(បន្ទាយមានជ័យ)៖ នៅល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦នេះ សម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ លោក អ៊ុយ សំអាត នាយក នៃនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ រួមជាមួយមន្ត្រី សាខាកាកបាទក្រកម្ពុជា ខេត្តបន្ទាយមានជ័យ បានចូលរួមរំលែកទុក្ខ ព្រមទាំងនាំយកថវិកា និងគ្រឿងឧបភោគ បរិភោគ មួយចំនួន ទៅចូលបុណ្យសព កម្មករ៣នាក់ ដែលទទួលមរណភាព កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ ដោយសារបាក់ថ្មភ្នំសង្កត់ នៅភូមិភ្នំដំបងត្បូង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសដ៏ក្រៀមក្រំ សោកសង្រែងនេះ លោក អ៊ុយ សំអាត តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសម្ដែងនូវទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារសព ដែលបានបាត់បង់ ស្វាមី ឪពុក និងកូនជាទីស្រលាញ់ទាំងវ័យក្មេង ហើយលោក បានបួងសួង និងឧទ្ទិសកុសលផលបុណ្យ ដល់សពសូមឲ្យបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
ជាការឆ្លើយតប ក្រុមគ្រួសារនៃសព បានសម្ដែងនូវការដឹងគុណ យ៉ាងជ្រាលជ្រៅចំពោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានទឹកចិត្ត ជ្រះថ្លា សណ្តោសប្រណីដែលបានចាត់ សហការី នាំយកនូវ ថវិកា និងគ្រឿងឧបភោគ បរិភោគ មកចូលបុណ្យជាមួយក្រុមគ្រួសារសព និងសូមជូនពរឲ្យ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្ដេចតេជោ ព្រមទាំងក្រុមគ្រួសារ សូមបានជួបប្រទះតែសេចក្តីសុខ និងពុទ្ធពរ ទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា អំណោយដែលបានយកទៅប្រគល់ជូន នោះរួមមានគ្រួសារ ឈ្មោះ ហែម គឹមលេង ហៅឡំ និងឈ្មោះ លេង គឹមឡុង ទទួលបានអង្ករ ១០០គីឡូក្រាម ទឹកក្រូច៥កេស ត្រីខ៥ដុំធំ មី៥កេស និងថវិកា៣លានរៀល រីឯគ្រួសារសព ឈ្មោះ ថន រដ្ឋា ហៅសាន់ ទទួលបានអង្ករ១០០គីឡូក្រាម ទឹកក្រូច៥កេស ត្រីខ៥ដុំធំ មី ចំនួន៥កេស និងថវិកា២លានរៀល។
សូមរំលឹកថា ជនរងគ្រោះ ៣នាក់ ដែលស្លាប់រួមមាន៖ ១-ឈ្មោះ ហែម គឹមលេង ហៅឡំ ភេទប្រុស អាយុ៥២ឆ្នាំ (អ្នកបើកអ៊ែស្កាទ័រ) ត្រូវជាឪពុក ២-ឈ្មោះ លេង គឹមឡុង ភេទប្រុស អាយុ២៥ឆ្នាំ (អ្នកបើកអ៊ែស្កាទ័រ) ត្រូវជាកូន រស់នៅភូមិភ្នំធំត្បូង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី និងទី៣-ឈ្មោះ ថន រដ្ឋា ហៅសាន់ ភេទប្រុស អាយុ៣៥ឆ្នាំ (អ្នកបច្ចេទេសឃួងថ្ម) មានស្រុកកំណើតនៅខេត្តបាត់ដំបង៕