(បន្ទាយមានជ័យ)៖ ខេត្តបន្ទាយមានជ័យ គឺជាអតីតខេត្តមានសង្រ្គាមហែកហួរមួយរវាងខ្មែរ និងខ្មែរនាអំឡុងទសវត្សរ៍ឆ្នាំ៨០ រហូតដល់៩០ ដែលសង្រ្គាមរវាងខ្មែរ និងខ្មែរនេះ មិនត្រឹមតែធ្វើឲ្យការរស់នៅរបស់ប្រជាពលរដ្ឋជួបការលំបាកនោះឡើយ សូម្បីតែការអប់រំនៅក្នុងខេត្តមួយនេះ ក៏ជួបការលំបាកផងដែរ។ ក្រោយការបញ្ចប់សង្រ្គាមក្រោមគោលនយោបាយបង្រួបបង្រួមរបស់រវាងខ្មែរ និងខ្មែរ និងក្រោម គោលនយោបាយឈ្នះឈ្នះរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ឈានដល់ការបញ្ចប់សង្រ្គាមទាំងស្រុងនៅឆ្នាំ១៩៩៨នោះ ទាំងការរស់នៅ និងការអប់រំក្នុងខេត្តបន្ទាយមានជ័យកំពុងមានការវិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់ និងមានសិស្សពូកែៗ ជាច្រើននាក់។ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៨ ខែតុលា នេះ បានផ្តល់អគារសិក្សាជាង ២០០បន្ទប់បន្ថែមទៀត ដើម្បីជំរុញការអប់រំឲ្យកាន់តែប្រសើរថែមទៀតនោះ។
ដោយមិនរាប់ក្នុងរបបប៉ុលពត ដែលអគារសិក្សាត្រូវគេបិទទ្វារចោល និងយកទៅបម្រើក្នុងវិស័យផ្សេងៗនោះ នាយករងវិទ្យាល័យមង្គល បុរីលោក ថាច ប៊ុនថា ដែលជាអ្នកមានកំណើតក្នុងស្រុកមង្គលបុរីតែម្តង បានរៀបរាប់ថា ក្រោយឆ្នាំ១៩៧៩ បើទោះបីប្រទេសជាតិត្រូវ បានរំដោះទៅហើយក្តី តែស្ថានភាពអប់រំ ក្នុងស្រុកមង្គលបុរី ក៏ដូចជានៅតាមបណ្តាសាលាដទៃទៀតក្នុងខេត្តបន្ទាយមានជ័យទាំងមូលនៅតែជួបការលំបាកខ្លាំង ដោយសារការធ្វើទុក្ខបុកម្នេញពីកងទ័ពខ្មែរក្រហម និងកងទ័ពតស៊ូ។ ជាពិសេសកងទ័ពខ្មែរក្រហម ពេលចូលមកដល់ ក្នុងស្រុកមង្គលបុរីតែងតែធ្វើការដុតបំផ្លាញ់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។
លោក បានបញ្ជាក់ដូច្នេះ «ស្ថានភាពអប់រំយើងនៅពេលនោះ គឺមហាសែនលំបាក។ គ្រូយើងបង្រៀន គឺមកដោយមនសិការ តែស្ថានភាពជាក់ស្តែង គឺសង្រ្គាមផង ជួនកាលសិស្សខានរៀន ហើយសម្ភារៈផ្នែកអប់រំ ហេដ្ឋារចនាសម្ព័ន្ធក្នុងហ្នឹង គឺអត់មានទេ។ សិស្សខិតខំរៀនចេះតែមកទៅ ពេលមានសង្រ្គាម ក៏រត់ទៅអ៊ីចឹងយើងមានការលំបាកខ្លាំងណាស់»។
លោក ប៊ុនថា បានឲ្យដឹងថា ក្រោយពេលការចរចាបញ្ចប់សង្រ្គាមចាប់តាំងពីឆ្នាំ១៩៩៣មក ស្ថានភាពនៃការអប់រំ ក៏ចេះតែល្អប្រសើរជា បន្តបន្ទាប់ទាំងការសាងសង់អគារសិក្សាថ្មី ក៏ដូចគុណភាពអប់រំ។ លោកបានបញ្ជាក់ថា «ចាប់តាំងពីការធ្វើសមាហរណកម្មឆ្នាំ១៩៩៣មក ឃើញថា រាជរដ្ឋាភិបាលរបស់យើងមានឱកាសគ្រប់គ្រាន់ក្នុងការពង្រីកការអប់រំ។ យើងមានអគារសិក្សា យើងអាចមានគ្រូ យើងអាចបណ្តុះបណ្តាលគ្រូតាមស្តង់ដារ តាមនិយាមគរុកោសល្យ ដែលអាចជាលក្ខណៈមួយបង្កដល់គុណភាពសិក្សា។ ចាប់តាំងពីឆ្នាំ១៩៩៣មក យើងមានអគារសិក្សាស្អាតបាត មានអគារសិក្សាត្រឹមត្រូវ មានតុ មានជើងម៉ា ជាពិសេសកែខៃឲ្យវិទ្យាល័យនេះ (វិទ្យាល័យមង្គលបុរី) រីកមុខរីកមាត់»។
បើតាមលោក ថាច ប៊ុនថា សិស្សក្នុងវិទ្យាល័យបង្គលបុរីជាច្រើនរូប បានក្លាយទៅជាសិស្សពូកែថ្នាក់ជាតិ និងបានទៅដណ្តើជ័យលាភី សិស្សពូកែថ្នាក់អន្តរជាតិផងដែរ។ លោកបានរំលឹកថា កាលពីឆ្នាំ២០១២ មានសិស្សវិទ្យាល័យមង្គលបុរីពីរនាក់ បានជាប់ជយលាភីជាអ្នកវិទ្យាសាស្រ្តវ័យក្មេងនៅក្នុងប្រទេសអ៉ីរ៉ង់ ហើយបច្ចុប្បន្នបានចេញទៅសិក្សានៅប្រទេសសិង្ហបុរី និងមានសិស្សខ្លះទៀតទទួលបានមេ ដាយពីការប្រកួតប្រជែងនៅប្រទេសកូរ៉េ ហើយនៅឆ្នាំ២០១៦នេះ ក៏មានសិស្សកំពុងរៀនត្រៀមទៅប្រកួតប្រជែងថ្នាក់អន្តរជាតិផងដែរ។
ដើម្បីជំរុញការអប់រំលើដែនដីសមរភូមិឲ្យកាន់តែល្អប្រសើរថែមទៀត ជាពិសេសឆ្លើយតបនិងកំណើនរបស់សិស្ស ដែលកើនឡើងជារៀងរាល់ឆ្នាំនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចមកកាន់ខេត្តបន្ទាយមានជ័យនាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦នេះ បានសម្រេចផ្តល់អគារសិក្សា អគារទីចាត់ការ និងអគារស្នាក់នៅរបស់សិស្ស និងគ្រូជាច្រើនខ្នងផង។
អគារសិក្សាដែលសម្តេចតេជោ បានផ្តល់ជូននាថ្ងៃនេះសរុប ១៦ខ្នង ស្មើនិងជាង ២០០បន្ទប់ ព្រមទាំងមានការផ្តល់ម៉ាស៊ីនកុំព្យូទ័រ ម៉ាស៊ីនព្រីន ម៉ាស៊ីថតចម្លង និងម៉ាស៊ីនកាត់ដេរមួយចំនួន។ ក្រៅពីការផ្តល់អគារសិក្សាថ្មីហើយនោះ សម្តេចតេជោ ក៏បានជួយជួសជុល កែលំអរអគារចាស់ៗ និងបានជួយធ្វើតារាងបាល់ទាត់ បាល់ទះ និងបាល់បោះផងដែរ។
សិស្សានុសិស្ស ក៏ដូចជាលោកគ្រូ អ្នកគ្រូ បានបង្ហាញការយល់ឃើញថា ការផ្តល់អគារសិក្សានេះ នឹងចូលរួមចំណែកយ៉ាងសំខាន់សម្រាប់ការអប់រំ។ លោក ថាច ប៊ុនថា បានថ្លែងថា «ការអភិវឌ្ឍរបស់សម្តេចមានទំហំធំធេង ដែលយើងទាំងអស់គ្នាស្ងើចសរសើរពីគុណូបការៈ។ ទង្វើនៃការអភិវឌ្ឍរបស់សម្តេចមានតម្លៃមហាសាលធំធេងណាស់»។
លោក ប៊ុន ថា បានលើកឡើងថា ការអប់រំគឺជាវិស័យអាទិភាពមួយ ព្រោះជាវិស័យបណ្តុះបណ្តាលធនធានមនុស្សសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ ហើយប្រទេសគ្មានធនធានមនុស្សមិនមានការអភិវឌ្ឍនោះឡើយ។ លោកនាយករងបានមើលឃើញថា ការបោះពួយប្រឹង ប្រែងពង្រឹងវិស័យអប់រំរបស់សម្តេចតេជោ ហ៊ុន សែន គឺជាការគិតគូរមួយដ៏ត្រឹមត្រូវសម្រាប់បង្កើនធនធានក្នុងការអភិវឌ្ឍប្រទេស៕