(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសេចក្តីសម្រេចទទួលស្គាល់ ជាប្រធាន នៃគណៈកម្មការសម្របសម្រួលការងារផ្នែកឯកជន សម្រាប់យន្តការវេទិការរាជរដ្ឋាភិបាល-ផ្នែកឯកជន។

ការចេញសម្រេចផ្លូវការរបស់រាជរដ្ឋាភិបាល ស្តីពីការទទួលស្គាល់អ្នកឧកញា៉ គិត ម៉េង ជាប្រធាន នាពេលនេះ ធ្វើឡើងបន្ទាប់ពីអ្នកឧកញ៉ា គិត ម៉េង នាពេលកន្លងបានរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាបន្តបន្ទាប់ទទួលបានជោគជ័យយ៉ាងត្រចេះត្រចង់ ខណៈពេលចុងក្រោយ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី​ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវិមានសន្តិភាព ទទួលជោគជ័យយ៉ាងខ្លាំងក្លា។

សូមបញ្ជាក់ថា ភារកិច្ចសំខាន់ៗរបស់គណៈកម្មការសម្របសម្រួលការងារផ្នែកឯកជន ត្រូវបានចែងនៅក្នុងប្រការ៤ ដែលមានខ្លឹមសារដូចខាងក្រោម៖

* បំពេញតួនាទីជាតំណាងឱ្យក្រុមការងារតាមវិស័យនៃផ្នែកឯកជន ដើម្បីសម្របសម្រួលជាមួយ គណៈកម្មាធិការសម្របសម្រួលការងារ សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.រ.ជ.) និងជាច្រកចេញ-ចូលតែមួយ របស់ផ្នែកឯកជន ក្នុងការសម្របសម្រួល ពិនិត្យ និងបូកសរុបនូវ បញ្ហាប្រឈមនិងសំណូមពរនានារបស់វិស័យឯកជន ជូនក្រុមការងារតាមវិស័យផ្នែករាជរដ្ឋាភិបាល
ពិនិត្យនិងដោះស្រាយ ក្រោមយន្តការនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។

* ដឹកនាំការសម្របសម្រួល ពិនិត្យ តាមដាន និងវាយតម្លៃសកម្មភាពនៃក្រុមការងារតាមវិស័យនីមួយៗ នៃផ្នែកឯកជន និងជំរុញការដោះស្រាយបញ្ហាប្រឈមនានា ឬសំណូមពររបស់វិស័យឯកជន ជាមួយ ក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល ក្រោមយន្តការនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងយន្តការ ពាក់ព័ន្ធដទៃទៀត ក្នុងគោលដៅលើកកម្ពស់បរិយាកាសធុរកិច្ចនិងធុរកិច្ច

* ចូលរួមសហការជាមួយ គ.ស.រ.ជ. ក្នុងកិច្ចការសម្របសម្រួលនិងរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

* ទទួលបន្ទុកសម្របសម្រួលជាមួយ គ.ស.រ.ជ. ក្នុងការស្នើសុំរាជរដ្ឋាភិបាលរៀបចំបង្កើតបន្ថែម ឬរំលាយក្រុមការងារ និងស្នើសុំតែងតាំង ឬផ្លាស់ប្តូរសហប្រធាន អនុប្រធាន សមាជិកក្រុមការងារ តាមវិស័យនៃក្រុមការងារផ្នែកឯកជន តាមការចាំបាច់

* សម្របសម្រួលជូនដំណឹងដល់វិស័យឯកជនឱ្យបានជ្រាបអំពីលទ្ធផលនិងវិធានការនានា ដែលរាជរដ្ឋាភិបាលបានសម្រេចនៅក្នុង វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក៏ដូចជាលទ្ធផលនិងវិធានការ នានា ដែលក្រុមការងារតាមវិស័យផ្នែករាជរដ្ឋាភិបាល និងផ្នែកឯកជនបានសម្រេចរួមគ្នា តាមដាននិងជំរុញការអនុវត្តភារកិច្ចនៃក្រុមការងារ តាមវិស័យនីមួយៗរបស់ផ្នែកឯកជន ព្រមទាំង តាមដានវឌ្ឍនភាពក្នុងការដោះស្រាយបញ្ហាពីស្ថាប័នមានសមត្ថកិច្ច

* រៀបចំតាក់តែងនីតិវិធីប្រតិបត្តិស្តង់ដា សម្រាប់ក្រុមការងារតាមវិស័យនៃផ្នែកឯកជន ដើម្បីធានា ប្រសិទ្ធភាពការងារ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល អនុវត្តភារកិច្ចផ្សេងទៀតតាមការស្នើសុំសម្របសម្រួលពីក្រុមការងារទាំងអស់នៃផ្នែកឯកជន។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ត្រូវបានមហាជនទទួលស្គាល់ជាអ្នកជំនួញដ៏ល្បាញល្បី និងមានថាមពលមួយរូបនៅក្នុងប្រទេស និងក្រៅប្រទេស ដែលមានជំនួញរាប់សិបកន្លែងពាសពេញទឹកដីប្រទេសកម្ពុជា ហើយលើសពីនោះទៅទៀត អ្នកឧកញ៉ាបានចូលរួមយ៉ាងសស្រាកសស្រាំង ទាំងវេទិកាជាតិ និងអន្តរជាតិ គោលបំណងអូសទាញអ្នកវិនិយោគទុនមករកស៉ីនៅកម្ពុជា ហើយការសម្រេចផ្តល់តួនាទី ជាប្រធាន នៃគណៈកម្មការសម្របសម្រួលការងារផ្នែកឯកជន សម្រាប់យន្តការវេទិការរាជរដ្ឋាភិបាល-ផ្នែកឯកជន នាពេលនេះ គឺពិតជាប្រពៃស័ក្តិសមណាស់។

សូមជំរាបថា វេទិការាជរដ្ឋាភិបាលជាមួយផ្នែកឯកជននេះ មានអាយុកាលជាង២៥ឆ្នាំមកហើយ ក្រោមគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតវែងឆ្ងាយរបស់ សម្ដេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបង្កើតឡើងកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៩៩៕