(បន្ទាយមានជ័យ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកព្រលឹមថ្ងៃទី១៩ ខែតុលានេះ បានបង្ហោះនូវរូបភាពចំនួន១១សន្លឹក ឈរលើផ្លូវកៅស៊ូ ស្ថិតនៅក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជាតំបន់ដែលសម្តេច និងសហការីបានយកជីវិតដូរ យកសន្តិភាពបន្ទាប់ពីអ៊ុនតាក់ (UNTAC) ដកចេញដោយបន្សល់ទុកឱ្យកម្ពុជាមួយ មានតំបន់ត្រួតត្រា២ និងបន្តសង្គ្រាមមិនឈប់ឈរ។
សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា «រូបថតដែលខ្ញុំបានថតនេះ គឺនៅលើផ្លូវលេខ៥៩ ពេលព្រឹកនៅលើទឹកដីម៉ាឡៃ។ គោលដៅប្រែក្លាយតំបន់អតីតសមរភូមិទៅជាទីផ្សារ និងតំបន់អភិវឌ្ឍន៍ ក្រោមនយោបាយ ឈ្នះ -ឈ្នះ បាន និងកំពុងក្លាយជាការពិតហើយ។ តំបន់ទាំងនេះហើយដែលខ្ញុំ និងសហការីបានយកជីវិតដូរយកសន្តិភាពបន្ទាប់ពីអ៊ុនតាក់ (UNTAC) ដកចេញដោយបន្សល់ទុក ឱ្យកម្ពុជាមួយមានតំបន់ត្រួតត្រា២ និងបន្តសង្គ្រាមមិនឈប់ឈរ»។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណបងប្អូនជនរួមជាតិ ដែលបានគាំទ្រនយោបាយ ឈ្នះ-ឈ្នះ និងបានរួមដំណើរជាមួយសម្តេចតេជោ ក្នុងការថែរក្សាសន្តិភាព និងការអភិវឌ្ឍកន្លងមក។
សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា នៅព្រឹកនេះសម្តេចត្រូវបន្តដំណើរ ពីខេត្តបន្ទាយមានជ័យ ឆ្ពោះទៅកាន់ខេត្តប៉ៃលិន ដែលនឹងត្រូវធ្វើដំណើរឆ្លងកាត់ស្រុកកំរៀង ស្រុកសំពៅលូន ស្រុកភ្នំព្រឹក នៃខេត្តបាត់ដំបង តាមផ្លូវជាតិលេខ៥៩ ដែលភ្ជាប់ពីផ្លូវជាតិលេខ៥ មកប៉ៃលិន មានចំងាយជាយ២០០គីឡូម៉ែត្រ ដើម្បីចុះសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការកម្លាំងប្រដាប់អាវុធ និងពិនិត្យមើលសមិទ្ធផលនានា នៅខេត្តប៉ៃលិន៕