(ស្វាយរៀង)៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងលោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ បានប្រកាសចូលកាន់មុខតំណែងលោក គង់ សំអាត ជាប្រធានពន្ធនាគារខេត្ដ ជំនួសលោក សួស សាខូ ដែលត្រូវចូលនិវត្ត។

ពិធីនេះ មានការអញ្ជើញចូលរួមពីលោកគណៈប្រតិភូអគ្គនាយកដ្ឋានពន្ធនាគារ លោកប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកអភិបាលរងខេត្ត លោកមេបញ្ជាការកងកម្លាំង៣ លោកប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត លោកអភិបាលក្រុងស្រុកទាំង៨ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីអនុរក្សពន្ធនាគារខេត្តជាច្រើនរូបទៀត។

ក្នុងឱកាសនោះលោក ប៉េង ពោធិ៍សា បានកោតសរសើរ និងថ្លែងនូវការអរគុណ ចំពោះលោកឧត្ដមអគ្គានុរក្សថ្នាក់លេខ២ សួស សាខូ អតីតប្រធានពន្ធនាគារខេត្ត ក្នុងរយៈពេល ១៥ឆ្នាំ បម្រើការងារជាមន្រ្តីនគរបាល ២៣ឆ្នាំ ជាមន្ត្រីពន្ធនាគារក្នុងមូលដ្ឋានខេត្តស្វាយរៀង និងក្នុងនាមជាប្រធានប្រធានពន្ធនាគារខេត្ត រយៈពេល ១៤ឆ្នាំកន្លងមក បានសហការ និងមានទំនាក់ទំនងយ៉ាងល្អប្រសើរ ជាមួយរដ្ឋបាលខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ សមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនជាមួយការទទួលខុសត្រូវខ្ពស់ ធ្វើឲ្យពន្ធនាគារខេត្ត មានវឌ្ឍនភាពជាវិជ្ជមានគួរឲ្យកត់សម្គាល់ ព្រមទាំងបានកសាងនូវស្នាដៃ និងបន្សល់ទុកនូវសមិទ្ធផលល្អៗជាច្រើនទាំងផ្នែករឹង លើការកសាងនូវហេដ្ឋារចនាសម្ព័ន្ធ និងផ្នែកទន់លើការបណ្ដុះបណ្ដាលធនធានមនុស្សគាំទ្រដល់ការអភិវឌ្ឍនៅក្នុងអង្គភាពផងដែរ។

លោកបន្តថា ការផ្លាស់ប្ដូរ ឬការតែងតាំងមុខតំណែងណាមួយនៅក្នុងអង្គភាព ឬស្ថាប័នសាធារណៈ គឺជាបែបបទនីតិវិធីរដ្ឋបាលធម្មតា ដែលត្រូវបានរៀបចំឡើង ដើម្បីធ្វើយ៉ាងណាឲ្យការគ្រប់គ្រង ដឹកនាំអង្គភាពកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបនឹងតម្រូវការការងារ ជាក់ស្តែង លោកឧត្ដមអគ្គានុរក្សថ្នាក់លេខ៣ គង់ សំអាត ដែលត្រូវបានប្រកាសចូលកាន់មុខតំណែង ជាមន្ត្រីធ្លាប់មានបទពិសោធន៍ស្រាប់ ក្នុងការងារដឹកនាំគ្រប់គ្រង និងនាំមកនូវបទពិសោធន៍ពីអង្គភាពចាស់ មកបញ្ចូលគ្នាជាមួយស្ថានភាព និងបទពិសោធន៍នៅអង្គភាពថ្មី ជាពិសេសលើទឹកដីថ្មីនេះ ប្រកបដោយការសហការ និងបំពេញតួនាទីភារកិច្ចរបស់ខ្លួនបានត្រឹមត្រូវ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន ប្រកបដោយសុឆន្ទៈ បុរេសកម្ម អន្តរសកម្ម និងការទទួលខុសត្រូវខ្ពស់។

លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលជាច្រើនដែលលោក សួស សាខូ អតីតពន្ធធនាគារសម្រេចបាន និងណែនាំដល់លោកឧត្ដមអគ្គានុរក្សថ្នាក់លេខ៣ គង់ សំអាត ដែលត្រូវបានប្រកាសតែងតាំង ត្រូវមានសាមគ្គីភាពផ្ទៃក្នុង, គោរពវិន័យនិងការដឹកនាំការងារទៅតាមឋានានុក្រម, យកចិត្តទុកដាក់កែលម្អររាល់ចំណុចខ្វះខាត ដែលកើតមាននៅក្នុងអង្គភាព, ត្រូវមានភាពជាម្ចាស់ការក្នុងការដឹកនាំអង្គភាពពន្ធនាគារ ឱ្យទទួលបានលទ្ធផលល្អ, ត្រូវមានទំនាក់ទំនងល្អ រវាងមន្ទីរអង្គភាពស្ថាប័ននានាជុំវិញខេត្ត ដែលចំណុះឱ្យរដ្ឋបាលខេត្ត ជាពិសេសត្រូវគោរព និងអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ៕