមទាំងបេសកកម្មទូត និងកុងស៊ុលបរទេស អង្គការអន្តរជាតិ និង ទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេស របស់រដ្ឋាភិបាលដទៃទៀត ដែលត្រូវស្នើសុំបង្វិលសងអាករលើតម្លៃបន្ថែម ដូចខាងក្រោម៖
១៖ ត្រូវមានគណនីធនាគារជាប្រាក់រៀល ដែលបានបញ្ចូលនៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់អគ្គនាយកដ្ឋាន ពន្ធដារ សម្រាប់ទទួលការទូទាត់ថវិកាបង្វិលសងអាករលើតម្លៃបន្ថែម។
២៖ ក្នុងករណីពុំទាន់មានគណនីធនាគារជាប្រាក់រៀល ត្រូវបើកបន្ថែមគណនីធនាគារជាប្រាក់រៀល និងត្រូវមក ធ្វើបច្ចុប្បន្នភាពព័ត៌មានគណនីធនាគារ នៅអគ្គនាយកដ្ឋានពន្ធដារឱ្យបានរួចរាល់។
ដោយឡែក បេសកកម្មទូតនិងកុងស៊ុលបរទេស អង្គការអន្តរជាតិ និងទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេស របស់រដ្ឋាភិបាលដទៃទៀត ដែលពុំទាន់មានគណនីធនាគារជាប្រាក់រៀល ត្រូវបានផ្តល់ការអនុញ្ញាតចំពោះការទូទាត់ថវិកា បង្វិលសងអាករលើតម្លៃបន្ថែម ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សង្ឃឹមយ៉ាងមុតមាំថា អ្នកជាប់ពន្ធធំ និងអ្នកជាប់ពន្ធមធ្យម រួមទាំងបេសកកម្មទូត និងកុងស៊ុលបរទេស អង្គការអន្តរជាតិ និងទីភ្នាក់ងារសហប្រតិបត្តិការ បច្ចេកទេសរបស់រដ្ឋាភិបាលដទៃទៀត នឹងយកចិត្ត ទុកដាក់អនុវត្តតាមខ្លឹមសារនៃសេចក្តីណែនាំនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់៕