(ចិន)៖ ក្នុងដំណើរទស្សនកិច្ចចូលរួម ពិពរណ៌ទេសចរណ៍ ចិន-អាស៊ាន លើកទី២ នៅទីក្រុងទេសចរណ៍ Guilin ខេត្តGuanxi ប្រទេសចិន ដែលត្រូវចាប់ផ្តើម ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ តុលានេះ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងប្រតិភូវិស័យរដ្ឋ-ឯកជន សរុប១៧រូប បានបន្តដំណើរពីទីក្រុង ក្វាងចូវ ទៅកាន់ទីក្រុង Guilin តាមរថភ្លើងល្បឿនលឿន (CRH -China Railways High speed) ដោយចំណាយ ពេលវេលាតែជាង ២ម៉ោងប៉ុណ្ណោះ ក្នុងពេលដែលការធ្វើដំណើរ តាមយន្តហោះ (ទោះបីរយៈពេលហោះហើរ ខ្លីតែជិត១ម៉ោង) តែត្រូវរង់ចាំ អស់រយៈពេល ប្រមាណ៥ម៉ោង ទើបអាចមានជើងហោះតភ្ជាប់។
ក្នុងនោះ លោករដ្ឋមន្ដ្រី ថោង ខុន បានឲ្យដឹងថា នៅប្រទេសចិនបច្ចុប្បន្ន ការធ្វើដំណើរតាមរថភ្លើង តភ្ជាប់ពីខេត្តមួយ ទៅខេត្តមួយ មានការងាយស្រួលច្រើន ថ្លៃធ្វើដំណើរថោក មិនចំណាយពេលវេលាច្រើន ពោលគឺអាចនិយាយបានថា មានភាពងាយស្រួល ជាងការធ្វើដំណើរតាម ជើងយន្ដហោះ ដោយចំណាយពេលវេលាតិច និងមានផាសុខភាព។
សូមបញ្ជាក់ថា ពិពណ៌ទេសចរណ៍ ចិន-អាស៊ាន បានត្រូវរៀបចំឡើងលើកទី១ នៅឆ្នាំ២០១៥ (នៅក្រុងទេសចរណ៍ Guilin ខេត្តGuanxi ប្រទេសចិន) ហើយឆ្នាំ២០១៦នេះ គឺជាលើកទី២ ដែលក្នុងព្រឹត្តិការណ៍នេះ កម្ពុជាត្រូវបានផ្តល់កិត្តិយស ជាភ្ញៀវកិត្តិយស (Guest Country Of Honor) ក្នុងការថ្លែងសុន្ទរកថា បើកសិក្ខាសាលា និងបើកពិពរណ៌ទេសចរណ៍អន្តរជាតិនេះ ក្នុងពេលដែលប្រទេស Brunei ត្រូវបានផ្តល់កិត្តិយស កាលពីលើកទីមួយ ឆ្នាំ២០១៥៕