(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស​ប្រជា​ជនកម្ពុជា, សម្តេច ហេង សំរិន ប្រធានកិត្តិ​យស​គណបក្សប្រជាជនកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុ​ប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំង​ថ្នាក់​ដឹក​នាំ សមាជិក សមាជិកា​គណ​បក្សសរុបជាង ២ម៉ឺននាក់ ជួបជុំគ្នាប្រារព្ធពិធីអបអរសាទរ​ខួប​៤៦ឆ្នាំ នៃថ្ងៃជ័យជម្នះ «៧មករា» ដែលជាថ្ងៃដ៏វិសេសវិសាលសម្រាប់​ប្រជាជន​កម្ពុជា បានរួចជីវិតពី​រណ្តៅ​មរណៈ​នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្រោមការប្រយុទ្ធតស៊ូដ៏អង់អាចក្លាហានរបស់យុទ្ធជន និងយុទ្ធនារី ដឹកនាំ​របស់​ឥស្សរជននៃគណបក្សប្រជាជនកម្ពុជា។

គណបក្សប្រជាជនកម្ពុជា រួមជាមួយប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស បាន​ចាត់​ទុកថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ជាថ្ងៃជ័យជម្នះជាប្រវត្តិសាស្រ្តរបស់​ប្រជា​ជន​កម្ពុជា ដែលបានវាយផ្តួលរំលំរបបប្រល័យ​ពូជ​សាសន៍ ប៉ុលពត បញ្ចប់​សម័យកាលដ៏ខ្មៅងងឹតបំផុតនៅកម្ពុជា ដែលបានកាប់សម្លាប់ និងធ្វើឱ្យ​ប្រជា​​ពល​រដ្ឋខ្មែរស្លាប់ជិត ៣លាននាក់។ ៧ មករា ១៩៧៩ គឺជាថ្ងៃបើកឡើង​វិញនូវទំព័រសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាព​សង្គម។

ប្រមុខគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បុរសរដ្ឋដែលបាន​ធ្វើពលីកម្មសព្វបែបយ៉ាង ដើម្បី​ជាតិ​មាតុភូមិកម្ពុជា តែងបានគូសបញ្ជាក់ថា ការប្រារព្ធពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧ មករា ជាការ​បង្ហាញ​ស្មារតីចងចាំ​ជានិច្ចនូវគុណូបការៈដ៏ឧត្តង្គឧត្តមរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃ​រណសិរ្ស​សាមគ្គីសង្រ្គោះជាតិកម្ពុជា និងវរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែល​បានធ្វើការលះបង់យ៉ាងធំធេង​ក្នុងការ​ប្រយុទ្ធ ដើម្បីផ្តួលរំលំរបបប្រល័យ​ពូជ​សាសន៍ ប៉ុល ពត និងការពារការរស់ឡើងវិញរបស់កម្ពុជា។

សូមរំលឹកថា ប្រទេសកម្ពុជាក្រោយការធ្វើរដ្ឋប្រហារទម្លាក់ប្រមុខរដ្ឋ​សម្តេច​ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ពីអំណាចនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ​១៩៧០ ដោយសេនាប្រមុខ លន់ នល់ និងព្រះអង្គ ម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ព្រមទាំងគូកនជាច្រើននាក់ទៀត ក្រោមបង្អែករបស់សហរដ្ឋអាមេរិកនោះ បានធ្វើឱ្យ​កម្ពុជា​ធ្លាក់ខ្លួនផុងចូលក្នុងភ្លើងសង្គ្រាម ជាបន្តបន្ទាប់ប្រទេសជាតិ និងប្រជាជន ត្រូវរងទុក្ខវេទនា​ខ្លោចផ្សា​ជា​ទីបំផុត។ ប្រជាជន ដែលនឿយ​ណាយ និងសង្គ្រាមរ៉ាំរ៉ៃនេះ បានរីករាយជាខ្លាំងក្រោយពេលឃើញរបបសា​ធារ​ណរដ្ឋរបស់សេនាប្រមុខ លន់ នល់ ត្រូវបានវាយផ្តួលរំលំដោយក្រុម ប៉ុល ពត អៀង សារី ខៀវ សំផន និង នួន ជា នាថ្ងៃទី១៧ ខែមេសា ឆ្នាំ​១៩៧៥។

ប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសអ្នករាជធានីភ្នំពេញរំពឹងថា ការរំដោះ​យកប្រទេសពីសេនាប្រមុខ លន់ នល់ ដោយក្រុមខ្មែរក្រហម នឹងធ្វើឱ្យ​សង្គ្រាម​ត្រូវចប់ ប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍ។ ក្តីរំពឹងត្រូវបាន​រលាយសាបសូន្យក្រោយពេលរបបថ្មីបានដាក់ចេញគោលនយោបាយ បណ្តេញ​ប្រជាពលរដ្ឋកម្ពុជាចេញពីទីក្រុងភ្នំពេញ និងទីប្រជុំជននានាឱ្យ​ទៅ​រស់នៅ និងធ្វើស្រែចម្ការនៅតាមតំបន់ភូមិភាគនានាស្ថិតនៅស្រុកស្រែចម្ការ។

ប្រជាពលរដ្ឋត្រូវបានដាក់ឱ្យរស់នៅ និងធ្វើការជាក្រុម ជាសហករនៅតាម​ទីជន​បទ បង្ខំឱ្យស៊ីរួម ដេករួម ព្រមទាំងបង្ខំឲ្យធ្វើការងារហួស​កម្លាំងពន់​ពេក​ប្រមាណ ហូបចុកមិនគ្រប់ទីបំផុតប្រជាពលរដ្ឋខ្មែរជិត ៣លាននាក់ត្រូវ​បាន​ស្លាប់ ដែលក្នុងនោះមួយចំនួនធំ ត្រូវបានសម្លាប់ក្រោមការចោទប្រកាន់ថា​ជាជ​នក្បត់អង្គការ។

ទុក្ខវេទនារបស់ប្រជាពលរដ្ឋក្នុងរបបអាវខ្មៅត្រូវបានបិទបញ្ចប់ បន្ទាប់ពី​កម្លាំង​អ្នកស្នេហាជាតិ កម្លាំងតស៊ូរបស់យុទ្ធជនក្លាហានកម្ពុជា រួបរួមគ្នា​បង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិនៅថ្ងៃទី២ ធ្នូ ឆ្នាំ១៩៧៨ ក្រោម​ការជួយ​គាំទ្រពីកងទ័ពវៀតណាម បើកការវាយផ្តួល និងដណ្តើម​ប្រទេសចេញ​ពី​កណ្តាប់​ដៃរបស់ ប៉ុលពត បានទាំងស្រុងនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។

ផ្តើមចេញពីជ័យជម្នះនេះ បានធ្វើឱ្យកម្ពុជា មានឱកាសរើបម្រាស់ និងឈាន​ជើងជាបន្តបន្ទាប់រហូតផ្តើម​មានកិច្ចចរចាស្វែងរកសន្តិភាពរវាង​សម្តេច​ព្រះ​មុខរដ្ឋ នរោត្តម សីហនុ និងបុរសរដ្ឋសម្តេចតេជោ ហ៊ុន សែន។ តាមរយៈការ​ចរចាក្រោមការជួយជ្រោមជ្រែងពីប្រទេសឥណ្ឌូននេស៊ី និងប្រទេស​បារាំង​ផងនោះ កិច្ចព្រមព្រៀងសន្តិភាពមួយរវាងខ្មែរគ្រប់ជម្លោះ (រដ្ឋាភិបាល​រដ្ឋ​កម្ពុជា និងចលនាកងទ័ពក្នុងព្រៃជាយ​ដែន​ត្រីភាគី) ត្រូវបានសម្រេចចេញ​ជា​រូបរៀង ២៣ តុលា ១៩៩១។

កិច្ចព្រមព្រៀងសន្តិភាពនេះ បានបើកផ្លូវឱ្យកម្ពុជាបង្កើតបានជាថ្មីនូវ​ព្រះរាជា​ណាចក្រកម្ពុជា និងយាង​ព្រះ​បរមរតនកោដ្ឋ នរោត្តម សីហនុ ឱ្យមកគង់​ប្រថាប់​ក្នុងប្រទេសកម្ពុជាជាថ្មី។ បើទោះបីកម្ពុជាទទួលបាន​កិច្ច​ព្រមព្រៀង​សន្តិភាពក្រុងប៉ារីស និងវត្តមានកងទ័ពអង្គការសហប្រជាជាតិនៅកម្ពុជា ដើម្បីសម្របសម្រួល​បញ្ចប់សង្គ្រាម ស្វែងរក​សន្តិភាពដោយចំណាយ​លុយ​ជាង ២ពាន់លានដុល្លារ តែសង្រ្គាមតាមទល់​ដែន​មិន​អាចបញ្ចប់ទាំងស្រុង​នោះឡើយ ព្រោះតែកងទ័ពខ្មែរក្រហម ដែលសេសសល់នៅតាមទល់​ដែន​ថៃ​ក្នុង​ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងប៉ៃលិន មិនព្រមគោរពនូវ​កិច្ច​ព្រម​ព្រៀងនេះឡើយ ហើយតែងបង្កឱ្យមានការផ្ទុះអាវុធជាបន្តបន្ទាប់។

ទីបំផុតតាមរយៈនយោបាយឈ្នះឈ្នះ របស់បុរសខ្លាំងតេជោ សែន បានយក​ជីវិតជាដើមទុនប្រថុយចូល​ជំរុំ​គូប្រយុទ្ធចរចាជាមួយមេដឹកនាំខ្មែរក្រហម ចរ​ចា​យក​កងទ័​ព​ខ្មែរ​ក្រហមមកជ្រកក្រោមដំបូលរាជរដ្ឋាភិបាលតែមួយ និង​បាន​បិទបញ្ចប់សង្រ្គាមរវាងខ្មែរ និងខ្មែរទាំងស្រុងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ សុខសន្តិភាព ការឯកភាពជាតិជាធ្លុងនេះ មានរយៈពេល​ប្រមាណ ២៦ឆ្នាំហើយ។

ក្រោយបិទបញ្ចប់សង្គ្រាមទាំងស្រុងនេះ ធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍប្រទេស​យ៉ាង​ពេញលេញ ហើយធ្វើឱ្យភាពរីកចម្រើនបានលូតលាស់ជាបន្ត​បន្ទាប់ផង​ដែរ។ បច្ចុប្បន្នក្រោមម្លប់សន្តិភាពកម្ពុជា ទទួលបានទំហំពាណិជ្ជកម្ម និង​ទំហំវិនិយោគពីបរទេសកាន់តែច្រើន។ មុនពេលការរាតត្បាតជំងឺកូវីដ១៩ កម្ពុជា​រក្សាកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧ភាគរយ។ បន្ថែមពីលើនោះសមិទ្ធ​ផល​ជាតិជាច្រើនត្រូវរំលេចឡើងប្រកបដោយភាពរីករាយ និងមោទនភាព។

៤៦ក្រោយការរំដោះចេញពីរបបវាលពិឃាត ប៉ុលពត, កម្ពុជាបានប្រែ​ក្លាយ​ទៅជាប្រទេសមាន​មុខមាត់​ថ្មី​តាមរយៈការអភិវឌ្ឍជាជំហ៊ាន និងបានសាង​កិត្យានុភាពលើឆាកអន្តរជាតិជាថ្មីផងដែរ។ កម្ពុជាបានប្រែ​ក្លាយ​ពីប្រទេស​មានប្រជាពលរដ្ឋត្រឹម ៥លាននាក់ មកជាប្រទេសមានប្រជាពលរដ្ឋ​ប្រមាណ​ជា ១៧​លាន​នាក់, ពីប្រទេសគ្មានចំណូលសេដ្ឋកិច្ចជាតិក្លាយជាប្រទេសមាន​ចំណូល​សេដ្ឋកិច្ចជាង ៥០ពាន់​លានដុល្លារ, ប្រជាពលរដ្ឋដែលធ្លាប់តែគ្មាន​ស្គាល់​ក្រដាស់ប្រាក់ គ្មានស្គាល់អ្វីទៅជាចំណូលប្រចាំឆ្នាំ បានក្លាយជាអ្នក​អាចរកចំណូលប្រចាំឆ្នាំប្រមាណ៣ពាន់ដុល្លារ, កម្ពុជា ដែលធ្លាប់តែគ្មានការដោះ​ដូរពា​ណិជ្ជ​កម្ម ក្លាយជាប្រទេសមានទំហំពាណិជ្ជកម្មប្រមាណ ៥០ពាន់លាន​ដុល្លារ ជាមួយការនាំចេញជាង ២៤ពាន់​លានដុល្លារ, ប្រទេសគ្មានការវិនិ​យោគ​ពីខាងក្រៅ មកជាប្រទេសមានទំហំវិនិយោគ​ពីខាងក្រៅប្រមាណរាប់​ពាន់​​លានដុល្លារ, កម្ពុជា ដែលធ្លាប់តែគ្មានធនធានមនុស្ស បានបណ្តុះ​បណ្តាល​ធន​ធានមនុស្សយ៉ាងច្រើន ហើយកំពុងបន្តធ្វើការងារលើការ​បណ្តុះបណ្តាលយ៉ាងសកម្ម, កម្ពុជាដែលធ្លាប់គ្មានកន្លែងព្យាបាល ក្លាយជាប្រទេសកំពុងមានភាពប្រសើរឡើងលើវិស័យសុខាភិបាល, កម្ពុជា ដែលធ្លាប់គ្មានអ្នកទេសចរ ក្លាយជាប្រទេសស្វាគមន៍អ្នកទេសចរបរទេសរាប់​លាននាក់។

កម្ពុជាបានរើខ្លួនចេញពីប្រទេសក្រីក្រ ប្រទេសគ្មានអ្វីសោះ មកជាប្រទេស​មាន​ចំណូល​មធ្យមកម្រិតទាបនា​ពេលបច្ចុប្បន្ន និងទើបសម្រេចដើរចេញពី​ក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅចុងឆ្នាំ២០២៤ ព្រមទាំងកំពុងប្រឹង​ប្រែង​អភិវឌ្ឍន៍ឱ្យក្លាយជាប្រទេសមាន ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ កម្ពុជា ដែលធ្លាប់តែជា​ប្រទេសឯកោ ក្លាយជាប្រទេសធ្វើសមាហរណកម្មយ៉ាងសកម្មទៅក្នុង​ពិភព​លោក មានសិទ្ធិស្មើមុខស្មើមាត់លើឆាកអន្តរជាតិ និងបានធ្វើជាម្ចាស់​ផ្ទះ​នៃកិច្ចប្រជុំថ្នាក់តំបន់ និងថ្នាក់អន្តរជាតិផងដែរ។ កាន់តែពិសេសនោះ ពីប្រទេសធ្លាប់តែរងភាពខ្ទេចខ្ទាំដោយភ្លើងសង្គ្រាម កម្ពុជា កំពុងក្លាយទៅជា​គ្រូនៃការចែករំលែករូបមន្តសុខសន្តិភាព និងការបញ្ចប់សង្គ្រាមថែម​ទៀត​ផង។

ជារួមមកក្រោយថ្ងៃរំដោះ៧មករា រយៈពេល៤៦ឆ្នាំ ប្រជាជាតិកម្ពុជា បានរស់​ជា​មួយមុខមាត់ថ្មី ដែលពោរពេញដោយសុខសិរី វិបុលភាព និងក្តីសង្ឃឹម​កាន់​តែខ្លាំងក្លាក្នុងការបោះជំហានទៅរកភាពរុងរឿង និងសុខសុភមង្គល​វិបុល​ភាពកាន់តែខ្លាំងសម្រាប់មនុស្សជំនាន់ក្រោយ និងយូរអង្វែង៕