(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានចេញលិខិតចំហរមួយ បន្ទាប់ពីមានសំនួរជាច្រើន ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ដែលបានលើកឡើងថា «តើកម្ពុជាបានអនុវត្តន៍អ្វីខ្លះ ឆ្លើយតបនឹងខ្លឹមសារ នៃ សេចក្ដីព្រមព្រៀងសន្តិភាព ដែលបានចុះហត្ថលេខា នៅទីក្រុង ប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១»។
លិខិតចំហររបស់លោក ផៃ ស៊ីផាន មានខ្លឹមសារ៖
ខ្ញុំសូមជម្រាបជូនថា៖ កម្ពុជា គឺជារដ្ឋឯករាជ្យ និងអធិបតេយ្យរបស់ខ្លួន ដែលមានអាសនៈផ្លូវការ នៅក្នុងអង្គការសហប្រជាជាតិ និងអនុវត្តនៅក្នុង គោលការណ៍រដ្ឋធម្មនុញ្ញរបស់ជាតិ ច្បាប់របស់ជាតិ ជាមួយច្បាប់អន្តរជាតិ ដែលទទួលបានសច្ចាប័ណ្ឌពីសភាកម្ពុជា ហើយត្រូវតែស្ថិតនៅក្រោមឥទ្ធិពល ច្បាប់របស់កម្ពុជាផងដែរនោះ។
ខ្លឹមសារនៃសេចក្ដីព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បានចែងច្បាស់ថា៖ ឯកសារនៃកិច្ចព្រមព្រៀងសន្តិភាព គឺជាដំណោះស្រាយក្នុងដំណាក់កាល «អន្តរកាល» ដើម្បីរៀបចំអោយមានការបោះឆ្នោតសកលបង្កើត ឆន្ទៈរួម គឺរដ្ឋធម្មនុញ្ញ តាមរយៈសភារដ្ឋធម្មនុញ្ញកម្ពុជាសំណាក់ពីប្រជាពលរដ្ឋកម្ពុជាផ្ទាល់។ កិច្ចព្រមព្រៀងនេះបាន ចាប់ផ្ដើមអនុវត្តការងាររបស់ខ្លួននៅក្នុង «ដំណាក់អន្តរកាល» បន្ទាប់ពីទទួលបានការចុះហត្ថលេខា នៅថ្ងៃទី២៣ តុលា ១៩៩១។
ធរមាន និងសុពលភាព នៃដំណើរការនៃកិច្ចព្រមព្រៀងនេះ គឺត្រូវបញ្ចប់នៅពេលដែលមានសភាធម្មនុញ្ញ និងរដ្ឋធម្មនុញ្ញខ្មែរ ត្រូវបានអនុម័តរួចបន្ទាប់មក រដ្ឋាភិបាលថ្មីមួយ ត្រូវបានបង្កើតឡើង (ចែងនៅមាត្រា ទី១ ភាគទី១ ក្នុងការរៀបចំដំណាក់កាលអន្តរកាល នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស)។
នៅក្នុងឧបសម្ព័ន្ធទី៥ ចំនុចទី១ នៃកិច្ចព្រមព្រៀង នៅទីក្រុងប៉ារីស អំពីបញ្ហាកម្ពុជានេះដែរ ក៏បានចែងថា៖ «រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលរបស់ប្រទេស(កម្ពុជា)»។
នៅក្នុងស្មារតីនៃសេចក្ដីព្រមព្រៀងនេះ ក៏ជាមូលដ្ឋានគ្រឹះ និងត្រីវិស័យ ដែលចង្អុលបង្ហាញនូវស្មារតី និងអនុសាសន៍ក្នុងការចងក្រងរដ្ឋធម្មនុញ្ញរបស់ខ្មែរផងដែរ ដូចជាពាក្យ «សេរីពហុបក្ស» ហើយក៏ពុំបានចែងថា មានគណបក្សប្រឆាំងនោះទេ។ ច្បាប់ដែលអនុម័តជាបន្តបន្ទាប់របស់សភាខ្មែរ ដូចជាច្បាប់សហជីព ច្បាប់សមាគមន៍ និងអង្គការមិនមែនរដ្ឋាភិបាលជាដើម ក៏ដូចជាច្បាប់ដទៃទៀត ក៏បានបង្ហាញនូវភាពឯករាជ្យ អធិបតេយ្យភាពរបស់ជាតិ
មិនបានស្ថិតនៅក្រោមឥទ្ធិពល ឬចំណុះបរទេសណាមួយឡើយ។ ហើយគោលការណ៍អន្តរជាតិ ដែលច្បាប់គ្រឹះកម្ពុជា ក៏បានចងក្រងនៅក្នុង រដ្ឋធម្មនុញ្ញរបស់ខ្លួន ដើម្បីការពារពីការរំលោភឈ្លានពាន របស់បរទេសដែលនៅ ក្នុងន័យជាការប្ដេជ្ញារបស់ខ្លួន ដើម្បីឲ្យបរទេសឆ្លើយតប នឹងជៀសវាងពីការរំលោភ ឬជ្រៀតជ្រែក អធិបតេយ្យភាព ឯករាជ្យ និងភាពមិនអាចរំលោភបាន នៃដែនដី អព្យាក្រឹតភាព និងឯកភាពជាតិកម្ពុជា។
អាស្រ័យហេតុដូចនេះ កម្ពុជាពុំស្ថិតនៅក្នុងឥទ្ធិពលនៃគោលការណ៍ដ៏ទៃណាមួយនោះឡើយ ក្រៅពីស្ថិតនៅក្រោមឥទ្ធិពលរដ្ឋធម្មនុញ្ញកម្ពុជា ច្បាប់ជាធរមានរបស់រដ្ឋ និងជាផលប្រយោជន៍របស់ខ្មែរតែប៉ុណ្ណោះ៕