(ក្រចេះ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានលើកឡើងថា យើងទាំងអស់គ្នាអាចនិយាយដោយមោទកភាពថា «រហូតមកដល់ពេលនេះ និងតទៅអនាគត គ្មានគណបក្សណាមួយមកអាចជំនួសគណបក្សប្រជាជនកម្ពុជា ក្នុងក្នុងដឹកនាំរាជរដ្ឋាភិបាល ការពារសន្តិភាព ការពារបូរណភាពដែនដី អធិបតេយ្យភាពជាតិ ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរបស់ជាតិកម្ពុជាបានឡើយ»

ក្នុងឱកាសអញ្ជើញជាអធិបតីភាពប្រារព្ធខួបលើកទី៤៦ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០២៥) នៅក្រុងក្រចេះ, នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥នេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា មកដល់ពេលនេះគឺបានបង្ហាញយ៉ាងច្បាស់ថា គណបក្សប្រជាជនកម្ពុជាជានិមិត្តរូបនៃការផ្លាស់ប្តូរ និងជាចលករនៃការផ្លាស់ប្តូរពីស្ថានភាពដ៏លំបាកលំបិនពីភ្នក់ភ្លើងសង្ក្រាម មកជាស្ថានភាពល្អប្រសើរ មានសុខសន្តិភាព ស្ថិរភាពនយោបាយ និងសូមបងប្អូនប្រជាពលរដ្ឋជឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងជឿជាក់លើការផ្លាស់ប្តូររបស់យើងក្នុងភាពរីកចម្រើន និងសន្តិភាព។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានឱ្យដឹងថា ការអនុវត្តដោយជោគជ័យ «នយោបាយឈ្នះឈ្នះ» នេះបានបញ្ចប់ជាស្ថាពរនូវសង្គ្រាមដ៏រ៉ាំរ៉ៃនៅកម្ពុជា និងបាននាំមកនូវសន្តិភាពពេញលេញ ព្រមទាំងការឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុងនៅចុងឆ្នាំ១៩៩៨។ ប្រទេសកម្ពុជា និងប្រជាពលរដ្ឋទាំងអស់ទើបនឹងបញ្ចប់ការប្រារព្ធខួបលើកទី២៦ នៃនយោបាយឈ្នះឈ្នះ ដែលបានបញ្ចប់សង្គ្រាម និងនាំយកនូវសុខសន្តិភាពពេញលេញ។ នេះជាសន្តិភាព និងការបង្រួបបង្រួមជាតិ ដែលសម្រេចបានមកដោយកម្ពុជាខ្លួនឯងផ្ទាល់ដោយគ្មានការបង្ហូរឈាម គ្មានការប្រើអាវុធ ឬគ្រាប់រំសេវ និងដោយគ្មានការបង្គាប់បញ្ជា ឬការជួយជ្រោមជ្រែងពីខាងក្រៅ។

ត្រង់ចំណុចនេះ ត្រូវបានលោករដ្ឋមន្ត្រី បានថ្លែងថា ជាការពិតស្ថានភាពដូច្នេះពុំធ្លាប់កើតមានឡើយ ក្នុងរយៈពេល ៥០០ឆ្នាំចុងក្រោយនៃប្រវត្តិសាស្ត្រកម្ពុជា ដែលប្រជាជាតិយើងទាំងមូលស្រុះស្រួលគ្នា រស់នៅក្រោមដំបូលនៃរដ្ឋធម្មនុញ្ញតែមួយ ក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលតែមួយ ដោយគ្មានការបែងចែកកងកម្លាំងប្រដាប់អាវុធ និងតំបន់ត្រួតត្រាផ្សេងៗគ្នា ហើយប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយរួមរស់ជាមួយគ្នាក្នុងសុខសន្តិភាព និងស្ថិរភាពយ៉ាងសុខដុមរមនាក្រោមម្លប់នៃព្រះរាជបល្ល័ង្ក និងព្រះមហាក្សត្រតែមួយអង្គជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ សន្តិភាព និងស្ថិរភាព គឺជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍ ហើយការអភិវឌ្ឍប្រកបដោយសមធម៌ និងបរិយាប័ន្ន គឺជាលក្ខខណ្ឌចាំបាច់សម្រាប់ការពង្រឹង និងការធានាឱ្យបាននូវសុខសន្តិភាពនិងស្ថិរភាពសង្គម។ សន្តិភាពដែលកម្ពុជាមានបច្ចុប្បន្ន គឺជាបទពិសោធមួយរបស់ប្រទេសកម្ពុជា ដែលធ្លាប់ត្រូវបានញាំញីដោយសារសង្គ្រាម ហើយបច្ចុប្បន្នកម្ពុជាសម្រេចបាននូវការផ្លាស់ប្តូរមុខមាត់ថ្មីគួរជាទីមោទនៈ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមថា កាលពីអតីតកាលកន្លងទៅ កម្ពុជាល្បីក្នុងសឹកសង្គ្រាមដណ្តើមអំណាចគ្នា ហើយមានការផ្លាស់ប្តូររបបគ្រប់គ្រងជាញឹកញាប់ ប៉ុន្តែបច្ចុប្បន្ននេះ កម្ពុជាជាប្រទេសដែលគ្រប់គ្រងដោយនីតិរដ្ឋ គោរពយ៉ាងខ្ជាប់ខ្លួននូវគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ជាមួយនឹងការរៀបចំការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ សេរី និងយុត្តិធម៌យ៉ាងទៀងទាត់ ដើម្បីផ្តល់សិទ្ធិឱ្យប្រជាជនអាចជ្រើសរើស មេដឹកនាំប្រទេស ជានីតិរដ្ឋដែលគោរពគោលការណ៍ច្បាប់ និងរដ្ឋអធិបតេយ្យ ដែលមានឯករាជ្យ និងបូរណភាពទឹកដីពេញលេញ។ កម្ពុជាដែលពីមុនជាប្រទេសត្រូវទទួលរងការហ៊ុំព័ទ្ធ និងឯកោទាំងខាងនយោបាយ និងសេដ្ឋកិច្ច ឥឡូវនេះបានក្លាយជាប្រទេស ដែលកំពុងសមាហរណកម្មខ្លួនយ៉ាងសកម្មទៅក្នុងរចនាសម្ព័ន្ធ និងនិម្មាបនកម្មតំបន់ និងពិភពលោក និងជាប្រទេសដែលកំពុងដើរតួនាទីយ៉ាងសកម្ម ដោយស្មើសិទ្ធិនិងស្មើភាពក្នុងគ្រប់កិច្ចការតំបន់ និងនៅលើឆាកអន្តរជាតិ។

កម្ពុជាដែលពីមុនល្បីថាជាវាលពិឃាត ជាតំបន់អសន្តិសុខ ជាចម្ការមីន ដែលគេភ័យខ្លាចគ្រប់គ្នា ឥឡូវនេះបានក្លាយទៅជាប្រទេសមួយដែលមានសន្តិភាពពេញលេញ និងជាតំបន់ទេសចរណ៍ប្រកបដោយប្រជាប្រិយភាព នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលទទួលបានទេសចររាប់លាននាក់ក្នុងមួយឆ្នាំ។ បច្ចុប្បន្ន ប្រជាជនកម្ពុជារស់នៅជាមួយនឹងភាពសុខដុមរមនាគ្រប់ជាតិសាសន៍ គ្មានការរើសអើង ប្រជាជនគ្រប់រូបទទួលបានសិទ្ធិពេញលេញ ក្នុងការគោរពប្រតិបត្តិជំនឿសាសនា និងទំនៀមទំលាប់ប្រពៃណីដោយសេរី និងទទួលបានសេវាសាធារណៈទូលំទូលាយ និងស្មើភាពគ្នា។

ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា បច្ចុប្បន្ននេះ សុខសន្តិភាពនៅកម្ពុជាមានអាយុ ២៦ឆ្នាំ ហើយប្រជាពលរដ្ឋខ្មែរក៏កាន់តែមើលឃើញពីតម្រូវការចាំបាច់នៃវត្តមានសន្តិភាពនៅកម្ពុជា នៅពេលដែលប្រទេសមួយចំនួន នៅក្នុងតំបន់ និងនៅលើពិភពលោកកំពុងស្ថិតក្នុងភ្នក់ភ្លើងសង្គ្រាមនិងអស្ថិរភាពនយោបាយ។ កាលបរិច្ឆេទនៃថ្ងៃបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជា និងការអនុវត្តដោយជោគជ័យនៃ នយោបាយឈ្នះឈ្នះ ថ្ងៃទី២៩ ខែធ្នូ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដ៏ខ្ពង់ខ្ពស់ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានកំណត់ជា «ទិវាសន្តិភាពនៅកម្ពុជា» ដែលជាថ្ងៃបុណ្យជាតិផ្លូវការមួយនៅព្រះរាជាណាចក្រកម្ពុជា ដែលត្រូវប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ហើយកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ កម្ពុជាបានប្រារព្ធដោយជោគជ័យទិវាសន្តិភាពលើកទី១ ហើយការកំណត់ថ្ងៃទី២៩ ជាទិវាសន្តិភាព៕