(ភ្នំពេញ)៖ នាថ្មីៗមកនេះមានវត្តមានសត្វខ្ទីង ដែលជាសត្វដ៏កម្រ និងងាយរងគ្រោះជិតផុតពូជ បានបង្ហាញវត្តមានសារជាថ្មីនៅក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់» ក្នុងភូមិសាស្រ្ត ខេត្តព្រះវិហារ។ ពួកវាតែងមករកចំណីជាមួយហ្វូងគោរបស់អ្នកភូមិ ដោយសុវត្ថិភាព។
ក្រុមមន្រ្តីឧទ្យានុរក្សប្រចាំការនៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងភូមិសាស្រ្ត ខេត្តព្រះវិហារ បានឱ្យដឹងថា សត្វខ្ទីងមេកូន និងហ្វូងសត្វខ្ទីងខ្លះទៀតពួកវាតែងបង្ហាញវត្តមាន នៅក្នុងភូមិភ្ញាក់រលឹក ឃុំធ្មារ ស្រុកជ័យសែន ខេត្តព្រះវិហារ។ ឆ្នាំ២០២៤ កន្លងមក វាបានជាមួយគោអ្នកភូមិប្រមាណ៣ ទៅ៤ដង ក្នុងឆ្នាំ២០២៤រួចមកហើយ។
បើតាមមន្រ្តីឧទ្យានុរក្សប្រចាំនៅតំបន់មួយនេះ បានបញ្ជាក់ប្រាប់ថាតាមរយៈការកត់សម្គាល់នៃវត្តមានរបស់សត្វខ្ទីង ដែលក្នុងនេះមានមេ និងកូនបានបង្ហាញវត្តមានក្នុងភូមិរបស់ប្រជាសហគមន៍ដែលនៅក្បែរដែនជម្រកសត្វព្រៃ ព្រៃឡង់ ដែលក្នុងនេះវាបានមកចូលក្នុងហ្វូងរបស់គោរបស់អ្នកភូមិ។
ទាក់ទិនក្នុងរឿងនេះអ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃជីវៈចម្រុះទាំងនេះដោយសារតែការចូលរួមពីគ្រប់ភាគីក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ និងជីវចម្រុះនៅកម្ពុជាពិសេសនៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់បានល្អប្រសើរ។
ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងបរិស្ថាន បានសំណូមពរឱ្យចូលរួមការពារធនធានធម្មជាតិ ដែលជាផ្នែកមួយសំខាន់មិនត្រឹមតែលើកកម្ពស់ជីវចម្រុះនៅកម្ពុជាទេ តែវាក៏ជាផ្នែកមួយក្នុងការលើកស្ទួយវិស័យទេសចរណ៍ក្នុងការរកចំណូលដល់ប្រជាសហគមន៍ថែមទៀត។
កិច្ចការពារបាននៃជីវចម្រុះ ជួយឱ្យរក្សាបាននូវលំនឹងបរិស្ថានក្នុងតំបន់ ជាពិសេសរក្សាបានសត្វព្រៃ ក្នុងតំបន់ធម្មជាតិ ដែលនេះវាក៏ជាការបន្សល់ទុកនូវកេរ្តិ៍មរតកដល់មនុស្សជំនាន់ក្រោយ ជារបស់ដ៏មានតម្លៃមហាសាលមិនអាចកាត់ថ្លៃបានសោះឡើយ។ នេះជាការបន្ថែមរបស់លោក ខ្វៃ អាទិត្យា។
សូមបញ្ជាក់ថា «ខ្ទីងរស់នៅក្នុងតំបន់មួយចំនួននៃប្រទេសកម្ពុជា ក្នុងនោះមានដូចជា ភូមិភាគឦសាន និងខាងជើង ខេត្តកោះកុង ពោធិ៍សាត់ (ជួរភ្នំក្រវាញ) និងកំពង់ស្ពឺ។
សូមបញ្ជាក់ថាសត្វខ្ទីងមានមាឌធំ ខ្លួនខ្មៅ បូកក្រាស់ លាតសន្ធឹងរហូតដល់ស្ទើរពាក់កណ្ដាលខ្នង ហើយមានកខ្លីបន្តិច រាង មាំដោយបួរនៅផ្នែកខាងក្រោម។ ចំណែកជើងទាំងបួនចាប់ពីជង្គង់ចុះក្រោមមានពណ៌ប្រផេះ រីឯនៅលើថ្ងាសមានរោមវែងពណ៌ប្រផេះ ឬលឿងមាសស្រាល។ ខ្ទីងញី មានមាឌតូច និងស្នែងតូច ហើយពុំសូវមានបូក និងបួរដូចខ្ទីងឈ្មោលទេ។ ស្នែងខ្ទីង មានរាងសំប៉ែតជាងស្នែងទន្សោង ហើយដុះមកពណ៌ប្រផេះខៀវ ផ្នែកគល់ ដុះចេញក្រៅរួចកោងឡើងទៅលើដូចទន្សោងដែរ។ ខ្ទីងមានទម្ងន់ពី៥០០-១០០០គីឡូក្រាម។ ខ្ទីងឈ្មោលពេញវ័យមានកម្ពស់១,៨៥-២ម៉ែត្រ រីឯញី១,៦០ម៉ែត្រ។
សត្វខ្ទីង វាចូលចិត្តរស់នៅក្នុងព្រៃស្រោង ព្រៃល្បោះ វាលស្មៅ និងអាចរស់នៅរយៈកម្ពស់ខ្ពស់ជាងសត្វទន្សោង។ ប្រភេទអាហារដែលវាស៊ីមានដូចជា ល្បះខ្ចី ទំពាង ស្មៅ និងវល្លិ៍ជាដើម ហើយជាធម្មតាខ្ទីងចេញរកស៊ីនៅពេលព្រឹកព្រលឹម និងពេលល្ងាច។ ខ្ទីង ចូលចិត្តរស់នៅជាហ្វូង។ ចំពោះខ្ទីងញី អាចបង្កើតកូនបាន១ បន្ទាប់ពីពរពោះរយៈពេលពី ៩ខែ រីឯកូនរបស់វាមានពណ៌ត្នោត រហូតដល់វាមានអាយុពី៤-៥ខែ ទើបក្លាយទៅជាពណ៌ខ្មៅ៕