(សៀមរាប)៖ ភ្ញៀវទេសចរម្នាក់ ក្នុងពេលដើរទស្សនានៅតំបន់អង្គរ ក៏បានជ្រុះបាត់កាបូបលុយ តែបានភ្ញៀវទេសចរជាពលរដ្ឋខ្មែររើសបានកាបូបនោះនៅជិតព្រះលានជល់ដំរី នៃក្រុងអង្គរធំ ហើយក៏បានប្រគល់ជូនភ្នាក់ងារទេសចរណ៍ និងនគរបាលបេតិកភណ្ឌដែលប្រចាំការនៅទីនោះ ក្រោយក៏បានរកឃើញនិងប្រគល់ជូនម្ចាស់ដើមវិញជាជនជាតិអូស្ដ្រាលី។
តាមការរាយការណ៍ពីអាជ្ញាធរជាតិអប្សរា ហេតុការណ៍នេះបានកើតឡើងនាថ្ងៃទី៧ ខែមករាឆ្នាំ២០២៥ ដោយភ្នាក់ងារទេសចរណ៍ និងនគរបាលបេតិកភណ្ឌទទួលកាបូបលុយពីភ្ញៀវទេសចរជាតិម្នាក់ឈ្មោះ ភឿន ស៉ីនួន ភេទស្រី អាយុ៤១ឆ្នាំ ដែលបានប្រទះឃើញកាបូបលុយពណ៌ខ្មៅមួយនៅគោលដៅព្រះពាន់ ដោយក្នុងកាបូបមាន៖ ប្រាក់ដុល្លារអូស្រា្តលីចំនួន៣៥០ដុល្លារអូស្រា្តលី ប្រាក់ដុល្លារអាមេរិកចំនួន៣០ដុល្លារអាមេរិក ប្រាក់រៀលចំនួន៣០០០រៀល ប័ណ្ណបើកបរចំនួន១ វីសាកាតចំនួន១។
រហូតមកដល់វេលាម៉ោង១២៖០៧នាទី ថ្ងៃទី៧ដដែល ភ្នាក់ងារទេសចរណ៍បានប្រគល់កាបូបលុយជូននគរបាលបេតិកភណ្ឌដើម្បីរក្សាទុកជូនម្ចាស់ដើមវិញ។ រហូតដល់ម៉ោង៣៖៤០នាទី ម្ចាស់ឈ្មោះ EDWARD M DESSMANN ជនជាតិអូស្រ្តាលី ភេទប្រុស អាយុ៦១ឆ្នាំ បានមករកវិញ ដោយពិនិត្យឃើញថាពិតជារបស់គាត់ ក្រុមភ្នាក់ងារបានសហការណ៍ប្រគល់ជូនគាត់វិញតែម្ដង៕