(ភ្នំពេញ)៖ លោក ឯម សុផល បេក្ខជនបណ្ឌិត និងជាអ្នកស្រាវជ្រាវជំនាញវិទ្យាសាស្ត្រនយោបាយមួយរូប បានថ្លែងថា ច្បាប់កំណត់ជន ឬក្រុមដែលមានគម្រោងការ ឬអំពើឃុបឃិតបង្កើតចលនាប្រឆាំងជ្រុលនិយម គឺជាភេរវករ ជាច្បាប់ដែលមានតម្លៃ។
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ បានថ្លែងថា វាដល់ពេលហើយដែលត្រូវកសាងច្បាប់ដែលនឹងកំណត់ចំពោះជនណា ឬក្រុមណាដែលមានគម្រោងការ ឬអំពើឃុបឃិតបង្កើតចលនាប្រឆាំងជ្រុលនិយម បង្កភាពវឹកវរ អសន្តិសុខក្នុងសង្គម បង្កឱ្យមានជម្លោះជាមួយរដ្ឋដទៃ និងប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គឺជាភេរវករ ដែលត្រូវតែនាំខ្លួនយកមកវិនិច្ឆ័យទោស ដើម្បីការពារសន្តិភាព។
បើតាមលោក ឯម សុផល ទស្សនៈរបស់សម្តេចតេជោ ហ៊ុន សែន មានសារៈសំខាន់ក្នុងបរិបទនៃការពារសន្តិភាព និងស្ថិរភាពក្នុងសង្គម។ ការរក្សាសន្តិភាព គឺជាចំណុចសំខាន់សម្រាប់ការអភិវឌ្ឍប្រទេស និងការរស់នៅស្ងប់ស្ងាត់របស់ប្រជាជន។ ដោយសារតែស្ថានភាពអន្តរជាតិ និងស្ថានការណ៍ក្នុងស្រុក មានភាពស្មុគស្មាញ គំនិតបង្កើតច្បាប់ ដើម្បីកំណត់ច្បាប់លើអំពើឃុបឃិតប្រឆាំងប្រទេស ឬប្រឆាំងសន្តិភាពសង្គមអាចមានតម្លៃ។
បេក្ខជនបណ្ឌិតរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ច្បាប់នេះ អាចជាឧបករណ៍សម្រាប់ការការពារប្រទេសពីភាពវឹកវរ អសន្តិសុខ និងការគំរាមកំហែងទូទៅ ហើយវាអាចជួយបង្កើតបរិយាកាសសង្គមដែលមានសន្តិភាព និងការចងមិត្តភាពជាមួយប្រទេសផ្សេង។ ជាមួយគ្នានេះ ច្បាប់នេះជាបច្ច័យ ដើម្បីទប់ទល់ការពារ និងការបង្កវិទ្ធង្សនា ចារកម្មរបស់អមិត្តណាមួយ»។
ទោះជាយ៉ាងណា អ្នកស្រាវជ្រាវ ឯម សុផល បានលើកទស្សនៈថា ច្បាប់មួយនេះគួរត្រូវបានបង្កើតឡើងដោយផ្អែកលើសេចក្តីត្រឹមត្រូវ សិទ្ធិមនុស្ស និងការចូលរួមដោយសេរី បែបប្រជាធិបតេយ្យ។ ដូច្នេះ ទស្សនៈការបង្កើតច្បាប់នេះ អាចបង្កភាពវិជ្ជមានសម្រាប់ការបណ្តុះបណ្តាលសង្គមសន្តិភាព ប៉ុន្តែការអនុវត្តត្រូវផ្អែកលើក្របខណ្ឌច្បាប់ប្រកបដោយសិទ្ធិមនុស្ស និងតាមរយៈការចងស្របទៅតាមលក្ខណៈអន្តរជាតិ។
សូមជម្រាបថា ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីថ្មីៗនេះ ក្រុមប្រឆាំងជ្រុលនិយម បានប្រកាសបង្កើតរដ្ឋាភិបាលក្រៅប្រទេស ដោយការបង្កើតយុទ្ធនាការ «ដោះអាវបក្ស ពាក់អាវជាតិ» និងការប្រើសញ្ញាណ «ផ្ការីក» ក្នុងគោលដៅផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ជាមួយគ្នានេះ ពួកគេបានប្រើយុទ្ធសាស្ត្រចលនាតស៊ូ នៅក្រៅប្រទេស ដូចជា ការប្រើប្រាស់មនោសញ្ចេតនាជាតិនិយមពាក់ព័ន្ធនឹងទឹកដី ព្រំដែន ធនធានធម្មជាតិ និងអធិបតេយ្យជាតិ ដូចជា ករណីព្រែកជីកហ្វូណនតេជោ, CLV-DTA, កោះត្រល់, កោះគជ់, ព្រំដែនគោក, ព្រំដែនទឹក, ធនធានធម្មជាតិ, ដីសម្បទាន និងជនអន្តោប្រវេសន៍វៀតណាមជាដើម។ បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន គេក៏ត្រូវយល់ឱ្យបានច្បាស់ថា សន្តិភាពនឹងមិនអាចគង់វង្សបានយូរអង្វែងឡើយ ប្រសិនបើពុំមានការផ្សះផ្សាជាតិ យុត្តិធម៌ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្នទេនោះ៕