(កំពត)៖ លោកបណ្ឌិត ប៉ែន ស៊ីម៉ន ប្រធានគណៈកម្មាការទី១០ នៃរដ្នសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពត និងុលោក តាក់ ហាប់ ប្រធានក្រុមប្រឹក្សាខេត្តកំពត លោក អ៊ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ អមដំណើរដោយសមាជិកសមាជិកា ព្រឹទ្ធសភារដ្ឋសភា ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការសាលាខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្តកងកម្លាំងទាំង៣ប្រភេទ បានជួបសំណេះសំណាលជាមួយ ព្រះសង្ឃ យាយជី-តាជី និងប្រជាពុទ្ធបរិស័ទ្ធ នៅឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត នាថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥។
បន្ទាប់ពីបានចូលរួមសមាទានសីល នមសិការព្រះរតនៈត្រ័យលោកបណ្ឌិត ប៉ែន ស៊ីម៉ន បានថ្លែងថា វិស័យព្រះពុទ្ធសាសនា មានការរីកចម្រើន ដោយសារប្រទេសជាតិមានសុខសន្តិភាព មានស្ថិរភាពនយោបាយ ជាក់ស្តែងកាលពី សម័យសង្គ្រាម ព្រះពុទ្ធសាសនាត្រូវបាន ប៉ុល ពត បំផ្លាញគ្មានសល់ ហើយបងប្អូនប្រជាពុទ្ធបរិស័ទទាំងអស់ ក៏មិនមានឱកាសបានជុំគ្នាធ្វើបុណ្យទានដូចសព្វថ្ងៃនេះដែរ។
លោក ប៉ែន ស៊ីម៉ន បានលើកបញ្ជាក់ទៀតថា កត្តាសុខសន្តិភាព នាំមកនូវការអភិវឌ្ឍន៍លើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។ ព្រះពុទ្ធសាសនា បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអប់រំ ពង្រឹងចំណេះដឹង គុណធម៌ សីលធម៌សង្គម ផលិតបានធនធានមនុស្ស និងថ្នាក់ដឹកនាំប្រកបដោរាជធម៌ និងមានសក្តានុពល ដឹកនាំប្រទេស ទៅរកភាពរីកចម្រើន ស្មើរមុខស្មើមាត់ ជាមួយនឹងប្រទេសជិតខាង និងប្រទេសជុំវិញពិភពលោក។
ក្នុងឱកាសនោះលោកបណ្ឌិត ប៉ែន ស៊ីម៉ន បានចូលរួមពិនិត្យព្រះវិហារឧត្តមមានជ័យដែលកំពុងសាងសង់ចំណាយអស់ថវិកាជាង ២០០,០០០ ដុល្លារ ក្នុងនោះលោកបណ្ឌិត ក៏បានជួយបង្ហើយដំបូលព្រះវិហារ ២៤០,០០០,០០០រៀល និងក្លោងទ្វារធំព្រះវិហារចំនួន៣អស់បច្ច័យ១៥,០០០ដុល្លារ។ សូមបញ្ជាក់ថា លោកបណ្ឌិតនឹងអញ្ជើញកាត់ឬសសិមាដែលនឹងត្រូវប្រារព្ធធ្វើពិធីបញ្ចុះខណ្ឌសីមាក្នុងពេលឆាប់ៗនេះ។
ក្នុងពិធីសមាទានសិលនេះ លោកបណ្ឌិត ប៉ែន ស៊ីម៉ន ក៏បានប្រគេនបច្ច័យព្រះចៅអធិការវត្តឧត្តមមានជ័យ ១,០០០,០០០ រៀល និងក្រុមប្រឹក្សាខេត្ត ៨០០,០០០រៀល ព្រះភិក្ខុសង្ឃក្នុងមួយអង្គ ១០០,០០០រៀល សាមណេរ ៥០,០០០រៀលយាយជីតាជី និងប្រជាពុទ្ធបរិស័ទ្ធ មកពីឃុំកណ្តោល ស្រុកទឹកឈូ ជាង៣០០នាក់ ក្នុងម្នាក់ៗ ២០,០០០រៀល និងលោកគ្រូ អ្នកគ្រូ ១៨នាក់ ក្នុងម្នាក់ៗ ៥០,០០០រៀល សិស្សចំនួន ៦០៤ នាក់ ថវិកាម្នាក់ៗ ១០,០០០រៀលផងដែរ។
សូមរំលឹកថា លោកបណ្ឌិត ប៉ែន ស៊ីម៉ន ក៏បានដឹកនាំមន្ត្រី កងកម្លាំង អាជ្ញាធរ និងអ្នកពាក់ព័ន្ធ បានអញ្ជើញចុះទៅពិនិត្យការសាងសង់ ព្រះវិហារវត្តថ្មពួក ព្រមទាំងជួបសំណេះសំណាលជាមួយព្រះសង្ឃ ពុទ្ធបរិស័ទ ចំណុះជើងវត្តថ្មពូក ស្ថិតនៅឃុំត្រពាំងបី ស្រុកឈូក ខេត្តកំពត កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ លោកបណ្ឌិត ក៏បាននាំយកនូវសម្ភារ និងថវិកាជូនដល់ប្រជាពុទ្ធបរិស័ទ និងព្រះសង្ឃ ព្រមទាំងសិក្សានុសិស្សផងដែរ៕