(ស្វាយរៀង)៖ លោក សៅ សុខា សមាជិកគណៈអចិន្ត្រៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជានកម្ពុជា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកស្វាយទាប ខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកស្វាយទាប ខេត្តស្វាយរៀង។

ពិធីនេះត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកស្វាយទាប ដែលមានការចូលរួមពីក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានស្រុក, ក្រុមការងារថ្នាក់ខេត្ត, ប្រធានគណបក្សស្រុក, សមាជិកគណៈកម្មាធិការគណបក្សស្រុក, ក្រុមការងារយុវជនគណបក្សស្រុក, មេឃុំទាំង៩ និងមេភូមិទាំង៦៣ នៃស្រុកស្វាយទាប ខេត្តស្វាយរៀង។

ការប្រកាសសមាភាពក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកស្វាយទាប ខេត្តស្វាយរៀងនាឱកាសនោះ ក៏ព្រមពេលជាមួយគ្នាដែលគណបក្សប្រជាជនកម្ពុជា បានប្រារព្ធមីទ្ទេញអបអរសាទរខួបលើកទី៤៦ ថ្ងៃជ័យជម្នះ៧មករាផងដែរ។

លោក សៅ សុខា បានក្រើនរំលឹកដល់ក្រុមការងារទាំងអស់ ត្រូវបន្តសហការគ្នាជាមួយក្រុមការងារចាស់ ធ្វើការឲ្យបានល្អ មានឆន្ទៈ មានការទទួលខុសត្រូវ និងមានភាពម្ចាស់ការ ដោយត្រូវចុះដល់មូលដ្ឋាន ស្តាប់ពីតម្រូវការ បញ្ហាប្រឈមពិតប្រាកដរបស់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាគិត រួមគ្នាដោះស្រាយជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាពបំផុត ទាន់ពេលវេលា ប្រកបដោយគណនេយ្យភាព និងតម្លាភាព ព្រមទាំងប្តេជ្ញាបន្តរួមកម្លាំងសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីការកសាងសមិទ្ធផលថ្មីៗថែមទៀត និងប្រែក្លាយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យកាន់តែរីកចម្រើន៕