(ភ្នំពេញ)៖ គិតបំណាច់ដើមឆ្នាំ២០២៤កន្លងទៅនេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ) សម្រេចបាន ៤,៣៤% ហើយ បន្ទាប់ពីពិធីបើកការដ្ឋានសាងសង់រួមគ្នាជាមួយគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងលោក វ៉ាង វិនធៀន អតីតឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥នេះ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ទៀតថា គម្រោងស្ពានដីឥដ្ឋ-ថ្មគរ មានទីតាំងត្រើយខាងលិចស្ថិត ក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងត្រើយខាងកើតស្ថិតក្នុងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល គឺជាគម្រោងដ៏សំខាន់សម្រាប់ការតភ្ជាប់ សេដ្ឋកិច្ច ការដឹកជញ្ជូន ពីភាគខាងត្បូង និងខាងកើត រាជធានីភ្នំពេញ ដោយភា្ជប់មហាវិថី ស៊ី ជីនពីង (ក្រវាត់ក្រុងទី៣) ត្រង់ចំណុចផ្លូវជាតិលេខ១ និងត្រើយខាងកើតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។

បច្ចុប្បន្នក្រុមហ៊ុនសាងសង់កំពុងមមាញឹកក្នុងការរៀបចំសាងសង់ស្ពានដែកបណ្តោះអាសន្ន ដើម្បីបំពាក់សម្ភារគ្រឿងចក្រខួងសរសរគ្រឹះនាពេលខាងមុខដ៏ខ្លី។

សូមជម្រាបជូនថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ)ជាប្រភេទស្ពានបេតុង ប្រវែងស្ពាន និងផ្លូវក្បាលស្ពានសរុប ៣,៧០០ម៉ែត្រ ដែលក្នុងនោះតួស្ពានមានប្រវែងសរុប ១,៦០០ម៉ែត្រ និងទទឹង ២៦ម៉ែត្រ(៤គន្លងផ្លូវ)។ ផ្លូវតភ្ជាប់ក្បាលស្ពាន ប្រវែង ២,១០០ ម៉ែត្រ ទទឹងផ្លូវ ២៦ម៉ែត្រ ក្រាលបេតុងកៅស៊ូ(AC) និងសាងសង់ផ្លូវបង្វែរទិសចរាចរណ៍ ចំនួន៤ខ្សែ។ រយៈពេលសាងសង់ ចំនួន៤៨ ខែ គ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៨៕