(កំពង់ធំ)៖ លោក សាយ គឹមឡម បានលើកឡើងថា «ស្មារតី៧មករាជាស្មារតីអមតៈនៃសុខសន្តិភាព និងការអភិវឌ្ឍន៍»។ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានលើកឡើងក្នុងពិធីអបអរសាទរខួបលើកទី៤៦ ទិវាជ័យជម្នះ៧មករា (៧ មករា ១៩៧៩-៧ មករា ២០២៥) នៅស្រុកស្ទោង នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ដែលមានសមាជិកសមាជិកាអ្នកចូលរួមសរុបចំនួន៥៥៥នាក់។
លោកបានបញ្ជាក់ថា ដោយមានស្មារតីរំដោះជាតិមាតុភូមិទើបឈានទៅដល់ការរំដោះជាតិមាតុភូមិពីរបបអាវខ្មៅយង់ឃ្នងប្រល័យពូជសាសន៍ប៉ុលពត នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដែលនាំឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរហូតមកដល់បច្ចុប្បន្នក្រោមវីរៈភាពដ៏អង់អាចក្លាហានដែលបានយកសាច់ស្រស់ ឈាមស្រស់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។
លោកបានអំពាវនាវប្រជាពលរដ្ឋក្នុងមូលដ្ឋានសូមបន្តថែរក្សាការពារនូវសុខសន្តិភាពនេះឲ្យបានគង់វង្សដើម្បីសេចក្តីសុខការអភិវឌ្ឍ និងប្រឆាំងដាច់ខាតរាល់ទង្វើ និងជនទាំងឡាយណាដែលប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាល ឬធ្វើបដិវត្តន៍ពណ៌ និងបង្កអសន្តិសុខទាំងឡាយដល់ជាតិមាតុភូមិ និងប្រជាពលរដ្ឋឱ្យខាងតែបាន។
លោកបានជំរុញ និងលើកទឹកចិត្តសិស្សានុសិស្ស និងយុវជន ត្រូវខិតខំសិក្សារៀនសូត្រឱ្យបានពូកែជាសិស្សល្អ កូនល្អ មិត្តល្អ នៅឲ្យឆ្ងាយពីគ្រឿងញៀន ហើយត្រូវស្វែងយល់ឲ្យបានច្បាស់លាស់ពីប្រត្យក្សភាពនៃទិវាជ័យជំនះ ៧មករា ដែលនាំឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍន៍ហូតមកដល់បច្ចុប្បន្ន ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អាណត្តិទី៧នេះ។
លោកស្រី ឡាយ រមនា តំណាងយុវជន និងប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោងទាំងមូល បានប្ដេជ្ញាចិត្តខ្ពស់ក្នុងការថែរក្សាសុខសន្តិភាព ជាពិសេសស្មារតី៧មករាជាអមតៈ ដែលផឹកទឹកមិនភ្លេចប្រភពទឹក៕