(ក្រចេះ)៖ ឧបករណ៍នេសាទខុសច្បាប់ជាច្រើនប្រភេទ ត្រូវបានកម្លាំងជំនាញ នៃខណ្ឌរដ្ឋបាលជលផលក្រចេះ ចុះបង្ក្រាបដូចភ្លៀងរលឹម ហើយការបង្រ្គាបនេះ ធ្វើឡើងរយះពេលពីថ្ងៃជាប់គ្នាតែម្តង នៅស្រុកព្រែកប្រសព្វ ខេត្តក្រចេះដោយដកហូតឧបករណ៍នេសាទបានមួយចំនួនធំ។ ការចុះបង្ក្រាបខាងលើនេះ ធ្វើឡើងក្រោមការដឹកនាំពី លោកនាយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ និងលោក សៀន គិន នាយខណ្ឌជលផលក្រចេះ សហការជាមួយ គណៈបញ្ជាកាការឯកភាពស្រុកព្រែកប្រសព្វ ដឹកនាំដោយលោកអភិបាលរងស្រុក កែម ហៀង ព្រមទាំងសហគមន៍នេសាទ បានចុះប្រតិបត្តិការចាប់បង្ក្រាប នៅថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០១៦ នៅចំណុចព្រែករកា ព្រែក ទួលសាលា បឹងដែង ក្នុងឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។
លោក ម៉ុក ពន្លក នាយរងខណ្ឌរដ្ឋបាលជលផលក្រចេះ ដែលបានដឹកនាំកម្លាំងមន្ត្រីជំនាញចុះសហការបង្ត្រាបបទល្មើសនេសាទនាពេលនោះ បានឲ្យដឹងថា ក្នុងប្រតិបត្តិការ នេះកម្លាំងសមត្ថកិច្ចចម្រុះ បានដកហូត និងបំផ្លាញចោលវត្ថុតាងនៃបទល្មើស មួយចំនួនរួមមាន៖ ទី១-រឹបអូសដៃចាប់ត្រីដាក់តាមដងព្រែករកាចំនួន០៣វង់ ទី២-របាំងស្បៃមុងចំនួន១០ខ្សែ ប្រវែងជិត១ពាន់ម៉ែត្រ និងលូស្បៃមុងចំនួន១០មាត់លូ ទី៣-របាំងសាច់អួនក្រលាញឹកតូចជាង១,៥សង់ទីម៉ែត្រចំនួន១១ខ្សែ ប្រវែងជិត៨០០ម៉ែត្រ ទី៤-លបធ្វើពីសាច់អួនក្រឡាញឹកតូចជាង១,៥សង់ទីម៉ែត្រ មានចំនួន១៤គ្រឿង ទី៥-កាប់បំផ្លាញចោលបង្គោលចម្រឹងឬស្សីចំនួនជាង៣០០ដើម និងបានចាក់លែងត្រីចម្រុះចូលក្នុងបឹងធម្មជាតិជាង១០០គក្រផងដែរ។
នាយរងខណ្ឌបានបន្តថា ការចុះបង្ក្រាបបទល្មើសនេសាទ នៅពេលនេះ មានសារប្រយោជន៍២យ៉ាង ដែលជាគោលបំណងចង់បានរបស់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះ រួមមានទី១៖ លុបបំបាត់ចោលនូវឧបករណ៍នេសាទល្មើសច្បាប់ដូចជា៖ ស្បៃមុង និងសាច់អួនក្រឡាញឹក (វាបានបំផ្លិចបំផ្លាញធនធានជលផលយ៉ាងធ្ងន់ធ្ងរ) និងអាចធ្វើឲ្យត្រីហ្វូងធំតូចចរាចរចេញទៅទន្លេបានស្រួលផង។ ទី២៖ ឆ្លើយតបបានទាន់ពេលវេលានូវតម្រូវការរបស់ប្រជាពលរដ្ឋក្នុងការបង្កបង្កើនផល ជាពិសេសការធ្វើស្រែប្រាំង និងដាំបន្លែបង្ការផ្សេងៗ ព្រោះតែទឹករនាមអាចហូរទៅទន្លេបានលឿន មិនបណ្តាលឲ្យចាល់ឡើយ។ លោក សៀន គិន នាយខណ្ឌរដ្ឋបាលជលផលក្រចេះ បានជំរុញឲ្យមន្ត្រីជំនាញក្រោមឱវាទទាំងអស់ត្រូវតែបង្កើនកិច្ចសហការល្អជាមួយ អាជ្ញាធរដែនដីគ្រប់ថ្នាក់ ជាពិសេសគណៈបញ្ជាការឯកភាពស្រុក សហគមន៍មូលដ្ឋាន និងប្រជាពលរដ្ឋ ដើម្បីចូលរួមថែរក្សា ការពារ អភិរក្សធនធានជលផល ឲ្យនៅស្ថិតស្ថេរគង់វង្សសម្រាប់ពេលបច្ចុប្បន្ន និងថ្ងៃអនាគត ជាពិសេស បំពេញតម្រូវការជាម្ហូបអាហារប្រចាំថ្ងៃសម្រាប់ប្រជាជនកម្ពុជាយើងតាមរយៈការនេសាទដោយប្រើប្រាស់ឧបករណ៍នេសាទគ្រួសារ ។
គូសបញ្ជាក់ថា នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០១៦ គិតចាប់ពីដើមខែមករា រហូតដល់ថ្ងៃទី១៨ ខែតុលានេះ សមត្ថកិច្ចជំនាញជលផល សហកាជាមួយអាជ្ញាធរមូលដ្ឋាន អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ និងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ចុះបង្ក្រាបបទល្មើសនេសាទបានចំនួនសរុប៣៥ករណី ក្នុងនោះកាប់ដុតបំផ្លាញ់ចោលរបាំងស្បៃមុង និងសាច់កាវ ប្រវែង ១១៦៥០ម៉ែត្រ លូស្បៃមុង ចំនួន ១៤៥មាត់លូ បង្គោលចម្រឹង ២១៣៤ដើម និងចាក់លែងកូនត្រីចូលបឹងធម្មជាតិចំនួន ៣៨០គីឡូក្រាម, ដុតបំផ្លាញចោលក្បាលឆក់ ២គ្រឿង មង១៧៦ត្បូង ប្រវែង៣២៩ម៉ែត្រ សម្រាស់ចំនួន៩គំនរ ស្មើនឹង៩៨ម៉ែត្រ លប ចំនួន៥គ្រឿង របាំងព្រួលចំនួន ៨ផ្ទាំង ប្រវែង៥០ម៉ែត្រ មងព្រយុង ២១គ្រឿង ប្រវែង ៦៦០ម៉ែត្រ, រក្សាទុកឧបករណ៍ក្បាលឆក់ចំនួន៣គ្រឿង អាគុយ ២គ្រឿង ដងឆក់ ២គ្រឿង ទូកម៉ាស៊ីន ១គ្រឿង ឈ្នក់ចំនួន ១៦គ្រឿង និងមងព្រយុង ៦គ្រឿង ស្មើនឹង ៣៦០ម៉ែត្រ ៕