(ភ្នំពេញ)៖ ក្រុមការងារគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC) ដែលមានក្រសួងការងារ ក្រសួងពាណិជ្ជកម្ម និង GMAC បានប្ដេជ្ញារួមគ្នាធានាធ្វើឱ្យទំនិញ ដែលផលិតនៅកម្ពុជា ក្លាយជាទំនិញដែលផលិតឡើង ដោយគ្មានការជិះជាន់កម្លាំងពលកម្មរបស់កម្មករ និងកម្លាំងពលកម្មកុមារ ដើម្បីបង្កើនការជឿទុកចិត្តដល់ក្រុមអ្នកបញ្ជាទិញ ក្នុងទីផ្សារអន្តរជាតិ។
BFC ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០១ ដែលមានសមាសភាពមកពី ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, ក្រសួងពាណិជ្ជកម្ម និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ហើយការប្ដេជ្ញាធានាដូចនេះ ត្រូវបានធ្វើឡើងក្នុងសន្និសីទខួបលើកទី១៥ឆ្នាំ នៃគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ក្នុងសណ្ឋារគារសូហ្វីតែល ភ្នំពេញ ភូគីត្រា នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦នេះ។
លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ បានឱ្យដឹងថា BFC ជាគោលនយោបាយជាតិមួយ ក្រោមគំនិតផ្ដួចផ្ដើមរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្សាភ្ជាប់ការធ្វើពាណិជ្ជកម្ម ជាមួយលក្ខខណ្ឌការងារ ដើម្បីចូលរួមអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា និងការបើកទីផ្សារកម្ពុជាឱ្យកាន់តែធំទូលាយ ព្រមទាំងបានលើកកម្ពស់សិទ្ធិសេរីភាពរបស់កម្មករ និយោជិតនៅកម្ពុជាផងដែរ។
លោកបន្តថា «គម្រោងនេះ មិនត្រឹមតែបង្កើតឡើង ដើម្បីពិនិត្យនូវលក្ខខណ្ឌការងារ ក្នុងរោងចក្រដែលបាននាំចេញទៅទីផ្សារធំៗក្នុងពិភពលោក ប៉ុណ្ណោះទេ ថែមទាំងជួយទៅដល់ការបណ្ដុះបណ្ដាល កសាងសមត្ថភាពដល់គ្រប់ភាគីពាក់ព័ន្ធថែមទៀត ទាំងខាងរាជរដ្ឋាភិបាល និយោជក និងសហជីពកម្មករ ដើម្បីបង្កើនការជឿទុកចិត្តមកលើប្រព័ន្ធអធិការកិច្ចជាតិ ពីសំណាក់ទីផ្សារអន្តរជាតិ»។
លោករដ្ឋមន្រ្តីបានបន្តទៀតថា BFC ជាប្រព័ន្ធអធិការកិច្ចមួយ ដែលមានតួនាទីធានាថា «ប្រភពទំនិញនៅកម្ពុជាមានតម្លាភាព ក្នុងបង្ហាញទៅទីផ្សារក្រៅប្រទេស ឱ្យគេឃើញថា ទំនិញដែលផលិតនៅកម្ពុជា គឺជាទំនិញដែលគ្មានការជិះជាន់កម្លាំងពលកម្មរបស់កម្មករ និងមិនមានការជិះជាន់កម្លាំងពលកម្មរបស់កុមារ»។
ជាមួយគ្នានេះដែរ លោក ប៉ាន់ សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក៏បានជំរុញឱ្យក្រុមការងារ BFC ត្រូវខិតខំអនុវត្តកិច្ចការទាំងឡាយ ប្រកបដោយភាពល្អប្រសើរឡើងជាបន្តបន្ទាប់ និងត្រូវចូលរួមឱ្យបានសកម្មពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីជំរុញផលិតភាព និងលក្ខខណ្ឌការងារនៅកម្ពុជាកាន់តែមានភាពប្រសើរឡើងទៅមុខ សម្តៅបង្កើនការជឿទុកចិត្តដល់អ្នកបញ្ជាទិញពីបរទេស មកលើទំនិញនៅកម្ពុជា។
សូមជម្រាបថា នៅក្នុងថ្ងៃដដែលនេះដែរ ក្រុមការងារ BFC ក៏បានប្រកាសចាប់ផ្ដើមអនុវត្តបន្ត នូវគម្រោងថ្មីមួយទៀតរបស់ខ្លួន សម្រាប់អាណត្តិថ្មី ឆ្នាំ២០១៦-២០១៩ ដែលក្នុងនោះ លោករដ្ឋមន្រ្តី អ៉ិត សំហេង ក៏បានប្រកាសប្ដេជ្ញាថា នឹងផ្ដល់ការគាំទ្រពេញលេញលើគម្រោង BFC ហើយនឹងសហការគ្នាកាន់តែជិតស្និទបន្ថែមទៀត ពិសេសការសហការគាំទ្រទាំងផ្នែកកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ។ មិនត្រឹមតែប៉ុណ្ណោះ ដៃគូពាណិជ្ជកម្មធំៗទាំងឡាយរបស់កម្ពុជា ដែលមានស្ថានទូតជាតំណាង ក៏បានចូលរួមសម្ដែងនូវការគាំទ្រដល់សកម្មភាពរបស់ BFC យ៉ាងពេញទំហឹងផងដែរ៕