(ភ្នំពេញ)៖ លោកស្រី ហ៊ឺ ផានិន អគ្គនាយករងអាជីវកម្ម/ប្រតិបត្តិការ កំពង់ផែស្វយ័តភ្នំពេញ បានកត់សម្គាល់ឃើញថា ជានិន្នាការទៅមុខ ប្រទេសនានា នៅលើពិភពលោក ផ្តោតអាទិភាពជាចម្បងលើវិស័យពាក់ព័ន្ធសំខាន់ៗ តាមរយៈការជំរុញការធ្វើឌីជីថលភាវូបនីយកម្ម និងបរិវត្តកម្មឌីជីថល ដោយផ្តោតអាទិភាពលើការកសាងរដ្ឋាភិបាល សេដ្ឋកិច្ច និងសង្គមឌីជីថល ដើម្បីបង្កើនផលិតភាព និងកសាងភាពធន់នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
លោកស្រីបន្ថែមទៀតថា ជាការពិត, ការជំរុញដល់ការអប់រំលើផ្នែកបច្ចេកវិទ្យា និងឌីជីថល ពិតជាមានសារៈសំខាន់ ដែលយើងទាំងអស់គ្នា ត្រូវចូលរួមសិក្សាស្វែងយល់ និងបង្កើនសមត្ថភាពឱ្យ កាន់តែប្រសើរឡើង ស្របតាមការផ្លាស់ប្តូរ នៃបរិយាកាសសង្គម សេដ្ឋកិច្ច និងបច្ចេកវិទ្យាព័ត៌មានវិទ្យា។
ហេតុដូចនេះ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល និងលោគ្រូ អ្នកគ្រូ ទាំងអស់ នៃវិទ្យាល័យប្រមូលព្រហ្ម និងវិទ្យាល័យមិត្តភាព ខ្មែរ-ជប៉ុន, ថ្នាក់ដឹកនាំ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកព្រះស្ដេច ខេត្តព្រៃវែង ក៏បានយកចិត្តទុកដាក់ខ្ពស់ ដល់សិស្សានុសិស្សទាំងអស់ តាមរយៈការផ្តល់ជូននូវកុំព្យូទ័រ សម្រាប់ផ្គត់ផ្គង់ដល់វិទ្យាល័យ ក៏ដូចជាការចូលរួមផ្តល់ឱកាស ដល់សិស្សានុសិស្សទាំងអស់ បានប្រើប្រាស់កុំព្យូទ័រទាំងនេះ ដើម្បីជាមធ្យោបាយសិក្សារៀនបន្ថែមអំពីបច្ចេកវិទ្យា-ឌីជីថល ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងដើម្បីក្លាយខ្លួនជាធនធានដ៏មានគុណភាពខ្ពស់ ដើម្បីប្រណាំងប្រជែងនៅក្នុងតំបន់ និង បង្កើតវិស័យសេដ្ឋកិច្ចថ្មីៗ ដូចជាអេឡិចត្រូនិច កសិឧស្សាហកម្ម ឡូជីស្លីក នៅក្នុងយុគឌីជីថល នាពេលអនាគតផងដែរ។
លោកស្រី ហ៊ឺ ផានិន លើកឡើងដូច្នេះ ក្នុងឱកាសដឹកនាំសហការីកំពង់ផែស្វយ័តភ្នំពេញ តំណាងឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ អញ្ជើញប្រគល់-ទទួលកុំព្យូទ័រ ៤០គ្រឿង ជូនវិទ្យាល័យ ប្រមូលព្រហ្ម និងវិទ្យាល័យមិត្តភាព ខ្មែរ-ជប៉ុន ស្ថិតនៅស្រុកព្រះស្តេច ខេត្តព្រៃវែង នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។
លោកស្រី ហ៊ឺ ផានិន ចាត់ទុក ការបណ្តុះបណ្តាល និងការបង្កើនសមត្ថភាពធនធានមនុស្ស ផ្នែក បច្ចេកវិទ្យា និងឌីជីថល គឺជាកត្តាចាំបាច់ ដើម្បីចូលរួមគាំទ្រផែនការយុទ្ធសាស្ត្រក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល ស្របទៅនឹងអាទិភាពគន្លឹះ ទាំង៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា រួមមាន «មនុស្ស , ផ្លូវ, ទឹក, ភ្លើង និង បច្ចេកវិទ្យា» ដែលបានបញ្ជាក់យ៉ាងច្បាស់ថា «កត្តាមនុស្ស» ជាវិស័យអាទិភាពទី១ និងបន្ថែមនូវកត្តា «បច្ចេកវិទ្យាឌីជីថល» សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្ម លើកទី៤ និងបរិវត្តកម្មឌីជីថល នៃសេដ្ឋកិច្ច និងសង្គមកម្ពុជា ព្រមទាំងតម្រូវការក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះ និងមធ្យោបាយដ៏សំខាន់ នៃការសម្រេចបាន ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០៕