(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទព័ជើងគោក និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ បានថ្លែងលើកឡើងថា ជនណា ក្រុមណា ដែលមានគម្រោង ឬឃុបឃិតបង្កើតចលនាប្រឆាំងជ្រុលនិយម ដែលបំពុលសង្គម បំផ្លាញដំណើររីកចម្រើនរបស់ប្រទេសជាតិ បង្កការបែកបាក់ជាតិ និងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គឺជាភេរវករ។
ការថ្លែងលើកឡើងបែបនេះរបស់នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា (១៩៧៩-២០២៥) នៅខេត្តព្រះវិហារ នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ដោយមានការចូលរួមពីលោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត, លោក គីម រឹទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងលោក លោកស្រី ប្រធាន អនុប្រធាន សមាជិក ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ឃុំសង្កាត់ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរក្រុង ស្រុក និងប្រជាពលរដ្ឋសរុបជាង១ពាន់នាក់។
នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានថ្លែងថា រយៈពេល៤៦ឆ្នាំ បន្ទាប់ពីជ័យជម្នះ ៧ មករា ១៩៧៩ ប្រទេសកម្ពុជាបានឆ្លងកាត់របត់នយោបាយ និងសេដ្ឋកិច្ចជាច្រើនដំណាក់កាល និងបានផ្លាស់ប្តូរមុខមាត់ថ្មីលើគ្រប់វិស័យបានបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ នាំមកនូវសុខសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សមេ្តចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា។
នាយឧត្តមសេនីយ៍ បានបន្ដថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននិងកំពុងបន្តដឹកនាំនាវាកម្ពុជា និងធានាបាននិរន្តរភាពជាតិ សន្តិភាព ស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងបានកំពុងបង្កើតសមិទ្ធផលថ្មីៗថែមទៀត ដើម្បីឈានទៅសម្រេចឲ្យបាននូវចក្ខុវិស័យជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
នាយឧត្តមសេនីយ៍បានសង្កត់ធ្ងន់ថា ដើម្បីការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដូចនេះសូមគាំទ្រគោលគំនិតក្នុងការកសាងច្បាប់ កំណត់ជនណា ឬក្រុមណា ដែលមានគម្រោង ឬឃុបឃិតបង្កើតចលនាប្រឆាំងជ្រុលនិយម ដែលបំពុលសង្គមបំផ្លាញដំណើររីកចម្រើនរបស់ជាតិ បង្កការបែកបាក់ជាតិ និងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គឺជាភេរវករ ដែលត្រូវតែនាំខ្លួនយកមកវិនិច្ឆ័យទោស។
ដោយឡែក លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងថា ការរៀបចំមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជម្នះ៧មករា នាឱកាសប្រកបដោយក្តីសប្បាយរីករាយនាពេលនេះ ស្ថិតក្រោមដំបូលនៃសុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតឈ្លាសវៃ និងបុិនប្រសព្វរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបន្តដឹកនាំប្រទេសជាតិ រក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ព្រមទាំងបានដាក់ចេញនូវចក្ខុវិស័យប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារ លោក គីម រិទ្ធី បានថ្លែងដោយធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងថែរក្សារាល់សមិទ្ធផល ដែលសម្រេចបានក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ឲ្យបានគង់វង្សជារៀងដ៍រាប ដោយមិនអនុញ្ញាតិឲ្យមជ្ឈដ្ឋានណាមួយ មកបំផ្លាញទៅវិញបានឡើយ ទោះបីជាត្រូវបង់ដោយតម្លៃណាក៏ដោយ៕